ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តតាកែវ ៖ កីឡាជនពិការ បាននាំមកនូវមោទកភាពជាតិគួរឱ្យស្ញប់ស្ញែង

ចែករំលែក៖

ខេត្តតាកែវ ៖ ក្នុងឱកាសអញ្ជើញជួបក្រុមកីឡាករនិងកីឡាជនពិការ ដែលទទួលបានមេដាយមាស ប្រាក់ សំរឹទ្ធិចូលរួមប្រកួតកីឡាជាតិលើកទី០៤ និងកីឡាជាតិជនពិកាលើកទី២ ឆ្នាំ២០២៤ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានធ្វើការលើកទឹកចិត្តដល់បងប្អូនកីឡាករជនពិការ ឱ្យប្រឹងប្រែងហ្វឹកហាត់បន្តទៀតដើម្បីលើកកម្ពស់មុខមាត់ខេត្តតាកែវ ក៏ដូចជាលើកកម្ពស់មុខមាត់ប្រទេសជាតិ តាមរយៈការចូលរួមប្រកួតកីឡាដោយទទួលបានមេដាយមាស ប្រាក់ និងសំរិទ្ធិជាដើម។

លោក អភិបាលខេត្ត បានថ្លែងបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់លើបងប្អូនពិការយ៉ាងខ្លាំងក្លាជាទីបំផុត ពោលគឺមិនបានបោះបង់ជនពិការចោលនោះទេ ហើយបងប្អូនជនពិការយើងមួយចំនួនដែលមានសមត្ថភាព ត្រូវបានលើកទឹកចិត្តនិងតែងតាំងឱ្យកាន់មុខតំណែងមួយចំនួននៅក្នុងក្របខ័ណ្ឌមន្រ្តីរាជការ និងនយោបាយថែមទៀតផង។

លោក អភិបាលខេត្ត មានប្រសាសន៍បន្តថា ជនពិការនៅកម្ពុជាមិនមានការរើសអើងនោះទេ ជនពិការមានកិត្តិយស មានសមត្ថភាព មានសេចក្ដីថ្លៃថ្នូរ ហើយថែមទាំងបានផ្ដល់នូវមោទកភាពចំពោះប្រទេសជាតិ តាមរយៈការចូលរួមប្រកួតកីឡាដោយឈ្នះបានមេដាយមាស មេដាយប្រាក់ និងសំរិទ្ធិ ជាដើម។ នេះគឺជាការខិតខំប្រឹងប្រែងរបស់បងប្អូនជនពិការយើង ដែលបង្ហាញពីសមត្ថភាពពិតរបស់ខ្លួន។

ក្នុងឱកាសនោះ លោក អភិបាលខេត្តតាកែវ ក៏បានធ្វើការលើកទឹកចិត្តដល់ក្រុមកីឡាករ និងកីឡាករជនពិការទាំងអស់ ដែលទទួលបានមេដាយមាស មេដាយប្រាក់ មេដាយសំរិទ្ធិ តាមរយៈការឧបត្ថមថវិការមួយចំនួន ជាការលើកទឹកចឹត្តដល់កីឡាករទាំងអស់ផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖