ខេត្តស្វាយរៀង៖ លោកស៊ូ ម៉ុល អភិបាល ស្រុករមាសហែក នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋដើម្បីវេទិកាសាធារណៈ និងបានបើកការដ្ឋាន ជួសជុលផ្លូវដីក្រាលគ្រួសក្រហមប្រវែង២.០៨០ម៉ែត្រ ឆ្នាំ២០២៤ ស្ថិតក្នុងភូមិត្រពាំងស្គន់ថ្មី ឃុំត្រពាំងស្ដៅស្រុករមាសហែក។
ក្នុងឱកាសនោះក៏មានការចូលរួមពីសំណាក់ លោក សំ សំអុល អធិការនគរបាលស្រុក លោក ប៉ែន ខុន មេបញ្ជាការកមូលដ្ឋានកងរាជអាវុធហត្ថស្រុក លោកមេឃុំ ស្មៀនឃុំ លោកមេប៉ុស្តិ៍អ្នកម៉ៅការផ្លូវ មន្ត្រីឃុំដែលពាក់ព័ន្ធជាច្រើននាក់ផងដែរ។
លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក បានថ្លែងផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោក សៅ សុខា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុករមាសហែក ក៏ដូចជាលោកប៉េងពោធ៏សា អភិបាលខេត្តស្វាយរៀង ជូនដល់លោកតាលោកយាយបងប្អូន ប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីបើកការដ្ឋាននេះផងដែរ។
លោកបានគូសបញ្ជាក់ថា «ថ្ងៃនេះយើងមានឱកាសកសាង អភិវឌ្ឍន៍ភូមិឃុំរបស់យើងឲ្យរីកចំរើនទៅបាន គឺដោយគុណបំណាច់នៃកត្តាសុខ សន្តិភាព ស្ថេរភាពសង្គម ដែលថ្នាក់ដឹកនាំយើងរកបានដោយលំបាក ដូច្នេះត្រូវរួមគ្នាថែរក្សានូវសុខ សន្តិភាពនេះឲ្យបានគង់វង្ស ស្ថិតស្ថេរ បន្តដល់កូនចៅជំនាន់ក្រោយៗទៀត»។
លោកបានបន្តថា នេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀត ដែលជាការខិតខំប្រឹងប្រែងរបស់អាជ្ញាធរស្រុកក៏ដូចជាអាជ្ញាធរភូមិឃុំ សម្រាប់ប្រជាពលរដ្ឋធ្វើចរាចរណ៍ទៅមកដើម្បីកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលផងដែរ ដូច្នេះ ផ្លូវថ្នល់គឺជាសរសៃឈាមសេដ្ឋកិច្ចជាតិយ៉ាងសំខាន់ បើយើងមានផ្លូវ គឺយើងបានធ្វើឱ្យសេដ្ឋកិច្ច ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង ហើយសមិទ្ធផលទាំងនេះ គឺផ្តើមចេញពីការយកចិត្តទុកដាក់ពី សម្ដេច មហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែជំរុញដល់ថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ដឹកនាំនៅមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ និងគិតគូរពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងខិតខំកសាងសមិទ្ធផលនានាជូនដល់ប្រជាពលរដ្ឋ។
លោក ស៊ូ ម៉ុល ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់លើបញ្ហាជីវភាពរស់នៅសុខមាភាព និងការបំរើសេវារដ្ឋបាលសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អ មានការទទួលខុសត្រូវខ្ពស់ផងដែរ។
ជាមួយគ្នានេះ លោកបានធ្វើការសំណូមពរប្រជាពលរដ្ឋពេលដែលបានផ្លូវនេះហើយ សូមចូលរួមគ្នាថែរក្សាឲ្យបានគង់វង្ស ទាំងអស់គ្នា ព្រោះវាជាផលប្រយោជន៍រួមមិនមែនជារបស់បុគ្គលណាម្នាក់នោះទេ ៕
ដោយ៖ សុថាន