ព័ត៌មានទាន់ហេតុការណ៍៖

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា៖​ មានការឆបោកបន្លំ Phishing នៅក្នុង Telegram ពាក់ព័ន្ធនឹងអ្នកវាយប្រហារក្លែងបន្លំជាគណនីពិតរបស់ Telegram ផ្លូវការ

ចែករំលែក៖

ភ្នំពេញ​៖​ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា​ នៃក្រសួងមហាផ្ទៃ​ នៅព្រឹក​ថ្ងៃ​សុក្រ​ទី​២២​ ខែវិច្ឆិកា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ នាពេលថ្មីៗ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​សង្កេតឃើញថា មានការឆបោកបន្លំ Phishing នៅក្នុង Telegram ពាក់ព័ន្ធនឹងអ្នកវាយប្រហារក្លែងបន្លំជាគណនីពិតរបស់ Telegram ផ្លូវការ ដោយប្រើផ្លាកសញ្ញាដែលបានផ្ទៀងផ្ទាត់ (Verified Badge) ដើម្បីធ្វើឱ្យគណនីរបស់ពួកគេមើលទៅគួរឱ្យទុកចិត្ត រួចផ្ញើខ្លឹមសារបំភិតបំភ័យ ជាមួយតំណភ្ចាប់ក្លែងក្លាយ ដើម្បីទាញយកព័ត៌មានសម្ងាត់របស់ដើម្បីលួចគណនីយកទៅប្រព្រឹត្តិបទល្មើស។

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ បានបញ្ជាក់បន្ថែមថា​ អ្នកត្រូវយល់ដឹងថា សញ្ញានេះ មិនមែនជាសញ្ញានៃគណនីពិតប្រាកដនោះទេ អ្នកណាក៏អាចទិញសេវាកម្មបង់ប្រាក់នេះបានដែរ ដើម្បីប្រើប្រាស់អត្ថប្រយោជន៍បន្ថែមនៅក្នុង TELEGRAM PREMIUM។ វាមានន័យថាជនឆបោកក៏អាចទិញផ្លាកសញ្ញាបានយ៉ាងងាយស្រួល ដើម្បីបញ្ឆោតអ្នកប្រើប្រាស់ឱ្យគិតថាគណនីនេះជាផ្លូវការ និងមានសុវត្ថិភាព ដែលធ្វើឱ្យវាជាការចាំបាច់ក្នុងការផ្ទៀងផ្ទាត់ប្រភពនៃសារជានិច្ច និងប្រុងប្រយ័ត្នចំពោះតំណភ្ជាប់ដែលអ្នកមិនមានការស្នើសុំ ឬរំពឹងទុក។

ដូច្នេះ​សូមស្វែងយល់បន្ថែមតាមរយៈរូបភាពខាងក្រោមដេីម្បី​ចែករំលែកបន្ត ដើម្បីការពារមិត្តភ័ក្តិ និងក្រុមគ្រួសារ! រក្សាការជូនដំណឹង និងរក្សាសុវត្ថិភាព៕

ដោយ​៖ តារា​


ចែករំលែក៖