ព័ត៌មានទាន់ហេតុការណ៍៖

អគ្គស្នងការដ្ឋាននគរបាកជាតិ ចេញសេចក្ដីណែនាំស្ដីពី ការប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិ លើបណ្តាញទំនាក់ទំនងសង្គម

ចែករំលែក៖

ភ្នំពេញ ៖ សេចក្តីណែនាំ ស្តីពី ការប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិលើបណ្តាញសង្គមផ្សេងៗ ! ជាច្រើនឆ្នាំកន្លងទៅនេះ មន្ត្រីនគរបាលជាតិបានខិតខំបញ្ចេញអស់កម្លាំងកាយចិត្ត ដើម្បីបំពេញភារកិច្ច ការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនជាតិ មាតុភូមិ និងប្រជាពលរដ្ឋ ប្រកបដោយស្មារតីទទួលខុសត្រូវ ខ្ពស់ និងទទួលបាននូវសមិទ្ធផលជាបន្តបន្ទាប់។ ដោយពិនិត្យឃើញថាបច្ចុប្បន្ន មានមន្ត្រីនគរបាលជាតិមួយចំនួនតូច បានប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិ ដើម្បីបង្ហាញរូបភាព ក៏ដូចជាថតវីដេអូកំសាន្តជាលក្ខណៈផ្ទាល់ខ្លួនជាច្រើន និងបានផ្សព្វផ្សាយលើបណ្តាញសង្គម Facebook Tiktok Instagram និងបណ្តាញសង្គមផ្សេងៗទៀត ដែលវីដេអូ មួយចំនួនមានភាពមិនសមរម្យ បានធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងកិត្តិយសរបស់មន្ត្រីនគរបាលជាតិ ហើយក៏ទទួល បានការរិះគន់ពីសាធារណជនផងដែរ។ ដើម្បីបង្ហាញពីឆន្ទៈមោះមត់ និងភាពមិនទន់ជ្រាយរបស់មន្ត្រីនគរបាលជាតិ អគ្គស្នងការដ្ឋាននគរបាលជាតិ សូមធ្វើការណែនាំដល់មន្ត្រីនគរបាលជាតិទូទាំងប្រទេស ដូចខាងក្រោម៖

១-ការប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិ ត្រូវស្របតាមអនុក្រឹត្យលេខ១៤ អនប្រ.បក ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០០០ ស្តីពីការកែសម្រួលឯកសណ្ឋាន និងផ្លាកសញ្ញារបស់នគរបាលជាតិ។

២-ត្រូវបានរឹតបន្តឹងលើការប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិ ក្នុងការថតសម្តែងជាវីដេអូកំសាន្តតាមរយៈ បណ្តាញសង្គមនានា ដើម្បីចៀសវាងការភាន់ច្រឡំណាមួយពីសាធារណជន។

៣-ការបង្ហោះរូបភាពផ្សេងៗលើបណ្តាញសង្គមដែលប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិ សាមីខ្លួនត្រូវ ពិចារណាឱ្យបានម៉ត់ចត់ពីសេចក្តីថ្លៃថ្នូរ និងកិត្តិយសរបស់មន្ត្រីនគរបាលជាតិ។

៤-ត្រូវប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិឱ្យបានត្រឹមត្រូវតាមច្បាប់កំណត់ក្នុងពេលបំពេញការងារ ក្នុងពេលបំពេញប្រតិបត្តិការ សន្និសីទសារព័ត៌មាន ជាពិសេសមន្ត្រីនគរបាលជាតិដែលប្រើប្រាស់ឯកសណ្ឋានស៊ីវិល មិនត្រូវចូលរួមថតរូបជាមួយកម្លាំងប្រតិបត្តិការ និងមិនត្រូវឈរថតពីក្រោយជនល្មើស ឬជនសង្ស័យ។

៥-ប្រធាននាយកដ្ឋាន-អង្គភាព ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវធ្វើការណែនាំចំពោះមន្ត្រីក្រោម ឱវាទ លើការបង្ហោះវីដេអូផ្សេងៗដែលមានលក្ខណៈជាប្រតិបត្តិការ ឬការប្រើប្រាស់កម្លាំងរួម លើបណ្តាញសង្គម ដោយត្រូវមានការអនុញ្ញាតពីប្រធាននាយកដ្ឋាន-អង្គភាព ឬស្នងការនគរបាលសាមីជាមុន។

ទទួលបានសេចក្តីណែនាំនេះ ស្នើ ប្រធានសេនាធិការដ្ឋាន ប្រធាននាយកដ្ឋានកណ្តាល ប្រធាន នាយកដ្ឋាន-អង្គភាព និង ស្នងការនគរបាលរាជធានី-ខេត្ត ចាត់តាំងអនុវត្តប្រកបដោយការទទួលខុសត្រូវខ្ពស់៕

ដោយ ៖ សិលា


ចែករំលែក៖