ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលកិច្ចប្រជុំលើកទី៤១ អាណត្តិទី៣ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤

ចែករំលែក៖

ភ្នំពេញ​៖​ កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) អាណត្តិទី៣ លើកទី៤១ បានដំណើរការ ក្រោមអធិបតីភាពលោក តុប សំ – សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន-អនុ ប្រធាន ក.ជ.ប.ព. ដើម្បី៖ 1- ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំ ក.ជ.ប.ព. លើកទី៤០ អាណត្តិទី៣ 2- ស្តាប់របាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) និង 3- បញ្ហាផ្សេងៗ។

អំពីរបាយការណ៍របស់ លោកកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធាន អ.ប.ព.

1- ការងារប្រកាសទ្រព្យសម្បត្តិ និងបំណុល

មន្ត្រីចំនួន ៣៣៩រូប បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះមន្ត្រីទើបទទួលបានការ តែងតាំងថ្មីចំនួន ១៩៩រូប ដោយឡែកមន្ត្រី ១៤០រូបទៀត បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ជាលើក ចុងក្រោយ ដោយមូលហេតុ បញ្ឈប់ពីការងារ លាឈប់-ចូលនិវត្តន៍ និងចប់អាណត្តិ។

2- ការងារពាក្យប្ដឹង

អ.ប.ព. បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេច លើពាក្យប្ដឹងដែលមានក្នុងខែនេះ សរុប ចំនួន ៣៦ពាក្យប្ដឹង និងបានបញ្ជូនសំណុំរឿងចំនួន ០៤ ដែលមានជនសង្ស័យចំនួន ០៩រូប ទៅសាលាដំបូង ខេត្តតាកែវ និងរាជធានីភ្នំពេញ។

3- ការងារអប់រំ

ក្រុមការងារ អ.ប.ព. ចំនួន ០៧ក្រុម ដែលមានសមាសភាពសរុប ចំនួន ៦៧រូប បានចុះបំពេញភារកិច្ច ជំរុញការផ្សព្វផ្សាយ “អបអរសាទរទិវាជាតិ អន្តរជាតិ ប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ធ្នូ” នៅតាមភូមិសាស្ត្រ នានាក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្ត ចំនួន០៣ (កំពង់ស្ពឺ តាកែវ និងស្វាយរៀង) ដល់គោលដៅ សរុប ចំនួន ៤៩ (បឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ សកលវិទ្យាល័យ សរុប ចំនួន២១ និងមន្ទីរ ការិយាល័យ ចក្រចេញចូលតែមួយខណ្ឌ-ស្រុក អធិការដ្ឋាននគរបាល ប៉ុស្តិ៍នគរបាល ទីផ្សារ រោងចក្រ ទីប្រជុំជន សរុប ចំនួន២៨) ដោយមានអ្នកចូលរួមផ្ទាល់សរុបប្រមាណ ៤.២៤៥នាក់ ។

គូសបញ្ជាក់ថា ប្រធានបទនៃ ទិវាជាតិ អន្តរជាតិ ៩ធ្នូ ក្នុងឆ្នាំនេះគឺ “សេវាសាធារណៈល្អ រាស្ត្រស្រលាញ់ គាំទ្រ” ដោយឡែកសកម្មភាពរបស់ក្រុមការងារ អ.ប.ព. មានគោលដៅចម្បង ក្នុងការពង្រីកការផ្សព្វផ្សាយ អំពី អត្ថន័យនៃទិវានេះ ដើម្បីបញ្ជាបការយល់ដឹងអំពើការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ សញ្ញាណនៃអំពើពុករលួយ ផលវិបាកនៃអំពើពុករលួយ យន្តការផ្សេងៗក្នុងការចូលរួមប្រយុទ្ធប្រឆាំងអំពើពុករលួយ ចូលរួម ផ្សព្វផ្សាយអភិក្រមទាំងប្រាំរបស់ សម្តេចតេជោ ហ៊ុន សែន (ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល វះកាត់) លើកកម្ពស់អភិបាលកិច្ច តម្លាភាព ភាពស្អាតស្អំក្នុងសង្គម ព្រមទាំងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ រាជរដ្ឋាភិបាលក្នុងការពង្រឹងអភិបាលកិច្ចល្អនៅគ្រប់វិស័យ។

4- ការងារបណ្តុះបណ្តាល

-ឯកឧត្តម ឈាង តារា ឧបការី អ.ប.ព. បានផ្តល់បទឧទ្ទេសនាម លើវគ្គបណ្តុះបណ្តាលផ្ទៃក្នុង ស្តីពីជំនាញក្នុងការប្រើប្រាស់កម្មវិធី Microsoft Excel ដល់មន្ត្រី អ.ប.ព. ចំនួន ៣៦រូប។

– គណៈប្រតិភូ អ.ប.ព. ចំនួន ២៥រូប ដឹកនាំដោយ ឯកឧត្តម យិនទៀង ពុទ្ធិរិទ្ធ អនុប្រធានអង្គភាព បានអញ្ជើញចូលរួមសិក្ខាសាលា ទ្វេភាគីស្តីពី “ការប្រយុទ្ធប្រឆាំងអំពើពុករលួយ” រយៈពេល ០៦ថ្ងៃ (១៨- ២៣ ខែវិច្ឆិកា) ដែលបានរៀបចំដោយគណៈអធិការកិច្ចវិន័យបក្សកុម្មុយនីស្តចិនខេត្តយូណាន និងគណៈត្រួត ពិនិត្យខេត្តយូណាន នាទីក្រុងគួនមិន ខេត្តយូណាន សាធារណៈរដ្ឋប្រជាមានិតចិន។ សិក្ខាសាលានេះមាន គោលបំណងសំខាន់ដើម្បី ពង្រឹងសមត្ថភាពបន្ថែម និងជាឱកាសនៃការផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមក ក្នុងការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ។

5- ការងារបង្ការ និងទប់ស្កាត់អំពើពុករលួយ

– អ.ប.ព. បានចូលរួមសង្កេតការណ៍ប្រឡងជ្រើសរើស ចំនួន០៣ ដែលបានរៀបចំដោយក្រសួងមុខងារ សាធារណៈ និងក្រសួងសាមី (១) មន្ត្រីកសិកម្មឃុំ សម្រាប់បម្រើការក្នុងក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (២) មន្ត្រីអគ្គនាយកដ្ឋានរតនាគារជាតិ សម្រាប់បម្រើការក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញ វត្ត (៣) សិស្សមន្ត្រីជាន់ខ្ពស់ និងសិស្សមន្ត្រីក្រមការ សម្រាប់សិក្សានៅសាលាភូមិន្ទរដ្ឋបាល ។

– បំពេញការងារ ចុះសង្កេតការណ៍កិច្ចលទ្ធកម្មសាធារណៈ ចំនួន ៣០គម្រោង របស់អង្គភាពលទ្ធកម្ម ចំនួន ១១អង្គភាព និងបានបន្តចុះប្រតិបត្តិការនៅតាមមូលដ្ឋានជាក់ស្តែងមួយចំនួនទៀត តាមសំណើរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងផ្សេងៗទៀត។

6- អំពីករណីមួយចំនួន

6-1- ករណីដីធ្លីរបស់អ្នកវិនិយោគធំៗ

+ តំបន់សេដ្ឋកិច្ចពិសេស (SSEZ) បញ្ហារ៉ាំរ៉ៃ នៃបណ្ដឹងដដែលៗ ដែលនៅមិនព្រមរលត់

+ ដីក្រុមហ៊ុនវិនិយោគព្រលានយន្តហោះសៀមរាប

6-2- បញ្ហាដីព្រៃលិចទឹកជុំវិញបឹងទន្លេសាប តំបន់ III តំបន់ II ខេត្តកំពង់ធំ ដែលអង្គភាពរកឃើញ អ្នកកាន់កាប់ដីធំៗខុសច្បាប់ចំនួន ១៧៦ នាក់ (សរុបដីកាន់កាប់ខុសច្បាប់ក្នុងនោះ មាន១៥២នាក់ ស្ម័គ្រចិត្តប្រគល់ដីជូនរដ្ឋវិញ ៣០.១០៩ ហត) ហើយ២៤នាក់ (កាន់កាប់ខុសច្បាប់៩.៤៦៣ ហត អ្នកខ្លះកាន់កាប់រហូតដល់ ២.៥០០ ហត) ប្រកែកមិនប្រគល់ដីជូនរដ្ឋវិញ។

6-3- ករណីរំលោភអំណាចក្នុងការងារលទ្ធកម្ម កិបកេងប្រាក់ជាង ១ពាន់លានរៀល ពីគម្រោង អភិវឌ្ឍន៍ តាមឃុំភូមិ របស់ឈ្មោះ ហេង វុទ្ធី នាយកទីចាត់ការផែនការ និងវិនិយោគ សាលាខេត្តតាកែវ និងបក្សពួក ២នាក់ទៀត។

6-4- ករណីជំនួញឥទ្ធិពលនៅខេត្តកំពង់ឆ្នាំង (ដោះដូរដីពន្ធនាគារចាស់ សាងសង់ពន្ធនាគារថ្មី) ដែល ឧកញ៉ា អ៊ុត ធី ចំណាយទុន ១,៩ លានដុល្លារអាមេរិក ចូលហ៊ុនបន្ថែមក្នុងក្រុមហ៊ុន អាស្នារិទ្ធ ហើយចំណាយប្រាក់ ៥០ម៉ឺនដុល្លារទៀត ឲ្យ មួង ឃីម ដួង តារា-លី សាម៉េត ប្រើឥទ្ធិពលមកលើរដ្ឋ បាលខេត្តកំពង់ឆ្នាំង យល់ព្រមតាមដំណោះស្រាយរបស់ ដួង តារា។

6-5- ករណីប៉ុនប៉ងសូកប៉ាន់ប្រព្រឹត្តិដោយ ឈ្មោះ កន សុខកាយ ចំណាយប្រាក់ ៣០ម៉ឺនដុល្លារ ឲ្យមក ដួង តារា- ឡាច សំរោង – លី សាម៉េត ដើម្បីឲ្យរូបខ្លួនទទួលបានការតែងតាំងជាអភិបាលក្រុង អរិយក្សត្រ (ប្រគល់លើកទី១ ចំនួន ១៥ ម៉ឺន ប្រគល់លើកទី២ ចំនួន១៥ម៉ឺន ដួង តារា – ឡាច សំរោង ប្រាប់ លី សាម៉េត ជាទឹកប្រាក់ កន សុខកាយ ជូន ដើម្បីឲ្យបានជា អភិបាលក្រុង អរិយក្សត្រ មានតែ ១២ ម៉ឺនដុល្លារ)។

6-6- ករណី ប៉ុនប៉ង សូកប៉ាន់ប្រព្រឹត្តិ ដោយអភិបាលរងខេត្តពោធិសាត់ ឡាយ វិសិដ្ឋ (ចំណាយ ប្រាក់ ៥៧ម៉ឺនដុល្លារ) ទៅ ឡាច សំរោង និង លី សាម៉េត។

6-7- ករណីប៉ុនប៉ងសូកប៉ាន់ប្រព្រឹត្ត ដោយ មួង ឃីម និងបក្សពួក ឲ្យយុវជនម្នាក់ទើបជាប់ បរិញ្ញាបត្រ ឲ្យបានចូលក្របខណ្ឌគយ ហើយឲ្យបានធ្វើគយនៅខេត្តបាត់ដំបង ជាថ្នូរនឹងប្រាក់៣០ ម៉ឺន ដុល្លារអាមេរិក។

រាល់ករណីប៉ុនប៉ងសូកប៉ាន់ខាងលើបានបរាជ័យ មិនអាចសម្រេចដោយថ្នាក់លើមិនដែលធ្វើការ តែងតាំងមន្ត្រីដោយសំណូកឡើយ។

7- ការងារតំបន់ និងអន្តរជាតិ

-កាលពីថ្ងៃទី០៤-០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ គណៈប្រតិភូ អ.ប.ព. ចំនួន ០៣រូប ដឹកនាំដោយ ឯកឧត្តម ស៊ិន សុវណ្ណ ឧបការី បានចូលរួមកិច្ចប្រជុំលើកទី១៥ នៃក្រុមត្រួតពិនិត្យអនុសញ្ញាអង្គការសហប្រជាជាតិ ប្រឆាំងអំពើពុករលួយ (UNCAC Review) នៅទីក្រុងវីយែន ប្រទេសអូទ្រីស ដែលមានការចូលរួមពីរដ្ឋភាគី ចំនួន ១២៤ ប្រទេស និងអ្នកសង្កេតការណ៍ អង្គការអន្តររដ្ឋាភិបាល អង្គការអន្តរជាតិ សម្ព័ន្ធប្រទេសអារ៉ាប់ ព្រមទាំងក្រុមរដ្ឋប្រឆាំងអំពើពុករលួយផងដែរ។ កិច្ចប្រជុំនេះ ជាវេទិការដ៏សំខាន់សម្រាប់កិច្ចពិភាក្សា ចែករំលែក បទពិសោធន៍ ទស្សនៈល្អៗទៅវិញទៅមក និងជាឱកាសសិក្សាពីចំណុចខ្លាំង និងចំណុចខ្សោយ ដើម្បី កែសម្រួលនិងពង្រឹងបន្ថែម ព្រមទាំងរៀបចំមាគ៌ាឆ្ពោះទៅមុខដើម្បីត្រៀមយន្តការត្រួតពិនិត្យការអនុវត្ត UNCAC នៅដំណាក់កាលបន្តបន្ទាប់។ ក្នុងឱកាសនៃកិច្ចប្រជុំ ឯកឧត្តម ស៊ិន សុវណ្ណ ក៏បានធ្វើការចែករំលែកពីបទ ពិសោធន៍ល្អៗរបស់កម្ពុជា ដែលបានទទួលការត្រួតពិនិត្យពីក្រុមការងារ UNCAC ចំនួន០២ជុំ និងបានចូលរួម ក្នុងក្រុមការងារត្រួតពិនិត្យរបស់ UNCAC ដើម្បីធ្វើការត្រួតពិនិត្យលើប្រទេស០៥ ចំនួន០២ជុំផងដែរ។

-អ.ប.ព. បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ចរយៈពេល ០៥ថ្ងៃ (២៥-២៩ ខែវិច្ឆិកា) របស់ គណៈ ប្រតិភូខេត្តយូណាន សាធារណៈរដ្ឋប្រជាមានិតចិន ចំនួន ០៦រូប ដឹកនាំដោយ លោក Wang Jianghua អនុលេខានៃគណៈអធិការកិច្ចវិន័យបក្សកម្មុយនីស្តចិន និងជាអនុប្រធានគណៈត្រួតពិនិត្យកិច្ចការរដ្ឋចិន ខេត្ត យូណាន មកកាន់អង្គភាពប្រឆាំងអំពើពុករលួយ។ គោលបំណងសំខាន់នៃដំណើរទស្សនកិច្ចនេះគឺ ការផ្លាស់ ប្តូរបទពិសោធន៍ ចំណេះដឹងល្អៗលើការងារប្រយុទ្ធប្រឆាំងអំពើពុក បីការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ រវាងភាគីទាំងពីរ ព្រមទាំងធ្វើការស្វែងយល់អំពីស្ថានភាពនៃក្រុមហ៊ុនវិនិយោគចិនដែលមានប្រភពពីខេត្តយូ ណាន សាធារណៈរដ្ឋប្រជាមានិតចិន ដែលកំពុងបោះទុនវិនិយោគក្នុងព្រះរាជាណាចក្រកម្ពុជា ផងដែរ។

8- ផ្សេងៗ

ក្រោយពីបានស្តាប់ដោយយកចិត្តទុកដាក់នូវរបាយការណ៍របស់ ឯកឧត្តទេសរដ្ឋមន្ត្រីប្រធាន អ.ប.ព. ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយបានពិភាក្សា លើកសំនួរ និងបានផ្តល់អនុសាសន៍ល្អៗ ចំពោះការរាយ ការណ៍ ព្រមទាំងផ្តល់ការគាំទ្រដល់អង្គភាព លើកិច្ចការផ្សេងៗទៀត ដែលអង្គភាពកំពុងចាប់អារម្មណ៍ និង កំពុងអនុវត្តនៅពេលនេះ និងនៅពេលខាងមុខ។

ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានសរសើរស្មារតីព្យាយាមបំពេញការងារបានយ៉ាងត្រឹមត្រូវ និងល្អ ប្រពៃជាអ្នកដឹកនាំករណីនិមួយៗ នៃករណីទាំង ៧ខាងលើ ដឹកនាំដោយ ឯកឧត្តមអនុប្រធានអង្គភាពប្រឆាំង អំពើពុករលួយ-លោកជំទាវ-ឯកឧត្តម ជាឧបការីអង្គភាពប្រឆាំងអំពើពុករលួយ-ឯកឧត្តមអគ្គនាយកប្រតិបត្តិការ និង អគ្គនាយករង-ប្រធាននាយកដ្ឋានកិច្ចការគតិយុត្ត ពាក្យប្ដឹង និងអន្តរជាតិ-នាយកដ្ឋានស៊ើបអង្កេតនិង ចារកម្ម-នាយកដ្ឋានបច្ចេកទេស និងកោសលវិច័យ-ក្រុមមន្ត្រី។

កិច្ចប្រជុំបានបញ្ចប់នៅរសៀលថ្ងៃដដែល ក្នុងបរិយាកាសពិភាក្សាវែកញែកដោយភាពស្និទ្ធស្នាល និង ភាតរភាព៕

ដោយ៖ តារា


ចែករំលែក៖