ខេត្តបន្ទាយមានជ័យ៖ ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀង អាជ្ញាធរកម្ពុជា-ថៃ បានបើកដំណើរការចេញ-ចូលដឹកទំនិញចាប់ពីម៉ោង៦ព្រឹកដល់ម៉ោង១០យប់ ត្រូវបានប្រជុំធ្វើការផ្សព្វផ្សាយឲ្យដំណើរការនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤។
លោក ញឹម ផឿង អភិបាលរងក្រុងប៉ោយប៉ែត បានប្រាប់ឱ្យដឹងថា នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ អាជ្ញាធរកម្ពុជា និងថៃ បានបើកកិច្ចប្រជុំមួយនៅក្នុងស្រុកអរញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ដែលភាគីកម្ពុជាដឹកនាំដោយ លោក លៀម សូដា អភិបាលរងខេត្តបន្ទាយមានជ័យ និងខាងភាគីថៃដឹកនាំដោយអភិបាលរងខេត្តស្រះកែវ រួមជាមួយមន្ត្រីពាក់ព័ន្ធទាំងពីរភាគីជាច្រើននាក់។
លោក ញឹម ផឿង បានបញ្ជាក់ថា៖ ការប្រជុំរវាងអាជ្ញាធរខេត្តជាប់ជាយដែនគ្នានេះ គឺប្រជុំផ្សព្វផ្សាយអំពីការដាក់ឱ្យដំណើរការច្រកទ្វារអន្តរជាតិស្ទឹងបត់-បានណងអៀង ត្រូវបន្ថែមវេលា ដោយបើកដំណើរការចាប់ពីម៉ោង ៦ព្រឹក ដល់ម៉ោង១០យប់ សម្រាប់ការចេញចូលរថយន្តដឹកទំនិញធំៗ ដែលកន្លងមកបើកដំណើរចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង៦ល្ងាចតែប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថាៈ ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀង ជាច្រកព្រំដែនអន្តរជាតិរវាងប្រទេសកម្ពុជា នឹងប្រទេសថៃ ដែលបានបើកដំណើរការឱ្យតែរថយន្តដឹកទំនិញចេញ-ចូលប៉ុណ្ណោះ ដើម្បីបញ្ចៀសការកកស្ទះនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដែលសំរាប់ឲ្យភ្ញៀវទេសចរជាតិនិងអន្តរជាតិ រួមជាប្រជាពលរដ្ឋទាំងពីរភាគីធ្វើដំណើរទៅប្រកបមុខរបរធ្វើការងារតែប៉ុណ្ណោះ៕
ដោយ៖ វណ្ណា