ភ្នំពេញ ៖ សាកសពបុរសម្នាក់មានលក្ខណៈហើមស្អុយទៅហើយត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងព្រៃក្បែរចិញ្ចើមផ្លូវបេតុងបន្ទាប់ពីបាត់ខ្លួនអស់រយៈពេល ៩ថ្ងៃមកហើយ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០២៤នៅក្នុងទំនាបបឹង ក្បែរចិញ្ចឹមផ្លូវបេតុង ចម្ងាយប្រមាណជាង២គីឡូម៉ែត្រពីផ្លូវជាតិលេខ៦អា(ច្រកចូលបុរី ហាយឡេន) ចន្លោះស្ពានលេខ៩និងលេខ១០ ក្នុងភូមិក្ដីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
សពបុរសរូបនោះក្រុមគ្រួសារបានឱ្យដឹងថា ឈ្មោះ ឈិត វណ្ណា អាយុជាង៥៣ឆ្នាំ ជាមនុស្សមានសតិមិនប្រក្រតី ស្នាក់នៅភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់អោយដឹងថា នៅវេលាព្រឹកថ្ងៃកើតហេតុមានប្រជាពលរដ្ឋម្នាក់បានធ្វើដំណើរឆ្លងកាត់ហើយឈប់បត់ជើងក៏បានប្រទះឃើញសាកសពបុរសម្នាក់មានលក្ខណៈហើមស្អុយទៅហើយដេកស្លាប់នៅក្នុងព្រៃរនាមទំនាបបឹងរួចក៏បានរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានបង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង។បន្ទាប់ពីភ្ញាក់ផ្អើលក៏ដឹងដល់ក្រុមគ្រួសារក្មួយៗចុះទៅកន្លែងកើតហេតុដោយ អះអាងថា សពជាសពអ៊ំរបស់ខ្លួនដែលបានបាត់ខ្លួនរយៈពេល៩ថ្ងៃមកហើយ។
តាមសាច់ញាតិសពបានឲ្យដឹងថា អ៊ំរបស់ខ្លួនបានចេញពីផ្ទះតាំងពីវេលាម៉ោង ៨ ព្រឹកថ្ងៃទី២៤ ខែវិច្ឆិកាឆ្នាំ២០២៤ដើម្បីដើរហាត់ប្រាណដូចសពដងហើយក៏បាត់ខ្លួនមិនឃើញមកផ្ទះ។
តាមក្រុមគ្រួសារឲ្យដឹងទៀតថា សពជាមនុស្សមានសតិមិនប្រក្រតីហើយចេះតែដើរហាត់ប្រាណជាប្រចាំ ទៅម្តងផ្សារចិនណាន់ ស្ពាន៥មករាជាដើម ហើយនៅវេលាម៉ោងប្រមាណ១០ព្រឹកត្រឡប់មកផ្ទះវិញមិននឹកស្មានថាគាត់មកដល់បាក់ខែងបែបនេះ។បន្ទាប់ពីភ្ញាក់ផ្អើលនគរបាលជំនាញក៏បានចុះត្រួតពិនិត្យសាកសព ។
តាមការពិនិត្យរបស់ការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្រ្តនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គ្រូពេទ្យកោសល្យវិច័យ រាជធានីភ្នំពេញ បានធ្វើការសន្និដ្ឋានថា ការស្លាប់នេះដោយសារគាំងបេះដូង រួចក៏ប្រគល់សពជូនទៅសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕
ដោយ ៖ ភារ៉ា ដង្កោ