ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃកម្ពុជា លើកទឹកចិត្តឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានរួមគ្នាផ្សព្វផ្សាយពីភាពវិជ្ជមានរបស់កម្ពុជា ព្រោះតែការផ្សព្វផ្សាយនេះហើយទើបធ្វើឱ្យភ្ញៀវទេសចរមកកម្ពុជាកើនឡើង។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅមជ្ឈមណ្ឌលកោះពេជ្រ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានប្រទេសណាល្អឥតខ្ចោះនោះទេ ប៉ុន្ដែការផ្សព្វផ្សាយវិជ្ជមាន គឺដើម្បីផលប្រយោជន៍ប្រទេសកម្ពុជាទាំងអស់គ្នា ដែលធ្វើឱ្យវិស័យទេចរណ៍មានការកើនឡើង។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណចំពោះការផ្សព្វផ្សាយទីកន្លែងកម្សាន្តល្អៗដើម្បីផ្សព្វផ្សាយទៅដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលនេះបានបង្ហាញពីផ្នត់គំនិតវិជ្ជមានដើម្បីផលប្រយោជន៍ជាតិរបស់យើង។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ផ្ដាំទៅនិស្សិតថា ប្អូនអាចធ្វើការងារធំជោគជ័យទៅបាន ទាល់តែប្អូនអាចធ្វើការងារជោគជ័យពីតូចៗទៅជាមុនសិន ខណៈដែលរាជរដ្ឋាភិបាលក៏បានអនុវត្តបែបនេះដែរ គឺអនុវត្តឱ្យបានល្អតាំងតែពីការងារតូច ល្អិត ទៅតែម្ដង។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ផ្ដាំទៅនិស្សិតឱ្យយកចំណេះរបស់ខ្លួនដែលបានខិតខំរៀនសូត្រ យកទៅអនុវត្តឱ្យស្របទៅនឹងការអភិវឌ្ឍរបស់ប្រទេសជាតិ កុំយកចំណេះទៅអនុវត្តខុស។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ផ្ដាំទៅនិស្សិតឱ្យប្រើប្រាស់ចំណេះដឹងឱ្យសាកសមជាបញ្ញវន្ត កុំពឹងលើការសម្រេចចិត្តរបស់អ្នកដទៃ និស្សិតដែលខិតខំសិក្សារៀនសូត្រត្រូវយកចំណេះដឹងមកសម្រេចចិត្តដោយឯករាជ្យ ម្ចាស់ការលើខ្លួនឯង ក្រោយទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ៕
ដោយ ៖ សិលា