ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារប្រទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងរដ្ឋមន្ត្រីក្រសួងការពារប្រទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម

ចែករំលែក៖

ភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកនាយឧត្តមសេនីយ៍ ចាន់សាម៉ាន ចាន់យ៉ាឡាត់ (Chansamone Chanyalath) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារប្រទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងលោក នាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ហ្សាង (Phan Van Giang) រដ្ឋមន្ត្រីក្រសួងការពារប្រទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកនាយឧត្តមសេនីយ៍ ចាន់សាម៉ាន ចាន់យ៉ាឡាត់ (Chansamone Chanyalath) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារប្រទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ និងលោក នាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ហ្សាង (Phan Van Giang) រដ្ឋមន្ត្រីក្រសួងការពារ ប្រទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប លោករដ្ឋមន្ត្រីការពារប្រទេស ឡាវ និង វៀតណាម បានគោរពជម្រាបជូន សម្តេចបវរធិបតី អំពីលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ កម្ពុជា ឡាវ និង វៀតណាម ក៏ដូចជា ជោគជ័យនៃលំហាត់ហ្វឹកហ្វឺនរួមគ្នា ក្រោមប្រធានបទ “ប្រតិបត្តិការជួយសង្គ្រោះគ្រោះមហន្តរាយ បាក់រលំអគារ» ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២៤ ផងដែរ។ ការណ៍នេះបានបង្ហាញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ រវាងក្រសួងការពារជាតិនៃប្រទេសទាំងបី។ នាខណៈស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា គណៈប្រតិភូនៃក្រសួង ការពារប្រទេសឡាវ និង វៀតណាម បានធ្វើទស្សនកិច្ចទៅកាន់វីមានឈ្នះ ឈ្នះ ដែលជានិមិត្តរូបនៃការផ្សះផ្សាជាតិ, ការបិទបញ្ចប់នូវភ្លើងសង្គ្រាមស៊ីវិល និងការនាំមកនូវសុខសន្តិភាពពេញលេញ នៅកម្ពុជា។ លោករដ្ឋមន្ត្រីការពារ ប្រទេស ឡាវ និង វៀតណាម បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែ ជិតស្និទ្ធបន្ថែមទៀត ជាមួយក្រសួងការពារជាតិកម្ពុជា តាមរយៈ៖ ការបន្តធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នាដើម្បីសង្គ្រោះ គ្រោះមហន្តរាយ, ការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំរវាងក្រសួងការពារជាតិ នៃប្រទេសទាំងបី, ការផ្លាស់ប្តូរទស្សនកិច្ចគ្រប់ លំដាប់ថ្នាក់ រួមទាំងទស្សនកិច្ចសិក្សា ជាដើម។

ជាការឆ្លើយតប សម្តេចបវរធិបតី បានសម្តែងនូវការរីករាយ ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ច សហប្រតិបត្តិការ រវាងក្រសួងការពារជាតិនៃប្រទេសទាំងបី និងបានអបអរសាទរចំពោះជោគជ័យនៃការរៀបចំលំហាត់ហ្វឹកហ្វឺនរួមគ្នាដើម្បីជួយសង្គ្រោះគ្រោះមហន្តរាយ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២៤។ សម្តេចបវរធិបតី បានគូសបញ្ជាក់ថា កម្ពុជា ឡាវ និង វៀតណាម នៅមានសក្តានុពលជាច្រើនទៀត ដែលអាចពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការ ជាពិសេសលើវិស័យវិនិយោគ និងពាណិជ្ជកម្ម, ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ, ទេសចរណ៍ និងសន្តិសុខ ដោយផ្តោតលើការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន ដូចជាការជួញដូរមនុស្ស និងគ្រឿងញៀន ជាដើម។ សម្តេចបវរធិបតី បានលើកទឹកចិត្តដល់ក្រសួងការពារជាតិនៃប្រទេសទាំងបីបន្តពង្រឹង និងពង្រីកកិច្ចសហ ប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕

ដោយ ៖ សិលា


ចែករំលែក៖