ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញដំណើរទស្សនកិច្ច ពិនិត្យការរៀន និងបង្រៀន នៅវិទ្យាល័យសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំក្រុមការងារ ទស្សនកិច្ច ពិនិត្យការរៀន និងបង្រៀន នៅវិទ្យាល័យសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ដោយមានការចូលរួមពី លោក លោកស្រី ថ្នាក់ដឹកនាំក្រសួង អភិបាលរង នៃគណៈអភិបាលស្រុកសំឡូត តំណាងរដ្ឋបាលស្រុកសំឡូត គណៈគ្រប់គ្រងសាលារៀន នាយក នាយិកា បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាល និងក្មួយៗសិស្សានុសិស្ស។

បន្ទាប់ពីបានស្តាប់របាយការណ៍របស់លោកនាយក លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា សូមកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ គណៈគ្រប់គ្រង នាយក លោកគ្រូ អ្នកគ្រូ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែង បំពេញការងារប្រកបដោយមនសិការវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ ជាពិសេសចូលរួមអនុវត្តគម្រោង(GEIP) និងសម្រេចបាននូវការប្រែក្លាយវិទ្យាល័យសំឡូត ឱ្យទៅជាសាលារៀនគំរូ ដោយអត្រាសិស្សជាប់មានការកើនឡើងលើសអត្រាថ្នាក់ជាតិ ដែលនេះបានបង្ហាញពីការខិតខំប្រឹងប្រែងរបស់អ្នកពាក់ព័ន្ធទាំងអស់នៃវិទ្យាល័យ រួមទាំងមាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ទាំងមូល ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយគាំទ្រ និងលើកកម្ពស់គុណភាពអប់រំ ឆ្លើយតបនឹងចក្ខុវិស័យកំណែទម្រង់វិស័យអប់រំក្នុងប្រទេសកម្ពុជា។

ដើម្បីអនុវត្តកំណែទម្រង់វិស័យអប់រំឱ្យកាន់តែមានប្រសិទ្ធភាព និងគុណភាព លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងនូវកត្តា ៤សំខាន់ ដូចខាងក្រោម៖

– (ទី១). កត្តាសាលារៀន៖ ត្រូវតែមានអគារហេដ្ឋារចនាសម្ព័ន្ធសមស្រប បន្ទប់ពិសោធន៍ បន្ទប់កុំព្យូទ័រ រៀបចំបរិស្ថានសាលារៀនស្អាត ដើម្បីទាក់ទាញសិស្សឱ្យចង់ទៅរៀន និងជាពិសេសការដឹកនាំគ្រប់គ្រងបានល្អពីសំណាក់នាយក នាយិកាសាលារៀន ដែលជំរុញបាននូវអភិបាលកិច្ចសាលារៀនប្រកបដោយប្រសិទ្ធភាពខ្ពស់ 

– (ទី២). កត្តាសិស្ស៖ សិស្សត្រូវមានសុខភាពរឹងមាំល្អ ខួរក្បាលឆ្លាតវៃទើបរៀនបានពូកែ ការបញ្ជូនកូនឱ្យចូលរៀនថ្នាក់មត្តេយ្យ ដើម្បីរៀបចំពួកគេត្រៀមខ្លួនរួចរាល់សម្រាប់ ការចូលរៀនថ្នាក់បឋមសិក្សា និងកម្រិតសិក្សាបន្តបន្ទាប់ទៀត

– (ទី៣). កត្តាគ្រូបង្រៀន៖ ក្រសួងបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើការបណ្ដុះបណ្តាលគ្រូបង្រៀន ឱ្យមានគុណភាព ដោយផ្តោតលើស្តង់ដាវិជ្ជាជីវៈគ្រូ និងបន្តពង្រឹងគុណវុឌ្ឍិគ្រូបង្រៀន និងបន្តលើកកម្ពស់តួនាទី កិត្តិយស និងជីវភាពគ្រូបង្រៀន ឱ្យកាន់តែមានតម្លៃក្នុងសង្គម

– (ទី៤). កត្តាឪពុកម្តាយ អ្នកអាណាព្យាបាល៖ ត្រូវមឆនចូលរួមជំរុញកូនឱ្យទៅរៀន និងប្រឹងប្រែងសិក្សា។ ទន្ទឹមនឹងការខិតខំប្រឹងប្រែងរបស់សិស្សផ្ទាល់ ក៏ត្រូវមានការគាំទ្រទាំងផ្នែកស្មារតី និងធនធានពីសំណាក់ក្រុមគ្រួសារ ឪពុកម្តាយ អ្នកអាណាព្យាបាល និងសហគមន៍ផងដែរ។

បន្ថែមពីនេះ កំណែទម្រង់វិស័យអប់រំនាពេលកន្លងមក ដែលបានចាប់ផ្តើមពីការធ្វើកំណែទម្រង់ការប្រឡងសញ្ញាបត្រទុតិយភូមិក្នុងឆ្នាំ២០១៣ កំណែទម្រង់សាលារៀន និងនាពេលបច្ចុប្បន្ននេះ នៅកម្រិតបឋមសិក្សា ក្រសួងអប់រំបានដាក់ឱ្យអនុវត្តនៅកញ្ចប់អំណានដំបូង និងគណិតវិទ្យាដំបូង និងការបណ្តុះបណ្តាលគ្រូ។ នៅមធ្យមសិក្សា សាលាត្រូវធ្វើតេស្តដើមឆ្នាំ រៀបចំផែនការសម្រាប់បំប៉នសិស្សខ្សោយជាប្រចាំ ជាពិសេសលើការអាននិងសរសេរ គណិតវិទ្យា និងមុខវិជ្ជាសំខាន់ៗផ្សេងទៀត បន្តពង្រឹងវិធីសាស្ត្របង្រៀនថ្មីៗ លើកកម្ពស់សុខភាពសិក្សា ផ្តោតលើការអប់រំឌីជីថល និងបានលើកទឹកចិត្តដល់សិស្សានុសិស្សឱ្យប្រើប្រាស់បច្ចេកវិទ្យាឱ្យមានប្រយោជន៍ ពោលគឺការប្រើប្រាស់ទូរស័ព្ទដៃ ឬឧបករណ៍អេឡិចត្រូនិក ដើម្បីទទួលបានចំណេះដឹងបន្ថែម ឬដើម្បីពង្រឹងភាសាថ្មីរបស់ខ្លួន។

សារជាថ្មីម្តងទៀត តាងនាមក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាសូមចូលរួមអបអរសាទរចំពោះសមិទ្ធផលរបស់វិទ្យាល័យសំឡូតនូវការសម្រេចបានជាសាលារៀនគំរូ និងលើកទឹកចិត្តដល់ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសក្មួយសិស្សានុសិស្ស ឱ្យបន្តខិតខំប្រឹងប្រែងរៀនសូត្រ ពង្រឹងភាសាបរទេសបន្ថែម និងស្វែងរកនូវចំណេះដឹងថ្មីៗឱ្យបានច្បាស់លាស់ ដើម្បីអភិវឌ្ឍន៍គុណភាពអប់រំ និងក្លាយជាធនធានមនុស្សនៅក្នុងប្រទេសកម្ពុជានាពេលអនាគត៕

ដោយ ៖ សិលា


ចែករំលែក៖