ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ហេតុអ្វីបានជាការចូលរួម និងជឿជាក់លើរាជរដ្ឋាភិបាលមានសារៈសំខាន់?

ចែករំលែក៖

 ខេត្តបន្ទាយមានជ័យ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា ភាពជោគជ័យនៃការថែរក្សាសុខដុមនីយកម្មដោយប្រែក្លាយកន្លែងអតីតដែលមានសង្រ្គាម កន្លែងដែលអត់អភិវឌ្ឍន៍គឺការចូលរួមរបស់ប្រជាពលរដ្ឋជាមួយរដ្ឋាភិបាលជារឿងសំខាន់ ពោលគឺផ្តល់ការជឿទុកចិត្តទៅលើប្រព័ន្ធប្រជាធិបតេយ្យតាមរយៈការបោះឆ្នោតទៅលើថ្នាក់ដឹកនាំដែលមានគោលនយោបាយច្បាស់លាស់ ហើយរួមគ្នាការពារ និងជឿទុកចិត្តនូវសន្តិភាព និងការអភិវឌ្ឍប្រទេសដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ពួកប្រឆាំងចង់អោយប្រជាពលរដ្ឋស្អប់រដ្ឋាភិបាល មិនទុកចិត្តរដ្ឋាភិបាល ដោយរកប្រធានបទប៉ះពាល់ជាមួយផលប្រយោជន៍ជាតិ ក្លែងការពិត ហើយដុតកំដៅឥតប្រយោជន៍ធ្វើអោយប្រជាជនមានជម្លោះផ្ទៃក្នុង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវអោយប្រជាពលរដ្ឋសិក្សាពីប្រវត្តិសាស្រ្តអោយច្បាស់ សិក្សាអំពីតថភាពជាក់ស្តែង បងប្អូននឹងយល់កាន់តែច្បាស់ ហើយកុំងាយជឿការបំផុសដែលអត់មានហេតុផល ដូច្នេះយើងត្រូវរួមគ្នាបន្តថែរក្សាសន្តិភាព ថែរក្សាការសាមគ្គីឯកភាពជាតិ កុំចាញ់ឃោសនារបស់ពួកប្រឆាំងជ្រុលនិយមនៅក្រៅប្រទេសអោយសោះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនៅក្នុងឱកាសអញ្ជើញជាអធិបតី «សម្ពោធសមិទ្ធផលនានាក្នុងតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះនៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ»នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ 

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «នៅសល់តែ១ខែគត់ គឺថ្ងៃទី២៩ ខែធ្នូ យើងគម្រប់ខួប២៦ឆ្នាំ ដែលយើងហៅថា ទិវា «សន្ដិភាព» ដែលរាជរដ្ឋាភិបាល ចេញអនុក្រឹត្យ ឆ្នាំ២០២៣ ហើយឆ្នាំនេះ គឺជាឆ្នាំទីមួយ ដែលយើងចាប់ផ្ដើមអបអរសាទរ ដោយបង្កើតជាថ្ងៃឈប់សម្រាក នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤»។

សម្តេចបវរធិបតី បានឲ្យដឹងថា នយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ដែលបានបញ្ចប់សង្គ្រាម ក្នុងរយៈពេល៥០០ឆ្នាំនេះ មានលក្ខណៈពិសេស២ ដែលពីមុនមកកម្ពុជាអត់ដែលមាន ទី១៖ បញ្ចប់សង្គ្រាម ហើយបង្រួបបង្រួមទឹកដី និងទី២៖ ក្នុងរយៈពេល៥០០ឆ្នាំមកនេះ មានតែក្នុងរយៈពេល២៦ឆ្នាំនេះទេ ដែលមានសន្ដិភាពរយៈពេលវែង។

សូមរំលឹកថា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានចេញអនុក្រឹត្យកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា «ទិវាសន្តិភាពនៅកម្ពុជា» ដែលជាថ្ងៃបុណ្យជាតិផ្លូវការមួយ នៅព្រះរាជាណាចក្រកម្ពុជា ដើម្បី៖

-ជាការឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា គឺការស្រឡាញ់សន្តិភាព និងការស្អប់ខ្ពើមសង្គ្រាម។

-ជាការរំលឹកដល់ការសម្រេច បាននូវការបញ្ចប់សង្គ្រាមទាំងស្រុង និងការកសាងបាននូវសន្តិភាព និងឯកភាពជាតិពេញលេញ នៅព្រះរាជាណាចក្រកម្ពុជា ដោយនយោបាយឈ្នះឈ្នះ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨៕

ដោយ ៖ សិលា


ចែករំលែក៖