ព័ត៌មានទាន់ហេតុការណ៍៖

ពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ នូវផ្លូវកៅស៊ូ DBST ប្រវែង ៣,៥០០ម៉ែត្រ ទទឹង ៧ម៉ែត្រ លេីកំណាត់ផ្លូវជាតិលេខ៩២ ឆ្ពោះទៅតំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់ព្រះនិម្មិត ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃសៅរ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៤ម្សិលមិញនេះ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង និងឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវកៅស៊ូចំនួន១ខ្សែប្រភេទ (DBST) ប្រវែង ៣ ៥០០ម៉ែត្រ ទទឹង ៧ម៉ែត្រ លើកំណាត់ផ្លូវជាតិ លេខ ៩២ ស្ថិតក្នុងឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ពិធីនេះ ក៍មានការចូលរួមពីសំណាក់ ឯកឧត្តមលោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត កងកម្លាំងទាំង៣ ប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្ត ថ្នាក់ដឹកនាំមន្រ្តីរាជការ សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងស្រុកថាឡាបរិវ៉ាត់ប្រមាណ២៥០នាក់ ផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តបានលើកឡើងថា ដោយសារប្រទេសជាតិ មានសុខសន្តិភាពក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នឹងបន្តដោយសម្តេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអគ្គមគ្គុទ្ទេសក៍វ័យក្មេងដ៏ឆ្នើមក្នុងការកសាង ប្រទេសកម្ពុជា ឆ្ពោះទៅរកការរីកចម្រើនលើគ្រប់វិស័យ «មានផ្លូវ មានស្ពាន មានក្តីសង្ឃឹម និងមានការអភិវឌ្ឍលើគ្រប់វិស័យ, មានសន្តិភាព ទើបមានអ្វីៗដូចថ្ងៃនេះ» ធ្វើឲ្យមានការអភិវឌ្ឍលើគ្រប់វិស័យនេះ ជាចំណងដៃបន្តបន្ទាប់ ជូនដល់ប្រជាពលរដ្ឋ។

ឯកឧត្តម សរ សុពុត្រា បានចាត់ទុកហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ជាសរសៃឈាមក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ តាមរយៈការដឹកជញ្ជូនកសិផលផ្សេងៗ ដែលប្រមូលផលបាន ទៅកាន់ទីផ្សារ ក៏ដូចជាការងាយស្រួលក្នុងការដឹកសម្ភារៈ ឧបភោគ បរិភោគ និងសម្ភារៈផ្សេងៗពីទីផ្សារ ដែលផ្គត់ផ្គង់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

ឯកឧត្តម អភិបាលខេត្ត បានអំពាវនាវ ដល់អ្នកធ្វើដំណើរទាំងអស់ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ ជាពិសេសមន្ត្រីរាជការ និងកងកម្លំាងប្រដាប់អាវុធ ត្រូវធ្វើជាគំរូឈានមុនគេ ក្នុងការគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបានជំរុញឲ្យផ្លាស់ប្តូរឥរិយាបថ ដែលធ្លាប់តែមិនគោរពច្បាប់ ងាកមកខិតខំរួមគ្នាគោរពច្បាប់ឲ្យបានស្មើភាព និងម៉ឺងម៉ាត់ ដើម្បីថែរក្សាអាយុជីវិតមនុស្ស ជាពិសេសអ្នកបើកបរម៉ូតូ ត្រូវពាក់មួកសុវត្ថិភាពឲ្យបានគ្រប់គ្នា ចំពោះអ្នកដែលជាទីស្រឡាញ់ និងជាបង្គោលក្នុងគ្រួសារ និងថែរក្សាសង្គម ឲ្យមានសុវត្ថិភាព ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ និងអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនប្រកបដោយចីរភាព។

គួរបញ្ជាក់ថា ការសាងសង់ផ្លូវកៅស៊ូចំនួន១ខ្សែប្រភេទ (DBST) ដែលមានប្រវែង៣,៥០០ម៉ែត្រ ទទឹង៧ម៉ែត្រលើកំណាត់ផ្លូវជាតិ លេខ ៩២ ស្ថិតក្នុងឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ។ជាមួយគ្នានេះ ប្រជាពលរដ្ឋបានបង្ហាញនូវក្ដីសប្បាយរីករាយជាខ្លាំង ដោយទទួលបានផ្លូវកៅស៊ូថ្មី ងាយស្រួលធ្វើដំណើរផងដែរ។ សម្រាប់ផ្លូវថ្មីនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ ទាំងសម្រាប់ការធ្វើដំណើរ និងសម្រាប់ការដឹកជញ្ជូននូវកសិផលផ្សេងៗ ដើម្បីយកទៅលក់នៅតាមទីផ្សារ៕

ដោយ ៖ ស សម


ចែករំលែក៖