ព័ត៌មានទាន់ហេតុការណ៍៖

អនុរក្សពន្ធនាគារព្រៃសនាំខ្លួន លី សាម៉េត ហៅគ្រូមា ឡើងតុលាការ បន្តនីតិវិធីស៊ើបសួរបន្ថែមលើសំណុំរឿងពុករលួយ

ចែករំលែក៖

ភ្នំពេញ ៖ ព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ នេះ អនុរក្សពន្ធនាគារព្រៃស មណ្ឌលអប់រំកែប្រែ”ម១” បាននាំខ្លួនលោក លី សាម៉េត ហៅគ្រូមា មកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តការសាកសួរបន្ថែមជុំវិញសំណុំរឿងពុករលួយ មានជនសង្ស័យប្រមាណជិត១០ នាក់កំពុងជាប់ចោទរយីងរយោងដូចសម្លកំពឹសដើម្បី បិទការស៊ើបសួរឈានទៅបើកសវនាការជំនុំជម្រះទោសលើអង្គសេចក្តីទាំងមូល ។ បន្ទាប់ពីការសាកសួរជនត្រូវចោទ លី សាម៉េត ហៅគ្រូមា រួចរាល់ហើយ នាព្រឹកថ្ងៃដដែលនោះក្រុមអនុរក្សបាននាំជនសង្ស័យយកទៅឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារព្រៃសវិញ ។ 

សូមជម្រាបថា កាលល្ងាចថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ចៅក្រម ស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ថោង ផល្លារង្សី បាន សម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនលោក លី សាម៉េត ហៅគ្រូមា ដាក់ពន្ធនាគារ”មណ្ឌលអប់រំកែប្រែម១”ព្រៃសជាបណ្តោះអាសន្ឋក្រោមការចោទប្រកាន់ពីបទ.ឆបោក ។ តាមដីកាបង្គាប់ឲ្យឃុំខ្លួនបានដាក់ជនត្រូវចោទឈ្មោះ លី សាម៉េត ហៅគ្រូមា ភេទប្រុស អា យុ៧១ ឆ្នាំ មុខរបរ រកស៊ី កំរិតវប្បធម៍គ្មាន(មិនចេះអក្ស) អាសយ ដ្ឋានមុនពេលឃាត់ខ្លួន ស្នាក់នៅបុរីរិទ្ធ ផ្ទះលេខL១៣ ផ្លូវលេខ៦ A សង្កាត់ទួលសង្កែ ខណ្ឌឬស្សី រាជធានីភ្នំពេញ ឲ្យស្ថិតក្រោមការពិនិត្យពីបទ.ឆបោក ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីខែ កញ្ញា ឆ្នាំ២០២២ និងខែតុលា ឆ្នាំ២០២២ តាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៧៧ នៃក្រមព្រហ្មទណ្ឌ ។ យោងតាមការចោទប្រកាន់ខាងលើមាត្រា ៣៧៧ និយមន័យនៃការឆបោក ៖ អំពើឆបោក គឺជាអំពើបន្លំចំពោះរូបវន្តបុគ្គល ឬនីតិបុគ្គលណា មួយ ដោយប្រើឈ្មោះក្លែង ដោយអះអាងទៅលើឋានៈក្លែង ដោយរំលោភលើឋានៈពិតប្រាកដ ឬប្រើឧបាយកលទុច្ចរិត ហើយដូច្នោះបានទទួលពីបុគ្ឡនេះ ដែលនាំឲ្យខូចប្រយោជន៍របស់បុគ្គលនេះ ឬរបស់តតិជននូវ ៖

 ១.ការប្រគល់មូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិអ្វីមួយ ។

 ២.ការផ្តត់ផ្គង់សេវា ។

 ៣.ការធ្វើលិខិតដែលមានតម្លៃជាកាតព្វកិច្ច ឬជាការឲ្យរួចពីកាតព្វកិច្ច ។ 

 មាត្រា ៣៧៨ ទោសដែលត្រូវអនុវត្ត ៖

អំពើឆបោក ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ ខែ ទៅ ៣ ឆ្នាំ និងពិន័យជាប្រាក់ពី ១លាន ទៅ ៦ លានរៀល ។

លោក លី សាម៉េត ហៅគ្រូមា ត្រូវបានកម្លាំងសមត្តកិច្ច នៃស្នង ការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយស្នងការដ្ឋាននគរបានខេត្តព្រះសីហនុ ចាប់ខ្លួនតាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីមានប្រតិកម្មពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹត្តសភា ។ 

នៅថ្ងៃទី០៤ ខែវិច្ឆិកា លោក លី សាម៉េត ហៅគ្រូមាត្រូវបានសមត្តកិច្ចចូលទៅនាំខ្លួនចេញពីលំនៅឋានរបស់លោកពីក្រុងព្រះសីហ នុ មកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទាំងយប់ ។ លុះព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តម សេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងរង ជាស្នងការនគរបាលរាជធា នីភ្នំពេញ សមត្តកិច្ចការិយាល័យនគរបាល សន្តិសុខ បានបញ្ជូនលោក លី សាម៉េត ហៅគ្រូមា ទៅតុលាការ ដែលសំណុំរឿងបានស្ថិតនៅដៃចៅក្រមស៊ើបសួរ ក៏មានការសម្រេចឃុំខ្លួនចាប់ពីពេល នោះមក ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖