ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤នៅទីស្តីការ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជេីញជួបពិភាក្សាការងារជាមួយ ប្រតិភូសមាគមកូរ៉េ ដឹកនាំដោយលោក គីម ហួងគន់ (Kim Houng Kun) បេសកជនពិសេសនៃសមាគមអតីតយុទ្ធជនកូរ៉េ។
ក្នុងឱកាសនៃជំនួប លោក គីម ហួងគន់ (Kim Houng Kun) បានថ្លែងអំណរគុណចំពោះការទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត និងបានសម្ដែងនូវការកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំងក្លារបស់ប្រេទេសកម្ពុជា។ បេសកជាពិសេសនៃសមាគមអតីតយុទ្ធជនកូកូរ៉េ បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកូរ៉េ និងកម្ពុជា។
លោក គីម ហួងគន់ (Kim Houng Kun) បេសកជាពិសេសនៃសមាគមអតីតយុទ្ធជនកូកូរ៉េ បានប្ដេជ្ញាចិត្ត ក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសមាគមអតីតយុទ្ធជននៃប្រទេសទាំងពីរ ឱ្យបាបានល្អប្រសើរ។
ជាការឆ្លើយតប កិត្តិសង្គហបណ្ឌិត សម្ដែងនូវសេចក្ដី សោមនស្សរីករាយចំពោះដំណើរទស្សនកិច្ចរបស់លោក គីម ហួងគន់ (Kim Houng Kun) និងប្រតិភូ នាពេលនេះ។ កិត្តិសង្គហបណ្ឌិត បានស្វាគមន៍ការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការឱ្យឈានដល់កម្រិតថ្មីមួយ សម្រាប់ជាគុណប្រយោជន៍ដល់អតីតយុទ្ធជនទាំងពីរប្រទេស កម្ពុជា កូរ៉េ និយាយដោយឡែក និងក្របខ័ណ្ឌសហព័ន្ធអតីតយុទ្ធជនអាស៊ាននិយាយជារួម ក្នុងការជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក ។
តាមរយៈនៃជំនួបនេះ កិត្តិសង្គហបណ្ឌិត ក៏បានស្នើសុំឱ្យខាងសមាគមអតីតយុទ្ធជនកូរ៉េ សិក្សាវិនិយោគក្នុងប្រទេសកម្ពុជា ដើម្បីរួមគ្នាអភិវឌ្ឍន៍ឈានទៅដល់ការលើកកំពស់ជីវភាពអតីតយុទ្ធជនកម្ពុជាឱ្យកាន់តែមានភាពល្អប្រសើរ។
ទន្ទឹមជាមួយគ្នានេះដែរ,កិត្តិសង្គហបណ្ឌិត គន់ គីម ក៏បានលើកឡើងបន្ថែមថា អតីតយុទ្ធជនកម្ពុជា ក្រោមការយកចិត្តទុកដាក់ពីសំណាក់ សម្តេចតេជោ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចបវធិបតីនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា បានផ្តោតការយកចិត្តទុកដាក់ និងដោះស្រាយលើបញ្ហាជាឤទិភាពសំខាន់ៗរបស់ជាតិ ជាមួយនឹងការយកចិត្តទុកដាក់ខ្ពស់ ដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជាលើគ្រប់វិស័យ រួមទាំងការអនុវត្តគោលនយោបាយជាតិស្តីពីអតីតយុទ្ធជន តាមរយៈការខិតខំប្រឹងប្រែងបង្កើនសកម្មភាពនានា លើវិស័យអតីតយុទ្ធជន សំដៅធានាដល់ការលើកកម្ពស់កិត្តិយសឱ្យសក្តិសមនឹងគុណបំណាច់ លើក ស្ទួយកម្រិតជីវភាពរស់នៅរបស់បងប្អូន អតីតយុទ្ធជន ជាមួយក្រុមគ្រួសារ រួមមាន ការផ្តល់សេវាថែទាំអតីតយុទ្ធជន ការគាំពារសុខភាពនិងការឧបត្ថម្ភសម្ភារចាំបាច់ទាំងឡាយ ការជួយបណ្តុះបណ្តាលវិជ្ជាជីវៈ ការដោះស្រាយការងារ មុខរបរ ការផ្តល់សម្បទានដីសង្គមកិច្ច ការជួយសាងសង់លំនៅឋាន ដើម្បីឱ្យពួកគេមានធនធានដីធ្លី មានលំនៅឋាន និងឤចប្រកបមុខរបរ ផ្សេងៗសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារឱ្យកាន់តែល្អប្រសើរ ៕
ដោយ៖ សូរិយា