ព័ត៌មានទាន់ហេតុការណ៍៖

តំណាងអយ្យការសម្រេចចោទប្រកាន់លើក្រុមក្មេងទំនើង ពីបទ ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស

ចែករំលែក៖

ភ្នំពេញ៖អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាររសៀលថ្ងៃទី២២  ខែវិច្ឆិកា ឆ្នាំ២០២៤ បានបញ្ជាក់ថា តំណាងអយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យ ខាងលើ និងបក្ខពួក ពីបទ ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចខាងមុខស្ថានីយ៍ប្រេង កាល់តិច ផ្លូវលេខ១០៥K ស្ថិតនៅភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ៤១០ និងមាត្រា ៤១១ នៃក្រមព្រហ្មទណ្ឌ ។

សូមរំលឹកថា កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនសំណុំរឿងពាក់ព័ន្ធករណីក្រុមក្មេងទំនើងមានគ្នាចំនួនប្រហែល១០ នាក់បានប្រើប្រាស់ដុំថ្ម មួកសុវត្ថិភាព ដំបងឈើជ្រុង ធ្វើសកម្មភាពដេញតាមគប់ និងវាយទៅលើជនរងគ្រោះចំនួន ០៥ នាក់ នៅចំណុចខាងមុខស្ថានីយ៍ប្រេងកាល់តិច ផ្លូវលេខ១០៥K ស្ថិតនៅភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ០៣និង ០៥ នាទីអាធ្រាត បណ្តាល ឱ្យជនរងគ្រោះម្នាក់ដួលម៉ូតូ និងបានរត់ចោលម៉ូតូ ទើបត្រូវបានក្រុមក្មេងទំនើងខាងលើ នាំគ្នាយកដុំថ្ម មួកសុវត្ថិភាព និងដំបងឈើជ្រុង គប់ និងវាយទៅលើម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម C125 ផលិតឆ្នាំ ២០២៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1JY-3627 របស់ជនរងគ្រោះ បណ្តាលឱ្យខូចខាតបែកក្បាំងម៉ូតូចំហៀងខាងស្តាំ បែកកុងទ័រម៉ូតូ បែកផ្អាកម៉ូតូ ខាងមុខ ខូចខាតស្ទើរទាំងស្រុង រួចហើយក្រុមក្មេងទំនើងខាងលើក៏នាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់។ រហូតមកដល់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ សមត្ថកិច្ចក៏បានស្រាវជ្រាវនិងឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ជៀម រឺ ភេទប្រុស អាយុ១៨ឆ្នាំ។ ចំណែកឯបក្ខពួកដែលពាក់ព័ន្ធនឹងករណីខាងលើនេះ សមត្ថកិច្ចបាននឹងកំពុងស្រាវជ្រាវបន្ត៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖