ព័ត៌មានទាន់ហេតុការណ៍៖

ឧបនាយករដ្ឋមន្រ្តី​ សាយ​ សំអាល់​៖​ ផ្តាំផ្ញើបងប្អូនទាំងអស់ សូមថែរក្សាបណ្ណដែលទទួលបាននាពេលនេះ ដែលជាទ្រព្យសម្បត្តិធ្វើឱ្យបងប្អូនរីកចម្រើនក្នុងជីវិត និងបន្សល់ជាមរតកបន្តជំនាន់

ចែករំលែក៖

ខេត្ត​សៀមរាប​៖​ លោកឧបនាយករដ្ឋមន្ត្រី សាយ​ សំអាល់​ រដ្ឋមន្ត្រី​ក្រសួងដែនដីនគរូបនីយកម្ម​ និងសំណង់​ បានមានប្រសាសន៍ផ្តាំផ្ញើបងប្អូនទាំងអស់ សូមថែរក្សាបណ្ណដែលទទួលបាននាពេលនេះ ដែលជាទ្រព្យសម្បត្តិធ្វើឱ្យបងប្អូនរីកចម្រើនក្នុងជីវិត និងបន្សល់ជាមរតកបន្តជំនាន់។

ការថ្លែងបែបនេះ​របស់​លោកឧបនាយករដ្ឋមន្ត្រី​ សាយ​ សំអាល់​ ថែ្លងនៅក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋចំនួន ៥៣ភូមិ ក្នុងភូមិសាស្រ្តក្រុងសៀមរាប និងស្រុកប្រាសាទបាគង ខេត្តសៀមរាប នៅថ្ងៃសៅរ៍​ទី​៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០២៤នេះ។ 

នាឱកាសនោះ​ លោកឧបនាយករដ្ឋមន្ត្រី​ សូមថ្លែងអំណរគុណដល់រដ្ឋបាលខេត្តសៀមរាប មន្ត្រីរាជការ កងកម្លាំងជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន អាជ្ញាធរជាតិអប្សរា និងប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមសម្រចយុទ្ធនាការចុះបញ្ជីដីធ្លីបង្ហើយ រហូតទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅថ្ងៃនេះ។ ការចុះបញ្ជីដីបង្ហើយ គឺដើម្បីធានាបាននូវសុវត្ថិភាពផ្លូវច្បាប់ក្នុងការកាន់កាប់អចលនទ្រព្យ បង្កើតនិងបង្កើនបរិយាកាសគ្មានវិវាទ ផ្តល់សេវាគាប់ចិត្តជូនប្រជាជន និងថែមទាំងរួមចំណែកបង្កើនចំណូលថវិកាជាតិផងដែរ។ 

លោកឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានមានប្រសាសន៍បន្ថែមថា ក្រសួងនឹងរៀបចំការអនុវត្តគោលការណ៍ក្នុងការរស់នៅក្នុងតំបន់បេតិកភណ្ឌ ជូនបងប្អូនពលរដ្ឋនៅសៀមរាប ដោយក្នុងនោះក្រសួងបាននិងកំពុងអនុវត្តកិច្ចការមួយចំនួនរួមមាន​ ដូចខាងក្រោម​៖

– ការចុះបញ្ជីដីធ្លីក្នុងខេត្តសៀមរាបទាំងមូល

– ការចុះបញ្ជីដីធ្លីនៅតំបន់បុរាណដ្ឋាន

– ពិនិត្យមើលលក្ខខណ្ឌនៃការប្រើប្រាស់ដីទាំង ១១៤ភូមិ នៅក្នុងតំបន់អង្គរ និងរៀបចំកសាងផែនការប្រើប្រាស់ដី ដើម្បីឱ្យពលរដ្ឋរស់នៅដោយស្ងប់ចិត្ត និងមានការស្រុះស្រួលគ្នា តាមរយៈការពិគ្រោះយោបល់ជាមួយពលរដ្ឋក្នុងវេទិកាសាធារណៈ

– គិតគូររៀបចំខេត្តឱ្យបានល្អ ដើម្បីឱ្យភ្ញៀវទេសចរមកលេង ដែលនឹងជួយជំរុញកំណើនសេដ្ឋកិច្ច និងលើកស្ទួយជីវភាពប្រជាពលរដ្ឋ៕

ដោយ​៖ តារា​


ចែករំលែក៖