ខេត្តកណ្ដាល៖ មានករណីឃាតកម្មដ៏រន្ធត់មួយ បុរសជាប្តីមានឋានៈជានាយកសាលាបឋមសិក្សាសិរីជ័យមង្គល បានសម្លាប់ប្រពន្ធនិងកូន៣នាក់ រួចចង.កធ្វើអត្តឃាតតាមក្រោយ មួយគ្រួសារ៤នាក់ស្លាប់ទាំងអស់ សង្ស័យមានវិបត្តិជាប់បំណុលច្រើនគិតមិនចេញ ។
ករណីនេះបង្កការភ្ញាក់ផ្អើលឡើង នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ០៦និង៤០នាទីព្រឹក ចំណុច ផ្ទះជនរងគ្រោះ ស្ថិតនៅភូមិព្រែកផ្ដៅ ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល។
មន្ត្រីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ជនរងគ្រោះចំនួន ០៣នាក់ ស្រី០១នាក់(ស្លាប់)
១.ឈ្មោះ ទូច ស្រីហាច ភេទស្រី អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរមុខរបរ គ្រូបង្រៀន (ប្រពន្ធ)។
២.ឈ្មោះ វុធន ស៊ីជន ភេទប្រុសអាយុ ១០ឆ្នាំ មុខរបរសិស្ស(កូន)។
៣.ឈ្មោះ វុធន ស៊ីប៊ែល ភេទប្រុស អាយុ ០៩ឆ្នាំ មុខរបរ សិស្ស(កូន) ។
ជនសង្ស័យចំនួន០១នាក់(ប្ដី) ១.ឈ្មោះ វុធន សុខចាន់ ភេទប្រុស អាយុ ៣៤ឆ្នាំជនជាតិខ្មែរ មុខរបរ គ្រូបង្រៀន (នាយកសាលាបឋមសិក្សាសិរីជ័យមង្គល)(ធ្វើអត្តឃាត)។មានទីលំនៅសព្វថ្ងៃនៅភូមិព្រែកផ្តៅ ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល។
ប្រភពដដែលបន្តថា យោងតាមការបំភ្លឺរបស់ឈ្មោះ ឈិម យន ម្ដាយជនរងគ្រោះ ឈ្មោះ ទូច សុភី ប្អូនស្រីជនរងគ្រោះ និងឈ្មោះ ស៊ឹម ធារោធ បានបញ្ជាក់អោយដឹងថា៖ កាលពីឆ្នាំ ២០២១ ជនរងគ្រោះ និងប្រពន្ធបានខ្ចីប្រាក់ពីមីក្រូហិរញ្ញវត្ថុចំនួន 30000$(បីម៉ឺនដុល្លារអាមេរិក) ដើម្បីយកមកសាងសង់ផ្ទះ ដោយដាក់ប្លង់ដីផ្ទះ និងមានមុខរបរគ្រូបង្រៀនជាសំអាង។
ក្រោយពីធ្វើផ្ទះរួចជនរងគ្រោះទាំងពីរនាក់ប្ដីប្រពន្ធចាប់ផ្ដើមចេះលេងល្បែងស៊ីសង ដោយជនរងគ្រោះជាប្ដីលេងល្បែងជល់មាន់ ឡូតូតាមអនឡាញ(ដោយបង្កើត account ក្នុងទូរស័ព្ទរបស់ខ្លួន) និងចាក់កន្ទុយលេខឆ្នោតវៀតណាមតាមរយៈទូរស័ព្ទ ចំណែកជនរងគ្រោះជាប្រពន្ធក៏លេងល្បែងឆ្នោតវៀតណាមដោយចាក់តាមរយៈទូរស័ព្ទដូចគ្នា។ ចាប់ពីពេលនោះមកជនរងគ្រោះទាំងពីរនាក់ប្ដីប្រពន្ធចាប់ផ្ដើមខ្ចីចងការប្រាក់ឯកជនពីអ្នករកស៊ីចងការប្រាក់តាមភូមិជាច្រើននាក់។
មកដល់ឆ្នាំ ២០២២ ជនរងគ្រោះទាំងពីរនាក់ប្ដីប្រពន្ធបានមកសុំខ្ចីប្លង់ដីពីម្ដាយដើម្បីដាក់យកលុយពីមីក្រូរញវត្ថុបន្ថែមទៀត ក្នុងនោះដែរម្ដាយក្មេកឈ្មោះ ឈិម យន តែងតែអង្វរឈ្មោះ វុធន សុខចាន់ ជាកូនប្រសាឲ្យឈប់លេងល្បែងបន្តទៀត តែឈ្មោះ វុធន សុខចាន់ កូនប្រសាមិនស្ដាប់ ដោយគាត់ឧស្សាហ៍ឃើញបុគ្គលិកមីក្រូហិរញវត្ថុមកទារប្រាក់។ នៅថ្ងៃទី ២២ វិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ១២និង០០នាទី បុគ្គលិកមីក្រូហិរញវត្ថុបានមកទារប្រាក់ពីជនរងគ្រោះ ដោយជនរងគ្រោះបង់យឺត ដោយឃើញនិយាយគ្នាប្រហែលកន្លះម៉ោងក៏ឃើញខាងបុគ្គលិកមីក្រូហិរញ្ញវត្ថុត្រឡប់ទៅវិញ។ ដល់វេលាម៉ោង ០៦:០០នាទីល្ងាច ជនរងគ្រោះទាំងពីរនាក់ប្ដីប្រពន្ធបានជិះម៉ូតូឌុបគ្នាទៅរកខ្ចីប្រាក់ពីអ្នកចងការប្រាក់តែរកអត់បាន ដល់វេលាម៉ោង ០៨:០០នាទីយប់ ជនរងគ្រោះ និងកូនក្រោយពីហូបបាយរួចក៏នាំគ្នាឡើងទៅសម្រាកនៅលើផ្ទះដោយដាក់គន្លឹះទ្វារធម្មតា។ ដល់វេលាម៉ោង ០៦និង៤០នាទីព្រឹក ថ្ងៃទី ២៣ វិច្ឆិកា ឆ្នាំ២០២៤ ម្ដាយក្មេកជនរងគ្រោះបានឃើញទ្វារផ្ទះរបស់ជនរងគ្រោះបិទ មិនឃើញគ្រួសារជនរងគ្រោះចុះពីលើផ្ទះ គាត់ក៏ឡើងទៅគោះទ្វារស្រែកហៅ តែមិនមានលឺអ្នកណាឆ្លើយ ដោយមានការសង្ស័យគាត់ក៏ទូរស័ព្ទហៅកូនៗ និងចៅឲ្យមកជួយមើល ពេលមកដល់គាត់ក៏បាននាំគ្នាកាត់សោរបន្ទប់ក្រោមផ្ទះឃើញម៉ូតូ និងកង់របស់ជនរងគ្រោះនៅធម្មតា រួចក៏បន្តរទៅយកជណ្ដើរដែកឡើងទៅគាស់បង្អួច និងអារជម្រឹងបង្អួចដើម្បីចូលទៅក្នុងផ្ទះ ក៏ឃើញសពជនរងគ្រោះជាប្រពន្ធ និងកូនដេកស្លាប់លើគ្រែពូក ដោយសពម្ដាយនៅកណ្ដាល កូននៅសងខាងដោយមានស្លៀកសំលៀកបំពាក់ធម្មតាគ្របភួយជិត និងសពជនរងគ្រោះជាប្ដីចងកនៅរនូតចំហៀងទ្វារបន្ទប់ដោយប្រើខ្សែនីឡុងពណ៌ស រួចពួកគាត់ក៏បានផ្អើលឆោរឡោដល់អ្នកភូមិ និងរាយការណ៍ដល់សមត្ថកិច្ចប៉ុស្ដិ៍តែម្ដង៕
ដោយ៖ ស្អាងជ័យ