ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងមហាផ្ទៃចុះបញ្ជីអង្គការ និងសមាគម ចំនួន១៦ទៀត ក្នុងខែវិច្ឆិកា

ចែករំលែក៖

ភ្នំពេញ ៖ មុនឈានចូលខែធ្នូដាច់ឆ្នាំ២០២៤ ពោលគឺនៅខែវិច្ឆិកាកន្លងទៅ មានអង្គការ និងសមាគមចំនួន១៦ទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីទទួលស្គាល់ជាផ្លូវការ។ នេះបើតាមការឱ្យដឹងពីលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ 

បើតាមអ្នកនាំពាក្យរង ក្នុងចំណោម សមាគម និងអង្គការដែលបានចុះបញ្ជីនោះ មានសមាគមចំនួន១៥ និងអង្គការមិនមែនរដ្ឋាភិបាលចំនួន១ ខណៈក្នុងខែវិច្ឆិកាដូចគ្នានោះ ក្រសួងក៏បានលុបឈ្មោះសមាគម និងអង្គការមិនមែនរដ្ឋាបាលចេញពីបញ្ជីចំនួន៧ផងដែរ។ 

ដូចនៅតំបន់អឺរ៉ុប និងអាអាម៉េរិកជាដើមដែរ អង្គការ និងសមាគម ត្រូវធ្វើសកម្មភាពស្របតាមច្បាប់ ដោយនៅកម្ពុជា មានច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ អង្គការ និងសមាគម ក៏ត្រូវគោរពតាមលក្ខន្តិកៈដែលខ្លួនបានតម្កល់នៅក្រសួងស្ថាប័នមានសមត្ថកិច្ចផងដែរ។ 

ក្នុងពិធីបិទវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលើកទី៦ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានជំរុញនិងលើកទឹកចិត្តសមាគម និងអង្គការមិនមែនរដ្ឋាភិបាល រួមប្រកៀកស្មាគ្នាបម្រើផលប្រយោជន៍សង្គមជាតិ និងមនុស្សជាតិ៕ 

ដោយ ៖ កញ្ញា សេង សុខហ៊ុន មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ


ចែករំលែក៖