ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់បានជិះម៉ូតូកៀរខឿនផ្លូវដួលបោកក្បាលនឹងបង្គោលប៉ាណូស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ភ្នំពេញ ៖ យុវជនម្នាក់បានជិះម៉ូតូកៀរជាមួយខឿនផ្លូវដួលបោកទៅនឹងបង្គោលប៉ាណូស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុបង្កការភ្ញាក់ផ្អើលដល់អ្នកដំណេីរកាលពីវេលា២នឹង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នៅតាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយដែលស្ថិតនៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ 

បេីតាមប្រភពព័ត៌មានពីពលរដ្ឋដែលនៅក្បែរកន្លែងកេីតហេតុបានឱ្យដឹងថា នៅមុនពេលកេីតហេតុគេឃើញជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ចាម 1Q-5788 ធ្វេីដំណេីរម្នាក់ឯងតាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយក្នុង ទិសដៅពីត្បូងទៅជេីងដោយល្បឿនលឿនមធ្យម។ លុះជិះមកដល់ចំណុចកេីតហេតុស្រាប់តែម៉ូតូរេចង្កូតទៅកៀរខឿនពុះចែកទ្រូងផ្លូវបណ្តាលឱ្យជនរងគ្រោះដួលបោកទៅនឹងបង្គោលប៉ាណូដេកស្តូកស្តឹងនៅកន្លែងកើតហេតុ ហេីយគេក៏សង្កេតឃេីញមានស្រាបៀរចំនួន២កំប៉ុងនៅជិតខ្លួនជនរងគ្រោះផងដែរ ដោយប្រជាពលរដ្ឋសង្ស័យថា ជនរងគ្រោះខាងលេីជិះម៉ូតូក្នុងស្ថានភាពស្រវឹងទេីបជ្រុលទៅកៀរខឿនពុះចែកទ្រូងផ្លូវបែបនេះ ។ 

ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍នេះកេីតឡេីងបានប្រហែលមួយសន្ទុះក៏មានបងប្អូននិងមានរថយន្តរបស់មន្ទីរពេទ្យបង្អែកខណ្ឌសែនសុខបានមកពិនិត្យភ្លាមៗផងដែរ តែជាអកុសលជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ ។ 

ក្រោយមក សមត្ថកិច្ចនគរបាលរដ្ឋបាលប៉ុស្ដិ៍ឃ្មួញ និងសមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ខណ្ឌសែនសុខបានមកដល់ចំណុចកេីតហេតុ ហេីយធ្វេីការពិនិត្យសពជនរងគ្រោះខាងលើដោយមិនមានអត្តសញ្ញាណប័ណ្ណនៅជាប់ជាមួយខ្លួនទេ គឺមានតែកាតការងារជាកម្មកររោងចក្រស្បែកជេីងឈ្មោះយ៉េន យុត ប៉ុណ្ណោះ  ហេីយសមត្ថកិច្ចជំនាញចរាចរណ៍ក៏បានធ្វើការវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុករង់ចាំប្រគល់ជូនសាច់ញាតិតាមក្រោយ ។  ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឱ្យក្រុមរថយន្ដសាមុយដឹកយកទៅតម្កល់នៅវត្តទឹកថ្លា ដើម្បីរង់ចាំសាច់ញាតិមកយកសពទៅធ្វេីបុណ្យតាមប្រពៃណី ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖