ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាបើករថយន្ត ឡិចសុីស RX-300 មួយគ្រឿងប្រដេញគ្នាលេងសប្បាយតាមដងផ្លូវជាមួយនឹងរថយន្តឡិចសុីស 470 មួយគ្រឿងទៀត បណ្ដាលឱ្យរថយន្តឡិចសុីស RX300 ជ្រុលទៅបុករះម៉ូតូកង់បីពីរគ្រឿងនិងម៉ូតូមួយគ្រឿងបណ្តាលឱ្យម្ចាស់ម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ផ្អើលដល់បងប្អូនប្រជាពលរដ្ឋតាមដងផ្លូវនាំគ្នាឃាត់តៃកុងរថយន្តបង្កហេតុបាន តែសំណាងល្អប្រជាពលរដ្ឋទប់កំហឹងជាប់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់នេះកើតឡើងកាលពីវេលាម៉ោង០៣ ទៀបភ្លឺ ឈានចូលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅត្រង់ចំណុចមុខរោងចក្រក្រុមហ៊ុនហុងដា តាមបណ្ដោយវិថីចោមចៅ ស្ថិតនៅក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញថយន្តឡិចស៊ីសRX-300ពាក់ស្លាកលេខភ្នំពេញ2AB-6691បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹង បានបើកប្រដេញគ្នាលេងជាមួយរថយន្តឡិចស៊ីស LX-470 មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខកណ្តាល2D-0577 តាំងពីចំណុចភ្លើងស្តុបទួលពង្រក្នុងទិសដៅពីកើតទៅលិចលឿនដូចហោះ រហូតមកដល់កន្លែងកើតហេតុខាងលើរថយន្តឡិចស៊ីស 300 បានរេចង្កូតទៅបុករះម៉ូតូកង់បីពីរគ្រឿងនិងម៉ូតូមួយគ្រឿងបណ្តាលឱ្យម្ចាស់ម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ភ្លាមៗនោះបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាឃាត់តៃកុងរថយន្តបង្កជាប់ តែសំណាងល្អពួកគាត់ទប់កំហឹងជាប់ រួចប្រគល់ជូនសមត្ថកិច្ចបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យធ្វើការសួរនាំភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញធ្វើការវាស់វែងយករថយន្ត ម៉ូតូកង់បី និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់។ ដោយឡែក សពរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ រ៉ារ៉ា