ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ ឆ្លៀតឱកាសចុះមកពិនិត្យ​ស្ថានភាព​ និងទស្សនាសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប

ចែករំលែក៖

ខេត្ត​សៀមរាប​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ បន្ទាប់ពីបានចូលរួមកម្មវិធីរត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរវត្តលើកទី ២៩ នៅថ្ងៃទី​០១​ ខែធ្នូ​ ឆ្នាំ​២០២៤​ សម្ដេច​ បានឆ្លៀតឱកាសចុះមកពិនិត្យ​ស្ថានភាព​ និងទស្សនាសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។ 

សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ បានថ្លែង​បញ្ជាក់ថា​ សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក​ ជាទីកន្លែងផ្តល់នូវទស្សនីយភាពបែបធម្មជាតិនៃការរស់នៅរបស់បងប្អូនប្រជាជនខ្មែរតាមបែបបទអ្នកទន្លេ​ និងសម្រស់ធម្មជាតិសម្បូរបែបរបស់បឹងទន្លេសាប​ផងដែរ។ 

ជាមួយគ្នានេះ​ បន្ទាប់ពីបានទស្សនកិច្ច​ និងជួបសំណេះសំណាលផ្ទាល់ជាមួយសហគមន៍​ ពិសេសអ្នកប្រកបរបរជាអ្នកបេីកបរកាណូត​ និងអុំទូកបម្រេីសេវាជូនអ្នកទេសចរ សម្ដេច​ធិបតី​ ទទួលបាននូវសំណូមពរ​មួយចំនួន​ ហេីយសម្រេចផ្តល់ជាដំណោះស្រាយជូនដូចខាងក្រោម៖ 

១. កសាងផ្លូវកៅស៊ូ ៨គីឡូម៉ែត្រ​ លើផ្លូវក្រាលគ្រួសក្រហម​ដែលមានស្រាប់ ដេីម្បីផ្តល់ភាពងាយស្រួលក្នុងការធ្វេីដំណេីរ​ និងកាត់បន្ថយការហុយ

២. កសាងបញ្ជរលក់សំបុត្រថ្មីរបស់សហគមន៍ ដែលនឹងជួយឱ្យសហគមន៍មិនចាំបាច់ជួលដីដើម្បីលក់សំបុត្រដូចបច្ចុប្បន្ន

៣. ផ្តល់បន្ថែមនូវធុងសំរាមក្នុងសហគមន៍ ដើម្បីថែរក្សាអនាម័យ និងបរិស្ថាន នៅក្នុងតំបន់។ 

បន្ថែមពីនេះ​ សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ ក៏សូមកោតសរសើរចំពោះបងប្អូនប្រជាពលរដ្ឋនៅកំពុងភ្លុក ដែលបានរួមគ្នាចងក្រងជាសហគមន៍​ ដេីម្បីផ្តល់ជូននូវសេវាកម្មយ៉ាងល្អជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រកបដោយស្នាមញញឹមនិងសប្បាយរីករាយ​ ជាពិសេសក៏រួមចំណែកក្នុងការលេីកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ​ និងបង្កើតផលិតផលទេសចរណ៍បន្ថែមនៅក្នុងខេត្តសៀមរាប។៕

ដោយ​៖ តារា​


ចែករំលែក៖