ភ្នំពេញ ៖ ក្រោយពីប្រទេសកម្ពុជាបានឯករាជ្យពីបារាំងឆ្នាំ១៩៥៣ ពីមួយឆ្នាំទៅមួយឆ្នាំ កម្ពុជាបានបន្តដំណើរទៅមុខសន្សឹមៗ ជាបន្តបន្ទាប់ ក្លាយជាប្រទេសមួយដែលនៅសល់ទឹកដីដ៏តូចក្រោយពីចក្រភពខ្មែរដួលរលំដោយកត្តាបែកបាក់និងការជ្រៀតជ្រែកពីបរទេស។
ក្រោយទទួលបានឯករាជ្យពីបារាំង ព្រះប្រមុខរដ្ឋ នរោត្តម សីហនុ បានខិតខំការពារទឹកដីដែលនៅសេសសល់ដ៏តូចនេះ (ប្រទេសកម្ពុជាមានផ្ទៃដីសរុប ១៨១,០៣៥ គីឡូម៉ែតការ៉េ មានព្រំដែនដីគោកខាងជើង និងខាងលិចជាប់ប្រទេសថៃ ៨០០ គីឡូម៉ែត្រ, ភាគឦសានជាប់ជាមួយប្រទេសឡាវ ៥៤១ គីឡូម៉ែត្រ និងនៅភាគខាងកើត និងអាគ្នេយ៍ជាប់ជាមួយប្រទេសវៀតណាម ១,២២៨ គីឡូម៉ែត្រ)។
រយៈពេលប្រមាណជា ១៥ ឆ្នាំប៉ុណ្ណោះ កម្ពុជាបានក្រឡាប់ចាក់ម្តងទៀត។ ព្រឹត្តិការណ៍មុននឹងដល់ទីអវសាននៃរបបសង្គមរាស្ត្រនិយម ចលនាផ្សេងៗបានកើតឡើងតាមរយៈការជ្រៀតជ្រែកពីបរទេស រួមទាំងកាប៉ងធ្វើឃាតព្រះប្រមុខរដ្ឋពីរលើក រហូតថ្ងៃ១៨ មីនា ឆ្នាំ១៩៧០ ទីអវសាននៃរបបសង្គមរាស្ត្រនិយមត្រូវបញ្ចប់ដោយប្រជាជនភាគច្រើនមិនសាទរ។ ពេលនោះសញ្ញានៃការបែកបាក់ក្លាយជាសង្គ្រាមបង្ហូរឈាម ៥ឆ្នាំបានបញ្ចប់ ឆ្លងចូលដល់របបថ្មីមួយ។ ត្រឹមរយៈពេលតែ ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ បានសម្លាប់ខ្មែរស្ទើរផុតពូជអស់ជាង៣លាននាក់។
ថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ខ្មែរបានរំដោះ ប្រទេសនិងប្រជាជនខ្មែរគ្មានសល់អ្វីឡើយ ទាំងធនធានមនុស្ស ទាំងទ្រព្យសម្បត្តិ ពាសពេញប្រទេសពោរពេញដោយទុក្ខសោក ប្រជាជនបន្លាស់ទីមកស្រុកកំណើត ស្វែងរកសាច់ញាតិ។ ការតស៊ូរគ្រប់ដំណាក់កាលនយោបាយ កម្ពុជា បានប្រឹងប្រែងណាស់ ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលមានគណបក្សប្រជាជនកម្ពុជា និងប្រជាជនកម្ពុជា ទើបកម្ពុជាធ្វើដំណើរមកដល់ថ្ងៃនេះ។
សមិទ្ធផលគ្រប់វិស័យកើតមានបានគឺដោយសារកត្តាសន្តិភាព ថ្វីបើសន្តិភាពយើងមាន ក៏ប៉ុន្តែចលនាបំផ្លាញសន្តិភាព ដែលមានបរទេសលួចគាំទ្រនៅតែមាន តាមរូបភាពគ្រប់ទម្រង់ រួមមានគណបក្សនយោបាយ សង្គមស៊ីវិល សារព័ត៌មាន ចលនាផ្សេងៗ ។ល។
ស្ថានភាពដែលខ្ញុំបានរៀបរាប់ខាងលើនេះ ដែលយើងបានឃើញមាននាពេលនេះ វាមិនខុសកាលពីក្នុងរបបសង្គមរាស្ត្រនិយមឡើយ ប្រសិនបើយើងទប់ស្កាត់មិនបាននោះទេ ប្រទេសកម្ពុជានិងក្រឡាប់ធ្លាក់ចូលគ្រោះភ័យ មហន្តរាយ ដូចពីអតីតកាលជាក់ជាមិនខានឡើយ៕
ដោយ ៖ សិលា