ខេត្តស្វាយរៀង៖ អ្នកនាំពាក្យសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ម្សិលមិញនេះ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនទាំងអស់ មេត្តាជ្រាបថា សាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានទទួលសំណុំរឿង ព្រហ្មទណ្ឌលេខៈ៦៨៥ ចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ពីអយ្យការអមសាលាដំបូងខេត្តស្វាយរៀ ទាក់ទិននឹងការបង្ក្រាបអំពើ ជួញដូរគ្រឿងញៀនចំនួនមួយករណី ដែលមានសារធាតុសង្ស័យជាថ្នាំញៀន ប្រភេទមេតំហ្វេតាមីន ប្រភេទកេតាមីន និងប្រភេទអ៊ុចស្តាស៊ី សរុបទម្ងន់៥ ៣៣៥,២៧ ក្រាម(ប្រាំពាន់ បីរយសាមសិបប្រាំ កណ្ដកសញ្ញាម្ភៃប្រាំពីរ)ក្រាម មានជនជាប់ពាក់ព័ន្ឋចំនួន១១នាក់។
ក្នុងនោះមានជនជាតិ វៀតណាមចំនួន៦នាក់ និងជនជាតិខ្មែរចំនួន៥នាក់ ក្នុងចំណោមជនជាប់ពាក់ព័ន្ឋទាំង១១នាក់នោះ មានខ្លួនចំនួន៧នាក់ រត់គេចខ្លួនចំនួន៤នាក់ ត្រូវបានតំណាងអយ្យការដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យ ពីបទៈ រក្សា ទុក ជួញដូរ ចាត់ចែងឱ្យប្រើប្រាស់ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ពីបទៈ កាន់កាប់ និង ជួញដូរអាវុធដោយគ្មានការអនុញ្ញាត និង ពីបទៈ សមគំនិតក្នុងអំពើជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវ សារធាតុញៀន ប្រព្រឹត្តនៅភូមិបាវិតកណ្តាល និងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង កាល ពីអំឡុងឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ តាមមាត្រា ៤០ កថាខណ្ឌទី៧ ចំណុចទី៤ មាត្រា ៤២ មាត្រា ៤៥ មាត្រា ៤៨ កថាខណ្ឌទី៤ និង កថាខណ្ឌទី៦ ចំណុចទី១ និងមាត្រា ៥៣ នៃច្បាប់ស្តីពីការត្រួត ពិនិត្យគ្រឿងញៀន និង មាត្រា ៨ មាត្រា ២០ និង មាត្រា ២៤ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់ រំសេវ និង មាត្រា ២៩ នៃក្រមព្រហ្មទណ្ឌ។
បន្ទាប់ពីសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាងរួចមក ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្ត ស្វាយរៀង បានសម្រេចឃុំខ្លួនជាបណ្តោះអាសន្នលើជនត្រូវចោទមានខ្លួនចំនួន៧នាក់ដូចខាងលើ នៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ តាមដីកាបង្គាប់ឱ្យឃុំខ្លួនលេខៈ៣១៨១ប.ឃខ/២៤, លេខៈ៣១៨៣ប.ឃខ/២៤, លេខៈ៣១៨៥ប.ឃខ/២៤,លេខៈ៣១៨៧ប.ឃខ/២៤, លេខ៣១៨៩ប.ឃខ/២៤, លេខៈ៣១៩១ប.ឃខ/ ២៤ និង លេខៈ៣១៩៣ប.ឃខ/២៤ ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅពន្ធនាគារខេត្តស្វាយរៀង ដោយ ឡែកជនត្រូវចោទដែលរត់គេចខ្លួនចំនួន៤នាក់ទៀត ចៅក្រមស៊ើបសួរនឹងស្វែងរកចាប់ខ្លួន ដើម្បីអនុវត្តតាម នីតិវិធីច្បាប់ជាបន្តទៀត៕
ដោយ៖ តារា