កាលពីថ្ងៃទី២៣ ខែសីហា ស្នងការ ប៉ូលិសហ្វុីលីពីនបានឲ្យដឹងថាមនុស្សជាង១.៩០០នាក់ស្លាប់នៅក្នុងយុទ្ធនាការកម្ចាត់ ក្រុមជួញដូរគ្រឿងញៀន ហើយនៅក្នុង យុទ្ធនាការនោះមួយថ្ងៃគឺមានអ្នកស្លាប់៣៦នាក់ ។
សារព័ត៌មាន AFP បានផ្សាយថា តួលេខ ខាងលើរបស់ស្នងការប៉ូលិសលោក Ronald Dela Rosa លើកឡើងនៅក្នុងការសាកសួររបស់សភាហ្វុីលីពីនក្រោយរយៈពេល៧សប្តាហ៍ដែលប្រធានាធិបតី Rodrigo Duterte ស្បថចូលកាន់តំណែងហើយ ប្រកាសសង្គ្រាមប្រឆាំងគ្រឿងញៀន។ នៅ ក្នុងសភាលោក Ronald Dela Rosa បញ្ជាក់ ថា ប៉ូលិសគ្មានគោលនយោបាយបើកចំហពីការសម្លាប់ក្រុមអ្នកជួញដូរគ្រឿងញៀន។
លោក Ronald Dela Rosa បន្តទៀតថា ក្នុងចំណោមមនុស្ស១.៩០០នាក់ស្លាប់មាន ៧៥០ត្រូវសម្លាប់នៅក្នុងពេលធ្វើសកម្មភាព ចាប់ក្រុមជួញដូរគ្រឿងញៀន។ ចំណែក អ្នកស្លាប់១.១០០នាក់ទៀតកំពុងតែបើកការស្រាវជ្រាវ។ លោកបញ្ជាក់ទៀតថា មិនមែនអ្នកស្លាប់ទាំងអស់ពាក់ព័ន្ធនិងគ្រឿងញៀននោះឡើយគឺមានអ្នកស្លាប់ដោយសារតែពាក់ព័ន្ធករណីឆក់ប្លន់។
ទន្ទឹមនឹងនោះលោក Ronald Dela Rosa បានបញ្ជាក់ទៀតថា មានមនុស្ស៧សែននាក់បានប្រើប្រាស់គ្រឿងញៀននិងជួញដូរគ្រឿងញៀនបានចេញមកសារភាព បញ្ចៀសការចាប់ខ្លួនពីពលរដ្ឋ។ លោក បន្តទៀតថា ជនល្មើសនៅក្នុងប្រទេសបានថយចុះយ៉ាងខ្លាំងក្នុងរយៈពេលកន្លងមក បើទោះបីមានអ្នកស្លាប់កើនឡើងក៏ដោយ ។
លោក Ronald Dela Rosa បន្តទៀតថា កម្លាំងប៉ូលិសកំពុងតែស្រាវជ្រាវទៅលើមន្ត្រី ប៉ូលិស៣០០នាក់ជាប់ពាក់ព័ន្ធនឹងសកម្មភាពជួញដូរគ្រឿងញៀន។ ទាំងនោះហើយ បានធ្វើឲ្យមានពាក្យចចាមអារ៉ាមថា ប៉ូលិស បានសម្លាប់មនុស្សបំបិទមាត់ទៅលើក្រុមជួញដូរគ្រឿងញៀនដែលប៉ូលិសជាប់ពាក់ព័ន្ធនោះទើបមានអ្នកស្លាប់ច្រើនបែបនេះ។ ការស្រាវជ្រាវពាក់ព័ន្ធនឹងប៉ូលិសមានទំនាក់ ទំនងជាមួយក្រុមជួញដូរគ្រឿងញៀនធ្វើ ឡើងដោយលោក Leila De Lima សមា ជិកព្រិទ្ធសភានិងជាអ្នករិះគន់យ៉ាងខ្លាំងដល់ ប្រធានាធិបតី Duterte ទៀតផង ។
នៅក្នុងការសាកសួរនៅសភានោះលោក Leila De Lima ក៏បានកោះហៅមន្ត្រីប្រឆាំង គ្រឿងញៀនមកសាកសួរឲ្យបកស្រាយពីអ្នកស្លាប់កើនឡើងក៏ដូចជាការចោទប្រកាន់ សម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការរយៈពេល កន្លងមក៕ ម៉ែវ សាធី