ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលរាជធានីភ្នំពេញបង្ហាញមុខជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងឃាតកម្ម និងប្លន់ម៉ូតូ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យចំនួន៤នាក់​ ពាក់ព័ន្ធប៉ុនប៉ងឃាតកម្មគិតទុកជាមុន (ប្រើពូថៅកាប់ បណ្តាលឲ្យរងរបួសធ្ងន់)នៅក្នុងខណ្ឌដង្កោ និង៣នាក់ប្រើកាំបិតប៉័ងតោ កាប់ប្លន់យកម៉ូតូត្រូវបានស្នងការដ្ឋាននគបាលរាជធានីភ្នំពេញធ្វើសន្និសីទកាសែតបង្ហាញមុខជាសាធារណៈកាលពីព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០២៤ នេះ។ 

ជនសង្ស័យដែលបង្ហាញមុខ ១.ឈ្មោះ អ៊ុត ឆេងហ៊ត ភេទ ប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលេខ២១ ភូមិថ្នល់បំបែក ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ជាជនដៃដលប៉ុនប៉ងឃាតកម្ម ចំណែក៣នាក់ពាក់ព័ន្ធកាប់ប្លន់យកម៉ូតូ ១.ឈ្មោះ ធា គ្រី ហៅម៉ារ៉ា ភេទ ប្រុស អាយុ ១៩ ឆ្នាំ។

២-ឈ្មោះ ជា កឹង ហៅពេជ្រ ភេទ ប្រុស អាយុ ២៣ ឆ្នាំ និង៣-ឈ្មោះ ហាក់ ឆាយ ភេទ ប្រុស អាយុ ៤៨ ឆ្នាំ  ជាអ្នកទទួលផលចោរកម្ម ។ 

លោកឧត្តមសេនីយ៍ប៊ុន សត្យា បានឱ្យដឹងទៀតថាជនសង្ស័យចំនួន ០៤ នាក់ពាក់ព័ន្ធប្រព្រឹត្តិបទល្មើស ចំនួន ០២ ករណី

ករណីទី១ ប៉ុនប៉ងឃាតកម្មគិតទុកជាមុន (ប្រើពូថៅកាប់ បណ្តាលឲ្យរងរបួសធ្ងន់) ប្រព្រឹត្តនៅ ចំណុចមុខសាលាសុវណ្ណភូមិ ផ្លូវបេតុង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែ វិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង១៦ និង៣៥ នាទី ហើយ ត្រូវបានកម្លាំងនគរបាលនៃស្នងការនគរបាលរាជធានីភ្នំពេញសហការជាមួយនគរបាលខណ្ឌដង្កោស្រាវជ្រាវហើយឈានទៅសហការឃាត់ខ្លួនជនសង្ស័យកាលពីល្ងាចថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤  នៅចំណុចការដ្ឋានសំណង់ ក្រុងបាវិត ខេត្តស្វាយរៀង ។ ពាក់ព័ន្ធនឹងករណីប៉ុនប៉ងឃាតកម្មនេះគឺបណ្ដាមកពីគំនុំ។ ដោយវត្ថុតាងចាប់យកបាន ពូថៅ ដងឈើចំនួន១ ដើម។

លោកឧត្តមសេនីយ៍ប៊ុន សត្យា​ បានឲ្យដឹងទៀតថា​ ករណីទី២ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(យកកាំបិតប៉័ងតោ កាប់ជនរងគ្រោះដាច់ដាច់រយះកំភួនដៃឆ្វេងរងរបួសដេរចំនួន ០៧ ផ្ទេរ ប្លន់យកម៉ូតូម៉ាកស៊ុយហ្ស៊ូយគីនិច ពណ៌ ទឹកក្រូច ស៊េរីឆ្នាំ២០១៩ ពាក់ផ្លាកលេខព្រះវិហារ ១O-៣៤១៩) ប្រព្រឹត្តនៅចំណុចលើផ្លូវលេខ២០១១ ភូមិ គោករកា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ ។បន្ទាប់ពីមានករណីប្លន់នគរបាលខណ្ឌព្រែកព្នៅក៏បានធ្វើការស្រាវជ្រាវហើយហ៊ានទៅឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤នៅចំណុចផ្លូវលំ ភូមិជំរៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ព្រមទាំងដករហូតវត្ថុតាងរួមមាន ម៉ូតូធ្វើសកម្មភាព ១គ្រឿង និងកាំបិតប៉័ងតោ ១ដើម។

លោកឧត្តមសេនីយ៍បានឲ្យដឹងទៀតថា កន្លងមកបន្ទាប់ពីកើតហេតុនោះសមត្ថកិច្ចមិនទុកចោលនោះទេ។តែងតែធ្វើការស្រាវជ្រាវ។ហើយឈានទៅបង្ក្រាបបានជនសង្ស័យបានជាបន្តបន្ទាប់ដូចជាករណីប៉ុនប៉ងឃាតកម្មខាងលើនេះជាដើមសមត្ថកិច្ចបានធ្វើការស្រាវជ្រាវរយៈពេលជាងមួយខែហើយឈានទៅសហការជាមួយនគរបាលខេត្តស្វាយរៀងនិងក្រុងបាវិតឃាត់ខ្លួនបានជនសង្ស័យដែលបានគេចទៅសម្ងំលាក់ខ្លួន។ 

បច្ចុប្បន្នជនសង្ស័យនិងវត្តុតាងខាងលើ នគរបាលបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនិតិវិធី ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖