ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករ ឆន ចន្នី ប៉ះជាមួយ យ៉ុន ដារ័ត្ន ខណៈដែលកីឡាករស្រៀង ទិតធិ ជួបផាត សូដាជុំទី២

ចែករំលែក៖

ភ្នំពេញ ៖ កីឡាករ ឆន ចន្នី អ្នកប្រដាល់ក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យត្រូវប៉ះជាមួយ យ៉ុន ដារ័ត្ន មកពីក្លិបតាឡីដំរីមានប្ញទ្ធិ ខណៈដែលកីឡាករ ស្រៀង ទិត ធិមកពី ក្លិបសម្បត្តិគុនខ្មែរត្រូវជួប ផាត សូដា មក ពីក្លិបអេភូថងកីឡានៅជុំទី២ដើម្បីឆ្ពោះទៅដណ្ដើមពានរង្វាន់ជើងឯក TV5 Knock Out Serie ទម្ងន់៥៤គីឡូក្រាមនៅលើសង្វៀន TIFFY Arena នាល្ងាចថ្ងៃអាទិត្យ ទី២៨ ខែសីហា ឆ្នាំ២០១៦នេះដើម្បី ប្រជែងយកកៅអីដំណាក់កាលជម្រុះជុំទី៣ និងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របន្ត ។

ការជួបប្រកួតគ្នារវាងកីឡាករ ឆន ចន្នី នឹង យ៉ុន ដារ័ត្ន ធ្វើឡើងក្រោយពីពួកគេបានឆ្លងផុតការប្រកួតវគ្គជម្រុះជុំទី១ដែលមានសមាសភាពកីឡាករសរុប៣២នាក់។ ប៉ុន្តែ យ៉ុន ដារ័ត្ន មិនប្រាកដថាអាចឈ្នះ ចន្នី បាន ដោយស្រួលនោះទេ ពីព្រោះ ឆន ចន្នី មានប្រៀបខាងកម្លាំងនិងកាយសម្បទារួមជាមួយកណ្ដាប់ដៃដ៏រហ័ស។ ការប្រកួតក្នុងដំណាក់ កាលទី១ ឆន ចន្នី វាយឈ្នះ ចាន់ សាន់ មកពីក្លិបនិរោធមានជ័យដោយពិន្ទុ ។ រីឯ យ៉ុន ដារ័ត្ន វាយឈ្នះកំពែង ខ្មៅ មកពីក្លិបក្រសួងកសិកម្មដោយពិន្ទុផងដែរ ។ សម្រាប់ កៅអីវគ្គទី៣រវាង ឆន ចន្នី នឹង យ៉ុន ដារ័ត្ន នៅ មិនទាន់ប្រាកដថាចន្នីឬក៏ ដារ័ត្ន ទទួលបានជោគជ័យនោះឡើយដូច្នេះត្រូវរង់ចាំមើល ថាតើយ៉ុន ដារ័ត្ន ឬក៏ ឆន ចន្នី បានឡើងទៅ វគ្គទី៣បន្ត?
ដោយឡែកជំនួបរវាង កីឡាករ ទិតធិ នឹង ផាត់ សូដា ត្រូវមានការប្រុងប្រយ័ត្ន រៀងៗខ្លួន។ ម្យ៉ាងការប្រកួតនេះកីឡាករ ទាំង២នាក់អ្នកណាឈ្នះត្រូវឡើងទៅបន្តការប្រកួតវគ្គ រីឯអ្នកចាញ់ត្រូវហាលខោ។ កាលពីប្រកួតក្នុងដំណាក់កាលទី១កីឡាករ ស្រៀង ទិតធិ វាយឈ្នះ នួន សុជាតិ មកពីក្លិបកុលបុត្រគុនខ្មែរដោយពិន្ទុ។ ចំពោះកីឡាករផាត សូដា វាយឈ្នះ ម៉ៅ រិទ្ធី មកពីក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបង ដោយពិន្ទុដែរ។ ការប្រកួតជម្រុះដណ្តើមពានរង្វាន់ជើងឯក TV5 Knock Out Serie ទម្ងន់៥៤គីឡូក្រាមដំណាក់កាលទី២មានកីឡាករសរុប១៦នាក់ចាប់ពីថ្ងៃទី២៨ ខែ សីហា ឆ្នាំ២០១៦ ចម្រាញ់យកតែអ្នក ប្រដាល់៨នាក់ប៉ុណ្ណោះ។

គួររំលឹកថា វគ្គទី២នេះមានអ្នកប្រដាល់ ១៦នាក់ដែលត្រូវប្រកួតជម្រុះ គឺកីឡាករ ឆន ចន្នី ក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ, យ៉ុន ដារ័ត្ន ក្លិបតាឡីដំរីមានប្ញទិ្ធ, ស្រៀង ទិតធិ ក្លិបសម្បត្តិគុនខ្មែរ, ផាត សូដា ក្លិបអេភូ ថងកីឡា, ហេង ពន្លឺ ក្លិបពន្លឺសាមគ្គីខេត្ត បាត់ដំបង, ឈុន បញ្ញា ក្លិប រ៉ាហាប់ស្វាយ ប៉ាក, រិទ្ធ ប្រាក់ប៊ិន ក្លិប កងពលតូចលេខ៧០, ម៉ន វ៉ាន្នី ក្លិបការិយា ល័យទី៥កងទ័ពជើងគោក, រស់ វិបុល ក្លិប ពន្លឺវិបុលកីឡា, នឹម ណន ក្លិបកងពលតូច ទ័ពឆត្រយោង៩១១, ប្រាក់ ស៊ីណាត ក្លិប តាឯកដំបងដែកមានប្ញទ្ធិខេត្តព្រៃវែង, ឆៃ សុវណ្ណារ៉ា ក្លិបរាជសីហ៍ខេត្តរតនគិរី, លីន វិបុល ក្លិបបូរីរាជសីហ៍មានរិទ្ធ, ពេជ្រ សាម៉ុន ក្លិបរាជសីហ៍ខេត្តបន្ទាយមានជ័យ និងពីរ នាក់ចុងក្រោយនេះ គឺប៊ុន សុធា ក្លិបកង ពលធំអន្តរាគមន៍លេខ២ និង គឿម សុវណ្ណ ឌឿត ក្លិបមោងប្ញស្សីមរតកគុនខ្មែរ ។

ព្រឹត្តិការណ៍ប្រដាល់ដណ្ដើមពានរង្វាន់ជើងឯក TV5 Knock Out Serie ទម្ងន់៥៤ គីឡូក្រាមដំណាក់កាលទី២ជាការជម្រុះ ក្នុងចំណោម១៦នាក់ ទុក៨នាក់ហើយ ដំណាក់កាលទី៣គឺជម្រុះក្នុង៨នាក់ទុក ៤នាក់និងដំណាក់កាលទី៤និងទី៥ជាការ ប្រកួតពាក់កណ្ដាលផ្ដាច់ព្រ័ត្រនិងផ្ដាច់ព្រ័ត្រ៕ សារីម

 

photo_2016-08-25_14-26-04 photo_2016-08-25_14-26-23
សូមអានបន្ត ៖ ផឹកស៊ីក្បែរគា្នខឹងចតរ៉ឺម៉កម៉ូតូមុខបន្ទប់ វ៉ៃប្រាវ អ្នកចាញ់ដេកពេទ្យ អ្នកឈ្នះជាប់ខ្នោះ


ចែករំលែក៖