ព័ត៌មានទាន់ហេតុការណ៍៖

ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១៥%

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួងធនធានទឹក​ និង​ឧតុនិយម​ នៅព្រឹក​ថ្ងៃ​អាទិត្យ​ទី​១៥​ ខែធ្នូ​ ឆ្នាំ​២០២៤នេះ​ បានចេញសេចក្ដីជូនដំណឹង​ស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែធ្នូនេះ​ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីរហូតដល់១៥%។ 

ក្រសួងធនធានទឹក​ បានបញ្ជាក់ថា​ ខណៈសម្ពាធទាបកើតមាននៅលើសមុទ្រចិនខាងត្បូង បានធ្វើឱ្យខ្យល់មូសុងឦសាន ដែល គ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ ព្រះរាជាណាចក្រកម្ពុជា និងឈូងសមុទ្រថៃ មានឥទ្ធិពលខ្លាំង ។

ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤

១-តំបន់វាលទំនាប៖

សីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣០°C។ ខ្យល់បក់ មកពីទិសឦសាន និងអាគ្នេយ៍មានល្បឿនមធ្យម៦,៥ ម៉ែត្រ វិនាទី។ ខេត្តពោធិ៍សាត់ កំពង់ ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងភ្នំពេញ អាចមានភ្លៀងធ្លាក់ គ្របដណ្តប់លើផ្ទៃដី១០%។

២-តំបន់ខ្ពង់រាប៖

សីតុណ្ហភាពមធ្យមអប្បបរមា១៩°C និងសីតុណ្ហភាពមធ្យមអតិបរមា៣០°C។ ខ្យល់បក់ មកពីទិសឦសាន និងបូព៌មានល្បឿនមធ្យម៧ម៉ែត្រ វិនាទី។ ខេត្តកំពង់ស្ពឺ មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី៥%។

៣-តំបន់មាត់សមុទ្រ៖

-សីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C។ ខ្យល់បក់ មកពីទិសឦសាន និងអាគ្នេយ៍ មានល្បឿនមធ្យម៧,៥ម៉ែត្រ វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១៥%។

-រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ៕

ដោយ​៖ស​ តារា


ចែករំលែក៖