ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃចន្ទ ទី៩ ខែធ្នូ ឆ្នាំ២០២៤ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យលោក Yoshihisa Kainuma អគ្គនាយកក្រុមហ៊ុន មីនេបៀមីត្សូមី (MinebeaMitsumi) និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
តាមរយៈជំនួបនាឱកាសនេះ លោកអគ្គនាយកក្រុមហ៊ុនបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកឧបនាយករដ្ឋមន្ត្រី និងសហការីទាំងអស់របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានផ្ដល់កិច្ចសម្របសម្រួលយ៉ាងពេញទំហឹងលើគម្រោងពង្រីកផលិតកម្ម និងការរៀបចំតំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុមហ៊ុនមីនេបៀមីត្សូមី ក្នុងព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះដែរ លោកអគ្គនាយកក្រុមហ៊ុនក៏បានជម្រាបជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រីអំពីវឌ្ឍនភាពដែលខ្លួនសម្រេចបានពីការវិនិយោគលើវិស័យអេឡិកត្រូនិកនាពេលថ្មីៗនេះ និងចក្ខុវិស័យនាពេលអនាគតផងដែរ។
មានប្រសាសន៍លើកឡើងក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី បានសម្ដែងភាពរីករាយដែលក្រុមហ៊ុនមីនេបៀមីត្សូមី បានទទួលជោគជ័យលើគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស ក្នុងខេត្តពោធិ៍សាត់ និងទទួលបានលទ្ធផលល្អប្រសើរគួរឱ្យកត់សម្គាល់ក្នុងកិច្ចការងារវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា ដែលបង្ហាញឱ្យឃើញតាមរយៈការពង្រីកផលិតកម្មដោយបន្ថែមទុនវិនិយោគមកកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជាថ្មីម្ដងទៀតតាមរយៈក្រុមហ៊ុន បានស្នើសុំការចូលរួមផ្សព្វផ្សាយអំពីភាពជោគជ័យរបស់ក្រុមហ៊ុនទៅកាន់បណ្ដាវិនិយោគិនក្នុងវិស័យពាក់ព័ន្ធ និងវិស័យដទៃ ដើម្បីឱ្យក្រុមហ៊ុនផ្សេងៗទៀតអាចប្រើប្រាស់ទឡ្ហីករណ៍នេះបានជាមូលដ្ឋានសម្រាប់ពិនិត្យលទ្ធភាពស្វែងរកការបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។
សូមជម្រាបថា ក្រុមហ៊ុនមីនេបៀមីត្សូមីគឺជាក្រុមហ៊ុនផលិតគ្រឿងបង្គុំសៀគ្វីអេឡិចត្រូនិក គ្រឿងបន្លាស់យានយន្ត និងគ្រឿងម៉ាស៊ីនក្នុងវិស័យឧស្សាហកម្ម ដែលមានរោងចក្រនៅក្នុងបណ្តាប្រទេសជាច្រើនផងដែរ៕
ដោយ ៖ សិលា