ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី វាយតម្លៃខ្ពស់ពីជោគជ័យបេសកកម្មការទូតរបស់លោកង្វៀន ហ៊ុយតាំង នៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាអនុញ្ញាត ជូន លោកង្វៀន ហ៊ុយតាំង (Nguyen Huy Tang) ឯក អគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅព្រះរាជាណាកម្ពុជា ជួបពិភាក្សាការងារនិងជម្រាប លា នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា ក្នុងឱកាសដែលលោកនឹងត្រូវបញ្ចប់បេសកកម្មការទូតពីកម្ពុជាក្នុងពេលឆាប់ៗនេះ។

សម្តេចប្រធានរដ្ឋសភាបានថ្លែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះជោគជ័យដ៏ធំធេងរបស់ លោក ង្វៀន ហ៊ុយតាំង ក្នុងការពង្រឹងពង្រីកចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទំាងពីរ ទំាងខាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ។ សម្តេចប្រធានរដ្ឋសភា បានលើកឡើងពីជោគជ័យធំៗមួយចំនួននៃការបំពេញបេសកកម្មការទូតរបស់លោកង្វៀន ហ៊ុយតាំង នៅក្នុងនោះមានដូចជា ការសម្របសម្រួលនៅក្នុងការ អនុវត្តគម្រោងផ្តល់ជំនួយ២៥លានដុល្លាររបស់ប្រទេសវៀតណាម ក្នុងការសាងសង់អគាររដ្ឋបាលថ្មីដល់រដ្ឋសភាកម្ពុជា ដែលបានដាក់សម្ពោធកាលពីពេលថ្មីៗមកនេះ ការសម្រួបសម្រួលព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីចុងខែវិច្ឆិកា ប្រកបដោយផ្លែផ្កា និងការសម្របសម្រួលពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ទៅកាន់វត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយសៀមថ្មី) ស្ថិតនៅខេត្តត្រាវិញ ដែលដឹកនាំដោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា កាលពីពេលថ្មីៗ ព្រមទំាងការសម្របសម្រួលដំណើរទស្សនកិច្ចរបស់លោក ត្រិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម មកកម្ពុជាកាលពី ចុងខែវិច្ឆិកានេះ ផងដែរ។

លោកង្វៀន ហ៊ុយតាំង បានថ្លែងអំណរគុណជូនសម្តេចប្រធានរដ្ឋសភា ថ្នាក់ដឹកនាំរដ្ឋសភា និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលបានរួមសហការ បង្ករលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងជូនលោកក៏ដូចជាស្ថានទូតវៀតណាមនៅកម្ពុជា ក្នុងការបំពេញភារកិច្ច ធ្វើឱ្យបេសកកម្មការទូតរបស់លោកទទួលបានជោគជ័យ។ លោកឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះមិត្តភាពកិច្ចសហប្រតិបត្តិការជាប្រពៃណី រវាងប្រទេសទំាងពីរដែលមានការរីកចម្រើនគ្រប់វិស័យគ្រប់កម្រិត ឈរលើស្មារតីសាមគ្គីភាព ភាពស្មោះត្រង់ ការជឿជាក់និងទុក ចិត្តគ្នាទៅវិញទៅ ហើយបាននាំមកនូវផលប្រយោជន៍ជូនប្រទេសជាតិនិងប្រទេសជនទំាងសងខាងជាបន្ត បន្ទាប់។

សម្តេចប្រធានរដ្ឋសភា និងលោក ង្វៀន ហ៊ុយតាំង សម្តែងក្តីសប្បាយរីករាយនិងមោទនភាពចំពោះសមិទ្ធផលនិងផលប្រយោជន៍ជាច្រើនដែលបានកើតមានឡើងតាមរយៈទំនាក់ទំនងជាអ្នកជិតខាងល្អ មិត្ដភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ ជ្រុងជ្រោយ និងយូរអង្វែង រវាងប្រទេសទំាងពីរកម្ពុជានិងវៀតណាម ដូចជាវិស័យពាណិជកម្ម សេដ្ឋកិច្ច ទេសចរណ៍ជាដើម។ ក្នុងនោះទំហំពាណិជ្ជកម្មប្រទេសទំាងពីររំពឹងថានឹងសម្រេចបាន១០ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២៤នេះ។

ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភានិងលោកឯកអគ្គរដ្ឋទូត បានអបអរសាទរចំពោះការរីកចម្រើនសេដ្ឋកិច្ចនិងសង្គមនៃប្រទេសទំាងពីរនិងបានគូសបញ្ជាក់ថាជោគជ័យរបស់កម្ពុជាក៏ជាជោគជ័យរបស់វៀតណាម។ ដូចគ្នានេះ ជោគជ័យរបស់វៀតណាម ក៏ជាជោគជ័យរបស់កម្ពុជាដែរ។

សម្តេចប្រធានរដ្ឋសភាបានស្នើដល់លោក ង្វៀន ហ៊ុយតាំង បន្តភ្ជាប់ទំនាក់ទំនងចូលរួមពង្រឹងពង្រីកចំណង មិត្តភាពនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាទៀត ទោះបីលោកត្រូវបញ្ចប់បេសកកម្មការទូតពីកម្ពុជាហើយក្តី។ សម្តេចបានបញ្ជាក់ថា រដ្ឋសភាកម្ពុជា ត្រៀមខ្លួន និងរង់ចាំធ្វើកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយឯកអគ្គរដ្ឋទូតថ្មីរបស់មិត្តវៀតណាម ដើម្បីបន្តជំរុញសម្រេចគោលដៅរួម ដើម្បីវិបុលភាពដែលមិនសម្រាប់តែប្រជាពលរដ្ឋនៃប្រទេសទំាងពីរប៉ុណ្ណោះទេ គឺសម្រាប់ប្រជាពលរដ្ឋជាសកលផងដែរ៕

ដោយ៖ សួរិយា


ចែករំលែក៖