ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តតាកែវ ប្រាប់អភិបាលស្រុកសំរោងទើបតែងតាំងថ្មី ប្រឹងប្រែងគៀងគរអ្នកវិនិយោគិន ឱ្យមកវិនិយោគក្នុងស្រុកកាន់តែច្រើនថែមទៀត

ចែករំលែក៖

ខេត្តតាកែវ ៖ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានធ្វើការណែនាំ និងប្រាប់ទៅដល់លោក កៅ វគ្គសែល ដែលជាអភិបាលស្រុកសំរោងទើបតែងតាំងថ្មី ត្រូវខិតខំប្រឹងប្រែងធ្វើយ៉ាងណាគៀងគរ ទាក់ទាញអ្នកវិនិយោគគិនបរទេសឲ្យមកបណ្ដាក់ទុនវិនិយោគក្នុងស្រុកឱ្យកាន់តែច្រើនថែមទៀត ដើម្បីបង្កើនសេដ្ឋកិច្ច និងបង្កើតឱកាសការងារដល់ពលរដ្ឋ។

ការលើកឡើងរបស់ លោក វ៉ី សំណាង នាឱកាសអញ្ជើញជាអធិបតីរួមជាមួយ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអភិបាល និងអភិបាល នៃគណៈអភិបាលស្រុកសំរោងថ្មី នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដោយមានការអញ្ជើញចូលរួមពី កងកម្លាំងទាំង ៣ មន្ទីរ-អង្គភាព អាជ្ញាធរមូលដ្ឋាន មន្ត្រីរាជការ និងប្រជាពលរដ្ឋ។

 លោក អភិបាលខេត្ត បានថ្លែងថា បច្ចុប្បន្ននេះ ខេត្តតាកែវកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្ដាក្រុមហ៊ុនវិនិយោគធំៗជាច្រើន។ ហើយនៅថ្ងៃនេះ លោក និងដឹកនាំគណៈប្រតិភូខេត្ត តាមការស្នើរសុំរបស់ក្រុមហ៊ុនចិនដែលសុំមកការវិនិយោគ ធ្វើទស្សនកិច្ចសិក្សា នៅខេត្តហ៊ឺណាន ប្រទេសចិន រយៈពេល ១សប្ដាហ៍ ដើម្បីទៅមើលការអភិវឌ្ឍរីកចម្រើន លើវិស័យកសិកម្ម ឧស្សហកម្ម សិប្បកម្ម និងទេសចរណ៍របស់ខេត្តគេ ជាធាតុចូលយកមកអភិវឌ្ឍនៅខេត្ត ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ 

លោក អភិបាលខេត្ត បានបញ្ជាក់ថា ក្រោយពីត្រឡប់មកពីធ្វើទស្សនៈកិច្ចពីប្រទេសចិនវិញ ច្បាស់ជាមានអ្នកវិនិយោគមកកាន់ខេត្តតាកែវកាន់តែច្រើន ដូច្នោះដើម្បីទាញទាញអ្នកវិនិយោគទាំងអស់នោះបាន គប្បីអាជ្ញាធរ ស្រុក-ឃុំ និងភូមិ ពិសេសអភិបាលស្រុកសំរោង ត្រូវបង្ហាញតំបន់សក្ដានុពលសំខាន់ៗ របស់ស្រុក រួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធ តំបន់ទេសចរណ៍ និងសន្ដិសុខសណ្ដាប់ធ្នាប់សង្គម និងកត្តាសុខសន្ដិភាព ដល់ក្រុមហ៊ុនវិនិយោគទាំងអស់នោះ ដើម្បីបង្កើនសេដ្ឋកិច្ច កាងារក្នុង និងក្រៅតំបន់ដល់ពលរដ្ឋ និងចូលរួមសម្រេចចក្ខុវិស័យរដ្ឋាភិបាលនៅឆ្នាំ២០៥០ ជាប្រទេសមានចំណូលកម្រិតខ្ពស់៕

ដោយ ៖ សិលា


ចែករំលែក៖