ខេត្តកណ្ដាល៖ ស្ត្រីម្នាក់ជាអ្នកថ្មើជើងម្នាក់ ត្រូវបានក្មេងសិស្សសាលាស្រី២នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាមកពីសាលាវិញ បានបុកពេញទំហឹង បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម រីឯក្មេងស្រីជាអ្នកបើកបរនិងរួមដំណើររងរបួសធ្ងន់ ។ករណីនេះ បានកើតឡើង នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១១និង១២នាទីព្រឹក នៅលើកំណាត់ផ្លូវលេខ១២១០ ស្ថិតក្នុងភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។
មន្ត្រីនគរបាលចរាចរណ៍ស្រុកស្អាងបានឲ្យដឹងថា ស្រ្តីរងគ្រោះស្លាប់ឈ្មោះ ហេង ណាំ ភេទស្រី អាយុ៦៦ឆ្នាំ មានទីលំនៅភូមិដំរីឆ្លង ឃុំសា្អងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល (ជាអ្នកថ្មើរជើង) ។ ចំណែកភាគីខាងម៉ូតូវិញ ទី១-ឈ្មោះ ភាព សោភា ភេទស្រី អាយុ១២ ឆ្នាំ មុខរបរសិស្ស (របួសធ្ងន់) ជាអ្នកបើកបរម៉ូតូម៉ាកហុងដាscoopY ពណ៌ស ពាក់ផ្លាកលេខ កណ្ដាល1AL .5554 និងរួមដំណើរដោយឈ្មោះ ឡៅ ម៉ីសាំង ភេទស្រី អាយុ១៤ឆ្នាំ មុខរបរ សិស្ស មិនពាក់មួកសុវត្ថិភាពទាំងពីរនាក់ (របួសធ្ងន់) ។ អ្នកទាំងពីរមានទីលំនៅភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។
ប្រភពដដែលបន្តថា មុនពេលកើតហេតុ មានម៉ូតូមួយគ្រឿង ម៉ាកហុងដាscoopY ពណ៌ស ពាក់ផ្លាកលេខ កណ្ដាល1AL .5554 បើកបរដោយឈ្មោះ ភាព សោភា និងរួមដំណើរដោយឈ្មោះ ឡៅ ម៉ីសាំង បើកបរក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ពេលបើកមកដល់ចំណុចកើតហេតុក៏បានបុកអ្នកថ្មើរជើងម្នាក់ឈ្មោះ ហេង ណាំ មានទីលំនៅភូមិដំរីឆ្លង ឃុំសា្អងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ដែលកំពុងដើរឆ្លងផ្លូវពីត្បូងទៅជើងពេញមួយទំហឹង បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ។ ចំណែកអ្នកបើកបរម៉ូតូនិងអ្នករួមដំណើររងរបួសធ្ងន់ ។
ក្រោយពេលកើតហេតុកម្លាំងជំនាញផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍បានចុះទៅពិនិត្យ និងវាស់វែងកន្លែងកើតហេតុ និងយកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់។ចំណែកអ្នករងរបួសទាំង០២ត្រូវបានក្រុមគ្រួសារយកទៅព្យាបាលនៅមន្ទីរពេទ្យក្រុងភ្នំពេញ រីឯអ្នកស្លាប់ត្រូវបានកម្លាំងជំនាញធ្វើការប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ការសន្និដ្ឋានបឋម ករណីនេះបណ្ដាលមកពីអ្នកបើកបរម៉ូតូ បើកបរក្នុងល្បឿនលឿនមានការធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយត្ន័ ។ចំណែកអ្នកថ្មើរជើងដើរឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ទើបបណ្ដាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង៕
ដោយ៖ ស្អាងជ័យ