ភ្នំពេញ៖ ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ សម្រាប់ក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ សម្រាប់ក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចាប់ផ្តើមដំណាលគ្នា ដោយមានការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកវិញ្ញាសាជានិមិត្តរូបដោយលោកហ៊ុន ម៉ានីរដ្ឋមន្ត្រីក្រសួង មុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡង ប្រជែង និងលោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងតំណាងក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើ ពុករលួយ តំណាងសាកលវិទ្យាល័យនានា រួមទាំងអ្នកសង្កេតការណ៍មហាជន និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)។
មានប្រសាសន៍ជូនបេក្ខជនក្នុងបន្ទប់ប្រឡងឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងថា “វិញ្ញាសាសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ត្រូវបានជ្រើសរើសចំនួន ១០សំណួរ ចេញពីជម្រើសវិញ្ញាសាចំនួន ២០សំណួរ។ ដោយឡែកវិញ្ញាសាសម្រាប់ការប្រឡងជ្រើសរើសមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ត្រូវបានជ្រើសរើសចេញពីជម្រើសវិញ្ញាសាចំនួន៣ផ្សេង គ្នា មកជាវិញ្ញាសាតែមួយ។” ទន្ទឹមនេះឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា គ្រប់សន្លឹកវិញ្ញាសាទាំងអស់ ត្រូវមានហត្ថលេខារបស់ឯកឧត្តមដោយផ្ទាល់។
សូមជម្រាបជូនថា បេក្ខជនដែលចូលរួមប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ចំនួន ៥,៦៣៧នាក់ មកពីបណ្តារាជធានី-ខេត្ត ទូទាំងប្រទេស ដោយត្រូវឆ្លងកាត់ការប្រឡងលើវិញ្ញាសាចំនួន ៣ប្រភេទ៖ ១.វិញ្ញាសាសរសេរជំនាញកសិកម្ម ២.វិញ្ញាសាសរសេរភាសាអង់គ្លេស ៣.វិញ្ញសាពហុចម្លើយ។ ស្របពេលជាមួយគ្នានេះដែរ បេក្ខជនដែលចូលរួមការប្រឡងប្រជែងជ្រើសរើសមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ចំនួន ១០៩នាក់ ត្រូវឆ្លងកាត់ការប្រឡងប្រជែងលើវិញ្ញាសាចំនួន ៣ប្រភេទ៖ ១.វិញ្ញាសាសរសេរជំនាញព័ត៌មានវិទ្យា, គ្រប់គ្រងធនធានមនុស្ស, គណនេយ្យ និងហិរញ្ញវត្ថុ ២.វិញ្ញាសាសរសេរភាសាអង់គ្លេស ៣.វិញ្ញាសាពហុចម្លើយ។ ការប្រឡងប្រជែងបានចាប់ផ្តើមដំណាលគ្នា នាវេលាម៉ោង ១២ថ្ងៃត្រង់ នៅមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ៕
ដោយ៖ សូរិយា