ព័ត៌មានទាន់ហេតុការណ៍៖

ការប្រឡងមន្ត្រីសុខាភិបាល ដើម្បីបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក នឹងធ្វើនៅថ្ងៃទី២៣ ខែធ្នូនិងមន្ទីរពេទ្យបង្អែកកម្រិត១ ពាក់ស្នែង នឹងធ្វើនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤

ចែករំលែក៖

ភ្នំពេញ៖ ព្រឹកថ្ងៃទី១៣ខែធ្នូ ឆ្នាំ២០២៤នេះ គណៈកម្មការរៀបចំការប្រឡងប្រជែង ក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានសម្រេចកាលបរិច្ឆេទសម្រាប់ការប្រឡងប្រជែងមន្ត្រីសុខាភិបាល ដើម្បីបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក ប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ និងមន្ទីរនពេទ្យបង្អែកកម្រិត១ ពាក់ស្នែង ប្រព្រឹត្តទៅនៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២៤។

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ ឧបនាយករដ្ឋមន្ត្រីលើក ឡើងថា “ដោយពិនិត្យឃើញថា បញ្ជីឈ្មោះបេក្ខជន ដែលបានដាក់ពាក្យប្រឡងប្រជែងបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក និងមន្ទីរពេទ្យបង្អែក ពាក់ស្នែង មានបេក្ខជនដែលបានដាក់ពាក្យទាំងពីរ ឬ ស្ទួនគ្នា គណៈកម្មការរៀបចំការ ប្រឡងប្រជែង​ បានពិចារណាដល់ការៀបចំកាលបរិច្ឆេទប្រឡងពីរថ្ងៃបន្តបន្ទាប់គ្នា នៅមណ្ឌលប្រឡងតែមួយ។”

ឧបនាយករដ្ឋមន្ត្រី បានបន្តថា “នេះជាការគិតគូរបន្ថែម ដើម្បីផ្តល់ឱកាសឱ្យបេក្ខជ​នដែលបានដាក់ពាក្យប្រឡងនប្រជែង ដោយស្មើភាព ហើយច្រើនដង ហើយសម្រួលឱ្យបានចូលរួមប្រឡងប្រជែងបានច្រើនដង ដូចគ្នាដែរ។ ម្យ៉ាងជាការសម្រួលដល់សាធារណជ​ន បេក្ខជន ដែលធ្វើដំណើរមកពីទីឆ្ងាយ បានចូលរួមប្រឡងប្រជែងបានទាំងពីរក្នុងពេលតែមួយ។” 

គួរជម្រាបថា​ កិច្ចប្រជុំនាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ នៅសាលសហសិក្សានៃសាលាភូមិន្ទរដ្ឋបាល មានការចូលរួមពីតំណាងក្រសួងសុខាភិបាល តំណាងក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើ ពុករលួយ ព្រមទាំងតំណាងគណៈកម្មការ និងអនុគណៈកម្មការរៀបចំការប្រឡងប្រជែងពាក់ព័ន្ធ៕

ដោយ៖ សូរិយា


ចែករំលែក៖