ភ្នំពេញ ៖ មានការប្រទះឃើញសពមន្រ្ដីយោធាម្នាក់បានអណ្តែតទឹកហើមស្អុយនៅជាប់ច្រាំងកំប្លោក ក្រោយសណ្ឋាគារកាំបូឌីយ៉ាណា ដោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០ និង ៣០នាទីព្រឹកថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចទន្លេចតុមុខ ក្តោយសណ្ឋាគារ កាំបូឌីយ៉ាណា ក្នុងភូមិ០២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
សាកសពជនរងគ្រោះឈ្មោះ ជុំ វណ្ណី អាយុ ៤៤ ឆ្នាំ មុខរបរមន្រ្តីយោធា មាន ស្រុកកំណើតនៅភូមិព្រែកស្លឹក ស្រុកទ្រាំង ខេត្តតាកែវ ។ បច្ចុប្បន្នស្នាក់នៅ បន្ទប់ជួលក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ។ ភិនភាគសព មានកម្ពស់១ម៉ែត្រ ៧០សង់ទីម៉ែត្រ ពាក់អាវកីឡាដៃខ្លី ពណ៌ក្រហមលាយខៀវ និងស្លៀកខោជើងវែង ពណ៌ត្រេអុី (ខោយោធា) ។
យោងតាមប្រភពព័ត៌មានពីបុរសម្នាក់ បានអោយដឹងថា មុនពេលប្រទះឃើញសព រូបគាត់បានកាយកំប្លោកចេញពីទីតាំងខាងលើ ពីព្រោះកន្លែងរបស់គាត់មានកម្មវិធី ស្រាប់តែកំពុងកាយៗក៏ប្រទះឃើញសាកសពបុរសខាងលើ រូបគាត់បានទៅប្រាប់មេរបស់គាត់និងបានរាយការណ៍ជូនសមត្ថកិច្ចចុះមកពិនិត្យ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចធ្វើការរាយការណ៍ទៅមន្រ្តីជំនាញចក្ខុនិងកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីមកធ្វើការត្រួតពិនិត្យ ។ បន្ទាប់ពីត្រួតពិនិត្យរួចរាល់ សមត្ថកិច្ចបានប្រគល់សពជូនក្រុមគ្រួសារសាច់ញា្ញតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯវត្តទួល ។
គួរបញ្ជាក់ផងដែរថា សពរងគ្រោះបានលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វាកាលពីព្រឹកថ្ងៃទិ០២ ខែធ្នូ ឆ្នាំ២០២៤ ដោយបន្សល់បណ្តាំមួយសន្លឹកផ្តាំទៅកាន់ក្រុមគ្រួសារ និងសុំទោសទៅកាន់ឪពុកម្តាយ រួចក៏បានបញ្ចប់ជីវិត។
រហូតមកដល់ថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០២៤ ក៏ប្រទះឃើញសពអណ្ដែតទឹកនៅច្រាំងកំប្លោក ក្រោយសណ្ឋាគារកាំបូឌីយ៉ាណាតែម្តង ៕
ដោយ ៖ ភារ៉ា ដង្កោ