ភ្នំពេញ៖ នារសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានអញ្ជើញជាអធិបតីចូលរួមក្នុងពិធី ប្រកាសទទួលស្គាល់សមាសភាពថ្នាក់ដឹកនាំនិងសមាជិក សមាជិកា នៃសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជាសាខាមន្ទីរពេទ្យនិងសកលវិទ្យាល័យ និងអបអរសាទរខួប១០ ឆ្នាំនៃកំណើតសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក. នៅសកលវិទ្យាល័យប៊ែលធីអន្តរជាតិ (សាខាចោមចៅ)។ អញ្ជើញមានវត្តមានក្នុងកម្មពិធីរួមមាន ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ សមាជិក សមាជិកា ស.ស.យ.ក. លោកគ្រូ ពេទ្យ អ្នកគ្រូពេទ្យ និង សមាជិក សមាជិកា នៃសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក. ជាច្រើននាក់។
ជាកិច្ចចាប់ផ្តើមលោក ហេង សុខគង់ សមាជិកគណៈអចិន្ត្រៃយ៍ ស.ស.យ.ក. និងជាប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក បានធ្វើការស្វាគមន៍ និងរាយការណ៍សង្ខេបពីការងារសម្រេចបាន របស់សម្ព័ន្ធគ្រូពេទ្យស.ស.យ.ក. ក្នុងរយៈពេល១០ឆ្នាំមក នេះ ដែលក្នុងនោះរួមមាន ពិនិត្យ ព្យាបាល និងវះកាត់ បានចំនួន ៣៦៨ លើក នៅទូទាំង ២៥រាជធានីខេត្តនិង១៧មណ្ឌលកុមារកំព្រា ផ្តល់វ៉ាក់សាំងជំងឺនានា ជាពិសេសជំងឺកូវីដ-១៩ ផ្តល់ការពិគ្រោះយោបល់ និងលើកទឹកចិត្តតាមប្រព័ន្ធអនឡាញ (Online) រៀបចំវគ្គបណ្តុះបណ្តាល សិក្ខាសាលា និងសន្និសីទថ្នាក់អន្តរជាតិជាដើម។
បន្ទាប់ពីការធ្វើរបាយការណ៍ និងការអានសេចក្តីសម្រេចស្តីពីការទទួលស្គាល់ សមាសភាព សមាជិក សមាជិកាថ្មី នៃសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក. ចំនួន ២ ៧០១រូបរួច មក លោក ហ៊ុន ម៉ានី ក៏បានប្រគល់សេចក្តីសម្រេចជូនដល់តំណាងសមាជិក សមាជិកាថ្មី នៃសម្ព័ន្ធគ្រូពេទ្យស.ស.យ.កផងដែរ។ បន្ទាប់ពីនេះ លោកប្រធានសាខាសាកលវិទ្យាល័យអន្តរជាតិ ក្នុងនាមតំណាង សមាជិក សមាជិកាថ្មីទាំងអស់ ក៏បានមានមតិប្តេជ្ញាចិត្តយ៉ាងមុត មាំលើកិច្ចការងារមួយចំនួនផងដែររួមមាន គោរពអនុវត្តការងារស្របតាមថ្នាក់ដឹកនាំ បង្កើនសាមគ្គីផ្ទៃក្នុង បំពេញតាមតួនាទីវិជ្ជាជីវៈដើម្បីលើកកម្ពស់សុខុមាល ភាពប្រជាពលរដ្ឋកម្ពុជា និងចូលរួមវគ្គបណ្តុះបណ្តាលនានាបន្ថែមទៀត៕
ដោយ៖ សូរិយា