ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងអប់រំ យុវជន និងកីឡា និងសហភាពសហព័ន្ធយុវជនកម្ពុជា បើកសិក្ខាសាលាបណ្តុះបណ្តាលគ្រូ បង្គោល នៃកម្មវិធី “មនសិការពលរដ្ឋល្អ”

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅវិទ្យាស្ថានជាតិអប់រំបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោកហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាសហអធិបតីក្នុងពិធីបើកសិក្ខា សាលាបណ្តុះបណ្តាលគ្រូបង្គោល នៃកម្មវិធី «មនសិការពលរដ្ឋល្អ» ដែលសហការរៀបចំឡើងរវាងក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធយុវជនកម្ពុជា ដោយ មានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំសហព័ន្ធយុវជនកម្ពុជា អភិបាល នៃគណអភិបាលរាជធានី ខេត្តគោលដៅ តំណាងមន្ទីរអប់រំ រាជធានី ខេត្ត សមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមការងាររៀបចំកម្មវិធីមនសិការពលរដ្ឋល្អ លោកគ្រូ អ្នកគ្រូ គ្រូបង្គោល សរុបចំនួនប្រមាណ ៤៥៩រូប។

បន្ទាប់ពីស្តាប់របាយការណ៍របស់ អនុប្រធានស.ស. យ.ក. និងជាប្រធានកម្មវិធី «មនសិការពលរដ្ឋល្អ» ស្ដីពីវឌ្ឍនភាពនៃដំណើរការកម្មវិធី «មនសិការពលរដ្ឋល្អ» ឆ្នាំ២០២៤ និងដំណើរការកម្មវិធី ឆ្នាំ ២០២៥ រួចមក ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែង អំណរគុណ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងក្រុមការងារ “មនសិការពលរដ្ឋល្អ” ក្នុងកិច្ច សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំបណ្តុះ បណ្តាលយុវជនកម្ពុជាឱ្យក្លាយជាសសរទ្រូងនៃប្រទេសជាតិ ដោយគូសបញ្ជាក់ថា កម្មវិធីនេះត្រូវបានរៀបចំស្របតាមផែនការយុទ្ធសាស្រ្តយុវជនក្នុងបុព្វហេតុជាតិមាតុភូមិ ២០២៣-២០២៨ របស់ស.ស.យ.ក ដែលក្នុងនោះយុទ្ធសាស្ត្រទី៤ ផ្តោតលើការចូលរួមចំណែកអភិវឌ្ឍធនធានមនុស្ស។ ចក្ខុវិស័យនៃកម្មវិធី «មនសិការពលរដ្ឋល្អ»  គឺដើម្បីកសាង និងអភិវឌ្ឍន៍ធនធានយុវជនកម្ពុជាប្រកបដោយសមត្ថភាព បំណិនជីវិត គំនិតច្នៃប្រឌិត មនសិការស្នេហាជាតិ និងភាពជាពលរដ្ឋល្អ សម្រាប់គ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល ដើម្បីចូលរួមអភិវឌ្ឍសង្គមជាតិប្រកបដោយចីរភាព វិបុលភាព និងភាពសុខុមដុម ហើយដើម្បីសម្រេចបានចក្ខុវិស័យនេះ សូមស្នើឱ្យលោកគ្រូ អ្នកគ្រូ គ្រូបង្គោលទាំងអស់ដែលចូលរួមក្នុងសិក្ខាសាលារយៈពេល៣ថ្ងៃនេះ យកចិត្តទុកដាក់ក្រេបជញ្ជក់ទទួលបានចំណេះដឹងដើម្បីយកទៅចែករំលែកបន្តដល់យុវជនយើង។

មានប្រសាសន៍នាឱកាសនេះផងដែរ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានចូលរួមអបអរសាទរចំពោះ ការដាក់ឱ្យអនុវត្តដោយជោគជ័យនូវគម្រោងមនសិការពលរដ្ឋល្អឆ្នាំកន្លងទៅ និងបានកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូ គ្រូបង្គោលដែលបានប្រើប្រាសវិធីសាស្ត្របង្រៀនថ្មី ផ្សារភ្ជាប់ទ្រឹស្ដីទៅនឹងការអនុវត្តផ្ទាល់ សិក្សាបែបគម្រោង និងការក្លឹបសិក្សា ដោយគូសបញ្ជាក់ថាកម្មវិធីនេះ ពិតជាបាននាំមកនូវតម្លៃបន្ថែម និងការអប់រំដើម្បីឱ្យសិស្សានុសិស្សដែលជាយុវជនជំនាន់ក្រោយក្លាយជាពលរដ្ឋល្អក្នុងសង្គម និងចូលរួមគាំពារសន្តិសុខ និងស្ថេរភាពប្រទេសជាតិ។

ដើម្បីឱ្យកម្មវិធីនេះអនុវត្តទៅកាន់តែរលូន និងឆ្លើយតបកាន់តែល្អប្រសើរទៅនឹងផែនការយុទ្ធសាស្ត្ររបស់ ស.ស.យ.ក ក៏ដូចជាយុទ្ធសាស្ត្រនៃការអភិវឌ្ឍមូលធនមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីបានផ្តល់ធាតុចូលចំនួន ២ ដែលរួមមាន ៖

ទី១៖ ពាក់ព័ន្ធនឹងខ្លឹមសារ ឬទស្សនទាននៃគម្រោង ត្រូវកំណត់គោលដៅនៃការអប់រំឱ្យឆ្លើយតបទៅនឹងគោលដៅនៃការលើកកម្ពស់សសរស្តម្ភទាំង៤ នៃការអប់រំ គឺ (ទី១) អប់រំដើម្បីឱ្យមានចំណេះដឹងខ្ពង់ខ្ពស់ មានគំនិតច្នៃប្រឌិត និងសមត្ថភាពត្រិះរិះពិចារណាបានស៊ីជម្រៅ មានសក្តានុពលចូលរួមគ្រប់សកម្មភាពសេដ្ឋកិច្ច និងសង្គម (ទី២) ការអប់រំដើម្បីឱ្យមានចំណេះធ្វើ មានជំនាញ មានសមត្ថភាពប្រែក្លាយចំណេះឱ្យទៅជាលទ្ធផលការងារ ហើយប្រើប្រាស់ជំនាញនេះឱ្យមានប្រយោជន៍ដើម្បីចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ (ទី៣) ការរៀនសូត្រដើម្បីអាចរស់នៅជាមួយគ្នាប្រកបដោយភាពសុខដុមរនា និងមានភាពជាពលរដ្ឋសាកល (ទី៤) ការសិក្សារៀនសូត្រដើម្បីអាចស្គាល់ខ្លួនឯង យល់ពីតម្លៃរបស់ខ្លួនឯង និងស្គាល់ពីតម្លៃក្នុងសង្គម។ 

ទី២៖ ដើម្បីឱ្យកម្មវិធីពង្រីកវិសាលភាពបានលឿនដោយខ្លួនឯង និងមាននិរន្តរភាព សូមឱ្យបន្តកែលម្អវិធីសាស្ត្របង្រៀនឱ្យកាន់តែមានសុគតិភាពជាមួយវិធីសាស្ត្របង្រៀនរបស់សាលារៀនជំនាន់ថ្មី និងសាលារៀនគំរូ ដោយប្រើវិធីសាស្ត្របង្រៀនតែមួយ ក្នុងន័យនេះក្រសួងក៏នឹងអាចពង្រឹងសមត្ថភាពទាំងគ្រូឧន្ទេស គរុនិស្សិតនៅគរុកោសល្យ ពង្រឹងការអនុវត្តនៅតាមសាលារៀន និងសម្រាប់មេរៀន សូមឱ្យថតជាវីដេអូដើម្បីជំរុញនូវការប្រើប្រាស់សក្នុងការបង្រៀនឱ្យកាន់តែទូលំទូលាយ។

សារជាថ្មីម្ដងទៀតបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើរដ៏ស្មោះចំពោះគំនិតផ្តួចផ្តើមរបស់ ស.ស.យ.ក ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលរួមមាន ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា, មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត, អាជ្ញាធរមូលដ្ឋាន, ក្រុមការងារគម្រោង, គណៈគ្រប់គ្រងសាលារៀន ,គ្រូ បង្គោលនិងសមាជិកក្លឹបសិក្សា នៅតាមបណ្តារាជធានី-ខេត្តទាំង៧ ដែលបានចូលរួមយ៉ាង សកម្ម ការប្តេជ្ញាចិត្តខ្ពស់ និងប្រកបដោយសា្មរតីទទួល ខុសត្រូវ ក្នុងការអនុវត្តកម្មវិធីមនសិការពលរដ្ឋល្អសម្រាប់ឆ្នាំ២០២៤ ប្រកបដោយភាពជោគជ័យ និងគាំទ្រចំពោះការពង្រីកការអនុវត្តកម្មវិធីនេះនៅក្នុងឆ្នាំ ២០២៥៕

ដោយ៖ សូរិយា


ចែករំលែក៖