ភ្នំពេញ៖ លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានចូលរួមជាវាគ្មិនក្នុងកម្មវិធីខាងលើនៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា កាលពីរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ម្សិលមិញនេះ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងគោលបំណងបញ្ជ្រាបការឈ្វេងយល់អំពីបច្ចុប្បន្នភាពថ្មីនៃសក្តានុពល និងបរិយាកាសវិនិយោគនៅកម្ពុជា។
មានមតិក្នុងពិធីដ៏អធិកអធមនេះ លោកអគ្គលេខាធិការរង បានថ្លែងអំណរគុណជូនចំពោះសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មឡាវដែលបានសហការរៀបចំវេទិកាធុរកិច្ចកម្ពុជា-ឡាវសំដៅធ្វើសន្ធានកម្មរវាងវិនិយោគិនក្នុងស្រុក និងវិនិយោគិនឡាវ។
ជាមួយគ្នានេះ លោកអគ្គលេខាធិការរងរូបនេះ បានជម្រាបជូនអ្នកចូលរួមអំពីលក្ខណៈអំណោយផលនៃព្រះរាជាណាចក្រកម្ពុជាដល់ការវិនិយោគលើគ្រប់វិស័យរួមមានស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច, ទីតាំងយុទ្ធសាស្រ្ត, កម្លាំងពលកម្មវ័យក្មេងប្រកបដោយផលិតភាព, អត្ថិភាពនៃរាជរដ្ឋាភិបាលដែលមានទំនោរគាំទ្រដល់ធុរកិច្ច និងរបបវិនិយោគដែលមានភាពអនុគ្រោះដល់ការធ្វើធុរកិច្ចតាមរយៈការផ្តល់កិច្ចសម្រួលវិនិយោគ, កញ្ចប់លើកទឹកចិត្តឆ្លាតវៃ និងការថែទាំវិនិយោគប្រកបដោយភាពកក់ក្តៅ។
ជាកិច្ចបញ្ចប់ លោកបានបង្ហាញជំនឿចិត្តថា វិនិយោគិនដែលមានវត្តមានក្នុងកម្មវិធីនេះនឹងស្វែងរកកាលានុវត្តភាពធ្វើការបណ្តាក់ទុនវិនិយោគនៅកម្ពុជាក្រោមរូបភាពភាគហ៊ុនិក ឬដោយផ្ទាល់នាពេលដ៏ខ្លីខាងមុខ។
សូមជម្រាបជូនផងដែរថា វេទិកាធុរកិច្ចកម្ពុជា-ឡាវគឺជាព្រឹត្តិការណ៍អមនៃដំណើរទស្សនកិច្ចផ្លូវការមកកាន់ព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី៤-៥ ខែធ្នូ ឆ្នាំ២០២៤ របស់ លោកបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងលោកស្រី វណ្ណដាឡា ស៊ីផាន់ដន៕
ដោយ៖ តារា