អន្តរជាតិ ៖ នារសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ សំដៅចំពោះករណីដែលកាលពីពេលថ្មីៗនេះភាគីអាមេរិកប្រកាសដាក់បញ្ចូលសហគ្រាសចិនចំនួន ២៩ សហគ្រាសទៅក្នុងបញ្ជីខ្មៅដែលហៅថា”ច្បាប់បង្ការ ពលកម្មដោយបង្ខំនៃជនជាតិវៃវូអ៊ើ”នាពេលថ្មីៗកន្លងទៅនេះ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានឆ្លើយតបកាលពីថ្ងៃទី ២៦ ខែវិច្ឆិកាថា ទង្វើរបស់អាមេរិកគ្មានភស្តុតាងបញ្ជាក់ឡើយ ពោលគឺយកសិទ្ធិមនុស្សធ្វើជាលេសដើម្បីគាបសង្កត់ គឺជាសកម្មភាពគំរាមកំហែងនិងបង្ខិតបង្ខំខាងសេដ្ឋកិច្ចយ៉ាងជាក់ច្បាស់។ ភាគីចិនសម្តែងការថ្កោលទោសយ៉ាងខ្លាំង និងប្រឆាំងយ៉ាងដាច់ខាត ហើយបានលើកឡើងតវ៉ាយ៉ាងម៉ឺងម៉ាត់ចំពោះភាគីអាមេរិករួចហើយ។ ចិននឹងចាត់នូវរាល់វិធានការដ៏ចាំបាច់ទាំងអស់ដើម្បីគាំពារយ៉ាងមុតមាំនូវសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសចិន។
គេហទំព័រ «CCFR China state-controlled media » អ្នកនាំពាក្យរូបនេះបានថ្លែងបន្តថា ប្រទេសចិនប្រឆាំងយ៉ាងដាច់ខាតចំពោះ ពលកម្មដោយបង្ខំ នៅតំបន់ Xinjiang មិនដែលស្ថិតមាននូវអ្វីដែលហៅថា”ពលកម្មដោយបង្ខំ”នោះទេ។ ភាគីអាមេរិកគ្រាន់តែសំអាងលើការដែលសហគ្រាសចិនទិញសម្ភារៈពីតំបន់ Xinjiang ឬជ្រើសរើសបុគ្គលិកពី Xinjiang ក៏អនុវត្តការដាក់ទណ្ឌកម្ម ប្រការនេះបានរំលោភយ៉ាងធ្ងន់ធ្ងរលើសិទ្ធិមនុស្សជាមូលដ្ឋានរបស់ប្រជាជន Xinjiang និងបំផ្លាញសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសពាក់ព័ន្ធ ក៏ដូចជាបំផ្លាញស្ថិរភាពនិងសន្តិសុខនៃខ្សែសង្វាក់ផ្គត់ផ្គង់សកលផងដែរ។ ចិនដាស់តឿនភាគីអាមេរិកឱ្យបញ្ឈប់ភ្លាមនូវល្បែងនយោបាយនិងការលាបពណ៌និងវាយប្រហារ ក៏ដូចជាបញ្ឈប់ការគាបសង្កត់សហគ្រាសចិនដោយគ្មានហេតុផល៕
ដោយ ៖ សិលា