ក្រុមហ៊ុនរថយន្តម៉ាក Honda វៀតណាមបានប្រកាសថា ខ្លួននឹងប្រមូលមកវិញនូវរថយន្តម៉ូដែល CR-V e:HEV RS Hybrid SUVs (CR-V Hybrid) ចំនួន 2,695 គ្រឿង ចាប់ពីថ្ងៃទី 25 ខែវិច្ឆិកា ដើម្បីពិនិត្យ និងជំនួស បូមសាំងដែលមានបញ្ហាដោយសារសម្ពាធខ្ពស់ (defective high-pressure fuel pumps)។
យានជំនិះដែលអាចមានបញ្ហានេះត្រូវបានផលិតនៅក្នុងប្រទេសថៃនៅចន្លោះថ្ងៃទី 24 ខែសីហា ឆ្នាំ 2023 និងថ្ងៃទី 11 ខែកញ្ញា ឆ្នាំ 2024។ ក្រុមហ៊ុន Honda វៀតណាមបាននាំចូល និងចែកចាយរថយន្តទាំងនោះនៅក្នុងប្រទេសវៀតណាម។
ក្រុមហ៊ុន Honda វៀតណាមបានជំរុញឱ្យម្ចាស់រថយន្តនាំយករថយន្តរបស់ពួកគេទៅឱ្យទីតាំងចែកចាយរថយន្តរបស់ក្រុមហ៊ុន ដើម្បីធ្វើការត្រួតពិនិត្យនិងជួសជុល។ ដំណើរការជំនួសត្រូវបានរំពឹងថានឹងចំណាយពេលប្រហែល 30 នាទីក្នុងរថយន្តមួយគ្រឿង។
ទោះបីជាមិនទាន់មានករណីកត់ត្រាអំពីបញ្ហាសុវត្ថិភាពដោយសារបញ្ហាម៉ាស៊ីនបូមប្រេងសម្ពាធខ្ពស់កើតឡើងនៅក្នុងទីផ្សារប្រទេសវៀតណាមក៏ដោយ ក្រុមហ៊ុន Honda វៀតណាមបានផ្តល់អនុសាសន៍ថា ដើម្បីផលប្រយោជន៍ និងសុវត្ថិភាពរបស់អតិថិជន និងអ្នកដំណើរ អតិថិជនគួរតែប្រញាប់នាំយករថយន្តរបស់ពួកគេទៅកាន់ក្រុមហ៊ុនចែកចាយរថយន្ត Honda ដើម្បីត្រួតពិនិត្យ។ . ការចំណាយលើការត្រួតពិនិត្យ ឬផ្លាស់ប្តូរគ្រឿងបន្លាស់ដែលរងផលប៉ះពាល់នឹងត្រូវបង់ដោយក្រុមហ៊ុនហុងដាវៀតណាម។
រថយន្តម៉ាកHonda CR-V e:HEV RS គឺជាប្រភេទ SUV កូនកាត់ដ៏ពេញនិយមនៅក្នុងប្រទេសវៀតណាម។ វាត្រូវបានដាក់លក់ជាលើកដំបូងនៅក្នុងប្រទេសវៀតណាមនៅថ្ងៃទី 25 ខែតុលា ឆ្នាំ 2023 ហើយត្រូវបានលក់ក្នុងតម្លៃ 1.26 ពាន់លានដុង (49,557 ដុល្លារអាមេរិក)។ ក្នុងរយៈពេលដប់ខែដំបូងនៃឆ្នាំ 2024 ក្រុមហ៊ុន Honda វៀតណាមបានលក់រថយន្ត CR-V Hybrid ចំនួន 1,359 គ្រឿង៕
ដោយ៖ ភារៈ