ភ្នំពេញ ៖ ក្រសួងព័ត៌មាន ចេញលិខិតព្រមាន លោក ផាត់ ហ៊ន ចាងហ្វាងគេហទំព័រ www.khplus-cambodia.com ដែលបានផ្សាយគ្មានមូលដ្ឋានច្បាស់លាស់ ប្រើពាក្យសម្តីមិនសមរម្យ ចំពោះស្ថាប័នតុលាការខេត្តកំពង់ចាម និងអនុវត្តតួនាទីលើសពីអ្នកសារព័ត៌មាន ដែលបំពានក្រមសីលធម៌វិជ្ជាជីវៈ នាំឱ្យសាធារណមតិមានការយល់ច្រឡំ ។
លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ៖ ការផ្សាយរបស់ លោក ផាត់ ហ៊ន ចាងហ្វាងគេហទំព័រ www.khplus-cambodia.com គ្មានមូលដ្ឋាន ច្បាស់លាស់ ប្រើពាក្យសម្តីមិនសមរម្យ ចំពោះស្ថាប័នតុលាការខេត្តកំពង់ចាម និងអនុវត្តតួនាទីលើសពី អ្នកសារព័ត៌មាន ដែលបំពានក្រមសីលធម៌វិជ្ជាជីវៈ នាំឱ្យសាធារណមតិមានការយល់ច្រឡំ។
ក្រសួងសូមព្រមាន ឱ្យអង្គភាពរបស់លោកចាងហ្វាង អនុវត្តដូចខាងក្រោម៖
១- គោរពឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន កិច្ចសន្យាដែលតម្កល់នៅ ក្រសួងព័ត៌មាន និងបញ្ឈប់នូវរាល់ការផ្សព្វផ្សាយព័ត៌មាន ដោយមិនមានមូលដ្ឋានច្បាស់លាស់ មិនមានតុល្យភាព នាំឱ្យសាធារណមតិមានការយល់ច្រឡំ។
២- ដកចេញនូវរាល់ព័ត៌មាន អត្ថបទ រូបភាព និងវីដេអូទាំងអស់ដែលបានផ្សាយកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងស្ថាប័នតុលាការខេត្តកំពង់ចាម។
៣- អប់រំ ណែនាំ និងពង្រឹងសមត្ថភាពអ្នកយកព័ត៌មានក្នុងអង្គភាពឱ្យប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន និងអាកប្បកិរិយាថ្លៃថ្នូរ។
ទទួលបានលិខិតព្រមាននេះ លោកចាងហ្វាងត្រូវអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្រសួងនឹងពិនិត្យតាមដានការអនុវត្តការព្រមាននេះ រយៈពេល ១៥ (ដប់ប្រាំ) ថ្ងៃ ចាប់ពីថ្ងៃចុះហត្ថលេខា នេះតទៅ ក្នុងករណីមិនអនុវត្តតាមការព្រមាននេះ ក្រសួងនឹងលុបប្រកាសអនុញ្ញាតធ្វើអាជីកម្ម និងត្រូវ ទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ៕
ដោយ ៖ សិលា