ទីភ្នាក់ងារសារព័ត៌មាន AP បានផ្សាយថា ទាហានស៊ីរីជាង 4,000 នាក់បានឆ្លងកាត់ព្រំដែនចូលទៅក្នុងប្រទេសអុីរ៉ាក់ចាប់តាំងពីក្រុមប្រឆាំងបានកាន់កាប់ទីក្រុងដាម៉ាស។
យោងតាមមេបញ្ជាការកងជីវពលអុីរ៉ាក់ ទាហានស៊ីរីបានចុះចាញ់ដោយទុកចោលអាវុធ គ្រាប់រំសេវ និងរថពាសដែក។ ពួកគេនឹងត្រូវបញ្ជូនទៅជំរំប្រមូលផ្តុំ។ ទីតាំងនៃជំរំនេះមិនត្រូវបានគេបង្ហាញឱ្យដឹងឡើយ។
មន្ត្រីសន្តិសុខម្នាក់បាននិយាយថា អភិបាលខេត្ត Hasakah របស់ប្រទេសស៊ីរីក៏បានឆ្លងកាត់ព្រំដែនចូលទៅក្នុងប្រទេសអុីរ៉ាក់ជាមួយនឹងក្បួនរថយន្តដែលដឹកទាហានស៊ីរីកាលពីយប់ថ្ងៃទី 8 ខែធ្នូដែរ។
សារព័ត៌មាន Shafaq បានរាយការណ៍ថា រដ្ឋាភិបាលអុីរ៉ាក់កំពុងសាងសង់ជំរំសម្រាប់ទាហានស៊ីរីដែលបានឆ្លងកាត់ព្រំដែន បន្ទាប់ពីអនុញ្ញាតឱ្យទាហានស៊ីរីរាប់ពាន់នាក់ចូលប្រទេសតាមច្រកព្រំដែន Qaim ។
នៅពេលនេះដែរ កងកម្លាំងការពារអុីស្រាអែល (IDF) បាននិយាយថា អុីស្រាអែលបានដាក់ទីតាំងទ័ពថ្មើរជើង និងកម្លាំងរថពាសដែកនៅតាមព្រំដែនជាមួយប្រទេសស៊ីរី ហើយបានដាក់ពង្រាយទាហានឆ័ត្រយោងទៅកាន់តំបន់ការពារដើម្បីការពារការគំរាមកំហែងដែលអាចកើតមាន។
យោងតាម IDF បានឱ្យដឹងថា “កម្លាំងវិស្វកម្ម ថ្មើរជើង និងរថពាសដែក ត្រូវបានដាក់ពង្រាយតាមព្រំដែនអុីស្រាអែល-ស៊ីរី ដើម្បីការពារតំបន់នេះ”។ “ទាហានឆ័ត្រយោង រួមជាមួយនឹងកងកម្លាំងផ្សេងទៀតកំពុងធ្វើប្រតិបត្តិការការពារនៅលើដី ដើម្បីទប់ស្កាត់ការគំរាមកំហែងណាមួយ។ ពួកគេត្រូវបានពង្រាយនៅក្នុងទីតាំងសំខាន់ៗនៅក្នុងតំបន់ការពារ”។
កាលពីថ្ងៃទី៩ ខែកុម្ភៈ រដ្ឋមន្ត្រីការពារជាតិអុីស្រាអែលបានប្រកាសថា កងទ័ពរបស់ប្រទេសនេះ នឹងបង្កើនការវាយប្រហារតាមអាកាសលើឃ្លាំងអាវុធរបស់ប្រទេសស៊ីរី ដើម្បីបំផ្លាញអាវុធយុទ្ធសាស្ត្រធុនធ្ងន់នៅទូទាំងប្រទេស រួមទាំងមីស៊ីលពីដីទៅអាកាស ប្រព័ន្ធការពារដែនអាកាស មីស៊ីលពីដីទៅដី កាំជ្រួចមីស៊ីល កាំជ្រួចរយៈចម្ងាយឆ្ងាយ និងកាំជ្រួចតាមឆ្នេរសមុទ្រ។
មន្ត្រីជាន់ខ្ពស់អុីស្រាអែលបាននិយាយថា ការវាយប្រហារតាមអាកាសនឹងបន្តនៅប៉ុន្មានថ្ងៃខាងមុខ ខណៈដែលរដ្ឋមន្ត្រីការបរទេស Gideon Saar សង្កត់ធ្ងន់ថា អុីស្រាអែលមិនចង់លូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ស៊ីរីទេ គឺគ្រាន់តែចាប់អារម្មណ៍លើការការពារប្រទេសស៊ីរីប៉ុណ្ណោះ៕
ដោយ៖ ធីរីណា(រូបថត៖ Reuters)