ភ្នំពេញ ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងលើកកម្រិតជួសជុល និងថែទាំផ្លូវខេត្តលេខ៣១២ ដែលជាផ្លូវយុទ្ធសាស្រ្តភ្ជាប់ពីផ្លូវជាតិលេខ១ ទៅច្រកទ្វារព្រំដែនកម្ពុជា-វៀតណាម កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤។
លោក ផន រឹម អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ បានបញ្ជាក់ថា ៖ ខ្សែផ្លូវនេះ មានប្រវែង ២៨,៣៧ គ.ម ដោយចាប់ផ្តើមពីភូមិសំរោង ឃុំល្វា (ត្រង់បំបែកផ្លូវជាតិលេខ១ គីឡូម៉ែត្រលេខ ៧៧+០៨២) រហូតដល់ភូមិករគោ ឃុំបន្ទាយចក្រី (ព្រំប្រទល់កម្ពុជា-វៀតណាម) ក្នុងភូមិសាស្រ្តស្រុកព្រះស្តេច នៃខេត្តព្រៃវែង។
លោកបន្តថា ៖ គិតត្រឹមបំណាច់ខែវិច្ឆិកា ឆ្នាំ២០២៤ គម្រោងអនុវត្តបាន៩២,១០% និងកាលបរិច្ឆេទបញ្ចប់ការសាងសង់ក្នុងកិច្ចសន្យានៅបំណាចខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះហើយ។
លោក ផន រឹម អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ថា ៖ គម្រោងនេះ ត្រូវបានស្តារពង្រីកទទឹងតួផ្លូវរហូតដល់ ១២ម៉ែត្រ និងលើកកម្រិតគុណភាព ពីប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់(DBST) ទៅជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ (AC) និងផ្នែកខ្លះក្រាលបេតុងសរសៃដែកកម្រាស់ ២៥ស.ម ដែលមានទទឹងរួម ១១ម៉ែត្រ និងមាន២គន្លងទៅ-មក៕
ដោយ ៖ សិលា