ព័ត៌មានទាន់ហេតុការណ៍៖

លោកអភិសន្តិបណ្ឌិត ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ

ចែករំលែក៖

ភ្នំពេញ ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថ្លែងអំណរគុណរដ្ឋាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចវៀតណាម ដែលបានជួយសម្រួល និងការពារសុវត្ថិភាពជូនអង្គកឋិនទានមហាគ្រួសារខ្មែរ ដឹកនាំដោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទៅកាន់សាធារណរដ្ឋសង្គមនិយមវៀតណាម (ខ្មែរកម្ពុជាក្រោម) កាលពីពេលថ្មីៗកន្លងទៅនេះ ប្រកបដោយភាពរលូន និងជោគជ័យតាមការគ្រោងទុក។ 

ការថ្លែងអំណរគុណពីប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានធ្វើឡើងក្នុងឱកាសទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក ឧត្ដមសេនីយ៍ឯកបម្រុង ត្រឹន គ្វក់ត័រ (Tran Quoc To)  អនុរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម នៅទីស្ដីការក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឱកាសលោកអមដំណើរលោក ត្រឹន ថាញ់ម៉ឹន ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម មកបំពេញទស្សនកិច្ចនៅកម្ពុជា។ 

ក្នុងជំនួបនោះដែរ លោកអភិសន្តិបណ្ឌិត ស សុខា  បានថ្លែងអំណរគុណឯកឧត្តមអនុរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួង នគរបាលវៀតណាម ដែលជានិច្ចកាលតែងតែគាំទ្រ និងសហការជាមួយក្រសួងមហាផ្ទៃកម្ពុជា ក្នុងបុព្វហេតុរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម និងបង្ការ ទប់ស្កាត់រាល់បទល្មើសនានា ជាពិសេសបទល្មើសដែលកើតឡើងនៅតាមបណ្ដោយព្រំដែននៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម។ 

លោកឧត្ដមសេនីយ៍ឯកបម្រុង ត្រឹន គ្វក់ត័រ (Tran Quoc To) បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហការដ៏ល្អរវាងប្រទេសទាំងពីរ និយាយជារួម និងរវាងក្រសួងទាំងពីរ និយាយដោយឡែក ក្នុងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ នាពេលកន្លងមក។ ឯកឧត្តម ក៏បានបង្ហាញការប្ដេជ្ញាចិត្តបន្តជំរុញកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែទទួលបានលទ្ធផលជាផ្លែផ្កាបន្ថែមទៀត។

លោកឧត្ដមសេនីយ៍ឯកបម្រុង ត្រឹន គ្វក់ត័រ (Tran Quoc To) ក៏បានជូនពរឯកឧត្ដមអភិសន្តិបណ្ឌិត និងថ្នាក់នាំក្រសួងមហាផ្ទៃ ទទួលបានជោគជ័យក្នុងបេសកកម្មបម្រើជាតិ និងប្រជាជនកម្ពុជា ក្នុងវិស័យមហាផ្ទៃ។ លោកអភិសន្តិបណ្ឌិត ស សុខា ក៏បានថ្លែងជូនពរលោក ឧត្ដមសេនីយ៍ឯកបម្រុង ត្រឹន គ្វក់ត័រ និងគណៈប្រតិភូ សូមទទួលបាននូវផាសុកភាព និងជោគជ័យក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា៕

ដោយ ៖ សិលា


ចែករំលែក៖