ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ប្រាប់ក្រុមប្រឆាំងកុំយកបូរណភាពទឹកដីទៅបង្កបញ្ហាធំនាំឱ្យប៉ះពាល់ដល់ឧត្តមប្រយោជន៍ជាតិកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ អ្នកនយោបាយដែលគិតពីផលប្រយោជន៍ជាតិ ត្រូវគិតពីអ្វីដែលបានធ្វើកុំឱ្យប៉ះពាល់ដល់ផលប្រយោជន៍ជាតិ ពីព្រោះការស្រលាញ់ជាតិ ដូចតែគ្នាទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងប្រាប់ក្រុមប្រឆាំងជ្រុលនិយម កុំយកបញ្ហាបូរណភាពទឹកដីប្រែក្លាយទៅជារឿងផ្សេង ដោយបន្ថែមទៅជារសជាតិ ដាក់ម្ទេស ដាក់ម្រេច ដាក់អំបិល ដើម្បីក្លាយទៅជារឿងថ្មី ធ្វើឱ្យមានការយល់ច្រឡំ ប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេស និងប្រទេស ដោយគ្មានហេតុផល។ សម្តេចថា ការដោះស្រាយបញ្ហាតំបន់ព្រំដែនកម្ពុជា-ថៃ គឺយន្តការប្រទេសទាំងពីរឯកភាពគ្នា និងបន្តចរចាតំបន់ព្រំដែនទឹក ដោយឡែកព្រំដែនគោកកម្ពុជា និងថៃ បានបោះបង្គោល ៤២ ដើម្បីកំណត់ឯកភាពគ្នា។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បញ្ជាក់ថា ព្រំដែនឯកភាពគ្នាហើយ បានបើកច្រកសេដ្ឋកិច្ចនៃប្រទេសទាំងពីរ ចំណែកព្រំដែនសមុទ្រ គឺបន្តចរចាគ្នាទៀត ពីព្រោះផលសេដ្ឋកិច្ចអាចជជែកគ្នាបានដោយមិនប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងដូចនេះនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងរ៉ែ និងថាមពល នៅក្នុងរាជធានីភ្នំពេញ។ 

-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានស្នើដល់ប្រទេសជាមិត្ត ជាពិសេសប្រទេសដែលគាំទ្រប្រជាធិបតេយ្យស្របដោយច្បាប់ ជួយប្រាប់ទៅបុគ្គលមួយចំនួនតូច ដែលតែងនិយាយបំផ្លើសការពិត ចង់បង្កចលាចលនៅកម្ពុជា សូមកុំឱ្យធ្វើអ្វីដែលខុសច្បាប់ ដែលបង្កផលប៉ះពាល់ដល់ ស្ថិរភាព សុខសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បញ្ជាក់ទៅកាន់អ្នកនយោបាយមួយចំនួនកុំយករឿងនយោបាយទៅភ្ជាប់ជាមួយរឿងបច្ចេកទេស ប៉ុន្ដែត្រូវធ្វើនយោបាយដោយគិតគូទៅលើផលប្រយោជន៍ជាតិជាធំ កុំយករឿងព្រំដែនទៅធ្វើល្បែងនយោបាយរបស់ខ្លួន ៕

ដោយ ៖ សិលា


ចែករំលែក៖