ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលដង្កោ បានឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ដែលបានធ្វើសកម្មភាព លួចយកម៉ូតូរបស់ប្រជាពលរដ្ឋ តែត្រូវបានម្ចាស់ម៉ូតូឃេីញទាន់ស្រែកឆោឡោផ្អើលដល់ពលរដ្ឋអ្នកធ្វើដំណើរតាមដងផ្លូវនាំគ្នាឃាត់ខ្លួនបានភ្លាមៗ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អេីលឡើងកាលពីវេលាម៉ោង១និង៥០នាទីយប់រំលងអធ្រាត្រឈានចូល ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចមុខផ្ទះលេខ៥១ ផ្លូវលេខ២១៧ ស្ថិតនៅ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ យុិន ចិន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ លាងម៉ូតូ មានទីលំនៅផ្ទះលេខ៥១ ផ្លូវ២១៧ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ។
ចំណែកជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមាន ឈ្មោះ មាស សុផល អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ បន្ទប់ជួល ផ្លូវបេតុង ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។ ចំណែកជនសង្ស័យម្នាក់ទៀតកំពុងតែរត់គេចខ្លួន។
ប្រភពព័ត៌មានពីរសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនពេលកេីតហេតុជនរងគ្រោះបានជិះម៉ូតូ០១គ្រឿងម៉ាក HONDA SCOOPY ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HI-5719 ចេញពីកម្មវិធីរៀបអាពាហ៍ពិពាហ៍របស់បងប្អូន ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ធ្វើដំណើរមកផ្ទះលេខ៥១ ផ្លូវ២១៧ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ។
ពេលជនរងគ្រោះមកដល់ក៏បានទុកម៉ូតូនៅខាងមុខផ្ទះ ប៉ុន្តែមិនបានដកកូនសោម៉ូតូចេញពីម៉ូតូទេ ហើយជនរងគ្រោះក៏បានដើរទៅទិញបាយឆាដែលនៅក្បែរផ្ទះមានចម្ងាយប្រហែល ១០ម៉ែត្រពីម៉ូតូ ខណ:ដែលជនរងគ្រោះកំពុងតែឈរទិញបាយឆាស្រាប់តែជនសង្ស័យ ខាងបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះ រួចជនរងគ្រោះក៏បានឃើញស្រែកឆោឡោថាចោរៗ និងរត់ដេញតាមពីក្រោយ ធ្វើឲ្យជនសង្ស័យភ័យក៏បានជិះម៉ូតូទៅបុកនឹងរបាំងជញ្ជាំងថ្មដីឡូតិ៍ធ្វើឲ្យជនសង្ស័យដួលម៉ូតូ រងរបួសកជើងខាងឆ្វេង ហើយក៏មានអ្នកធ្វើដំណើរតាមដងផ្លូវមកជួយចាប់ខ្លួនជនសង្ស័យ រួចទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ច ។
បន្ទាប់មកសមត្ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យយកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពប្រាប់ថា រូបគេនិងបក្ខពួកម្នាក់ទៀត មិនស្គាល់ឈ្មោះ អាយុ ប្រហែល៣៦ឆ្នាំ ពិតជាបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះប្រាកដមែន ។
ហើយជនរងគ្រោះក៏បានដាក់ពាក្យបណ្ដឹងចំឈ្មោះជនសង្ស័យដើម្បីឲ្យសមត្ថកិច្ចយើងចាត់ការតាមនីតិវិធីច្បាប់តែម្ដង។
បច្ចុប្បន្នដោយសារតែជនសង្ស័យរងរបួស កម្លាំងសមត្ថកិច្ចបាននាំយកជនសង្ស័យទៅសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ ជ្រោយពេជ្រ