ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ តើសេរីភាពនៃជំនឿសាសនានៅកម្ពុជា ត្រូវបានស្តារនិងសង្រ្គោះឡើងវិញនៅពេលណា?

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា សហគមន៍ខ្មែរឥស្លាមតែងតែទទួលបានការលើកកម្ពស់និងការយកចិត្តទុកដាក់តាំងពីដើមរៀងមក។ ជាក់ស្តែង ព្រះករុណាសម្តេចព្រះនរោត្តម សីហនុ បានសព្វព្រះរាជហឬទ័យប្រទាននាមថា «ខ្មែរ-ឥស្លាម» នៅក្រោយទទួលបានឯករាជ្យពីបារាំងនៅឆ្នាំ១៩៥៣ ក្នុងគោលបំណងឱ្យបងប្អូនឥស្លាម បានក្លាយជាពលរដ្ឋខ្មែរកាន់សាសនាឥស្លាមដោយស្របច្បាប់និងក្លាយជាខ្មែរតែមួយ។

នៅក្នុងពិធីបើកសន្និបាតលើកទី២០របស់អង្គការក្រុមប្រឹក្សាផ្សព្វផ្សាយឥស្លាមតំបន់អាស៊ីអាគ្នេយ៏ និងប៉ាស៊ីហ្វិក ប្រារព្ធនៅសណ្ឋាគារសុខាភ្នំពេញ នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បងប្អូនខ្មែរ-ឥស្លាម បានរងទុក្ខលំបាកដោយសារសង្រ្គាម ការរើសអើងជាតិសាសន៍ក្នុងរបបសាធារណរដ្ឋខ្មែរ និងការលុបបំបាត់ទាំងស្រុងនូវសេរីភាពសាសនា និងអំពើប្រល័យពូជសាសន៍ក្រោមការដឹកនាំរបស់របបកម្ពុជាប្រជាធិបតេយ្យ ហើយក្រោយថ្ងៃរំដោះ៧មករា ១៩៧៩ ទើបសេរីភាពនៃជំនឿសាសនានៅកម្ពុជា ត្រូវបានស្តារនិងសង្រ្គោះឡើងវិញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ការជំរុញសុខដុមនីយកម្មសាសនាគឺជា DNA របស់គណបក្សប្រជាជនកម្ពុជានៅគ្រប់អាណត្តិ ហើយគ្រប់អាណត្តិនៃរាជរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា តែងតែប្រកាន់ខ្ជាប់នូវគោលការណ៍នេះជានិច្ច។ 

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «សេរីភាព នៃការគោរពប្រណិប័តន៍សាសនាឥស្លាម ក៏ត្រូវបានរាជរដ្ឋភិបាលបើកទូលាយ, ជាក់ស្តែង សិស្ស-និស្សិតខ្មែរឥស្លាម អាចស្លៀកសំលៀកបំពាក់ប្រពៃណីឥស្លាម នៅតាមគ្រឹះស្ថាន សិក្សាគ្រប់កម្រិត ហើយបងប្អូនជាស្រ្តីអាចទទូរក្បាល ហើយបុរសក៏អាចពាក់មួកកាតឹបថតរូប សម្រាប់ប្រើប្រាស់ លើឯកសាររដ្ឋបាល ដូចជាលិខិតឆ្លងដែន និង អត្តសញ្ញាណបណ្ណ -ល-»។

បន្ថែមពីនោះទៀត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រៅពីនោះ ក៏មានកន្លែងថ្វាយបង្គំ នៅតាមព្រលានយន្តហោះ, មន្ទីរពេទ្យរដ្ឋ, រោងចក្រ, សណ្ឋាគារ និង ផ្សារធំៗមួយចំនួន ជាពិសេសនៅវិមានសន្តិភាព, ទីស្ដីការគណៈរដ្ឋមន្ត្រី ក៏បានរៀបចំបន្ទប់ថ្វាយបង្គំផងដែរ ៕ 

ដោយ ៖ សិលា


ចែករំលែក៖