ភ្នំពេញ៖ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនជ្រាបថា នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ បានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៧៤៩៧ ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ទាក់ទិននឹងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយសារ មរណភាពនៃជនរងគ្រោះ និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ដែលមានជនត្រូវចោទមានខ្លួនចំនួន ៩នាក់ គឺ ១.ឈ្មោះ ឈាង លីហួ ភេទប្រុស អាយុ ១៧ឆ្នាំ ២.ឈ្មោះ ខេង សាវៀត ភេទប្រុស អាយុ ១៦ឆ្នាំ ៣.ឈ្មោះ ម៉ែន សិទ្ធិញ្ញាន ភេទប្រុស អាយុ ១៦ឆ្នាំ ៤.ឈ្មោះ ហាន់ណាហ្វី ម៉ូហាំម៉ាត់តាវហ៊ូច ភេទប្រុស អាយុ ១៧ឆ្នាំ ៥.ឈ្មោះ ផន ឆារៈឆៃ ភេទប្រុស អាយុ ១៥ឆ្នាំ ៦.ឈ្មោះ ហុក វណ្ណា ភេទប្រុស អាយុ ១៧ឆ្នាំ ៧.ឈ្មោះ ថា វ៉ាន់ធី ភេទប្រុស អាយុ ១៥ឆ្នាំ ៨.ឈ្មោះ សៅ ជាបម៉េង ភេទប្រុស អាយុ ១៥ឆ្នាំ និងជនត្រូវចោទចំនួន ៥នាក់ទៀត រួមទាំងបក្ខពួក កំពុងគេចខ្លួន ត្រូវបានចោទប្រកាន់ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយសារ មរណភាពនៃជនរងគ្រោះ និងហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និង៩.ឈ្មោះ ប៉ូ គឹមហុង ភេទប្រុស អាយុ ១៥ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយសារមរណភាពនៃ ជនរងគ្រោះ, ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅ ចំណុចផ្លូវបេតុង ភូមិចំការឪឡឹក១ សង្កាត់កាកាបទី១, ភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ និងផ្លូវ២០០៤ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦, ថ្ងៃទី១៧ និង ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមមាត្រា ២១៨ មាត្រា ២២៤ និងមាត្រា ៤៩០ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុច សង្កាត់កាកាបទី១ មានក្រុមក្មេងទំនើង ២ក្រុម គឺ ១.ក្រុមដើមពោធិ៍(DP) និង២.ក្រុមបឹងសាឡាងស្នួល(BSL) មានគ្នា ប្រហែល ២០នាក់ បានព្រួតគ្នា កាប់ជនរងគ្រោះ បណ្តាលឱ្យរបួសកែងដៃខាងស្តាំ និងធាក់ម៉ូតូជនរងគ្រោះម្នាក់ទៀត បណ្តាលរ៉េចង្កូតទៅបុកបង្គោលភ្លើង បណ្តាលឱ្យរបួស ហើយស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ រួចក្រុមក្មេងទំនើងទាំងនោះ ក៏បានជិះម៉ូតូគេចខ្លួនបាត់។ លុះដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចសង្កាត់អូរបែកក្អម ក្រុមក្មេងទំនើងទាំង២ក្រុមខាងលើ បានបន្តធ្វើសកម្មភាព កាប់ជនរងគ្រោះផ្សេងទៀត បណ្តាលឱ្យរបួសដៃខាងស្តាំ រួចក៏បានជិះម៉ូតូគេចខ្លួនទៀត ហើយមកដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចសង្កាត់ចោមចៅទី២ សមត្ថកិច្ច បានស្រាវជ្រាវ និងឃាត់ខ្លួនក្មេងទំនើងទាំង២ក្រុមខាងលើ ចំនួន ៩នាក់ និងដកហូតកាំបិតប៉័ងតោចំនួន ១ដើម រួមទាំងម៉ូតូចំនួន ៥គ្រឿង។
បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទទាំង ៩នាក់ ដូចបានបញ្ជាក់ខាងលើ ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់។
ចំពោះសកម្មភាពរបស់ក្មេងទំនើង ដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងភាពសុខសាន្ត របស់ប្រជាពលរដ្ឋ តុលាការបាន និងកំពុងបន្តអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ និងតឹងរឹង៕
ដោយ៖ តារា