ខេត្តកណ្តាល៖ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសបណ្តាលឱ្យជនរងគ្រោះស្លាប់ដែលបានកើត ហេតុនៅថ្ងៃ អាទិត្យ ១៥កើត ខែ មិគសិរ ឆ្នាំរេាង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង២២និង៥០នាទី នៅភូមិស្វាយដំណាក់ ឃុំ ស្វាយ រមៀត ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនរង គ្រោះ ៣នាក់,១-ឈ្មោះ ពន បញ្ញា ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ បើកបរឡានដឹកទឹកកក មានទីលំនៅភូមិពោធិ៍ ឃុំ ស្វាយពោធិ៍ ស្រុក ស្រីសន្ធរ ខេត្ត កំពង់ចាម (ស្លាប់),២-ឈ្មោះ សល់ វិសាល ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិ ពោធិ៍ ឃុំ ស្វាយពោធិ៍ ស្រុក ស្រីសន្ធរ ខេត្តកំពង់ចាម (រងរបួស)និង ៣.ឈ្មោះ ផល្លា ចាន់ណា ភេទ ប្រុស អាយុ១៩ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិ ពោធិ៍ ឃុំ ស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម (រងរបួស)។
ក្រុមជនសង្ស័យមិនស្គាល់អត្តសញ្ញាណ។
នគរបាលប្រមូលបានវត្ថុតាងចាប់យក ៖ ដែកទីប ចំនួន ០១ កំណាត់ ប្រវែងប្រហែល១.២៥ម៉ែត្រ៕
មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា នៅថ្ងៃទី ១៥ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ២២យប់ជនរងគ្រោះ រួមជាមួយនឹងមិត្តភក្តិ ឈ្មោះ ផល្លា ចាន់ណា និងឈ្មោះ សល់ វិសាល នាំគ្នាផឹកស្រាបៀរនៅផ្ទះ សល់ វិសាល រហូតដល់វេលាម៉ោង ២២និង ៤០នាទី ថ្ងៃដដែល ជនរងគ្រោះបានជិះម៉ូតូ ១ គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ ក្រហម ស៊េរី ២០២៥ ពាក់ផ្លាកលេខ កំពង់ចាម ១AF ៨៥៩៧ ចេញពីផ្ទះសំដៅមកដើរលេងនៅឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ដោយជនរងគ្រោះឈ្មោះ ពន បញ្ញា ជាអ្នកឌុប,ឈ្មោះ សល់ វិសាល ជិះកណ្ដាលនិងឈ្មោះ ផល្លា ចាន់ណា ជិះពីក្រោយ ។
លុះដល់វេលាម៉ោង ២២និង៥០នាទី ថ្ងៃដដែល បានមក ដល់ចំណុចមុខរោងកន្លែងជួសជុលម៉ូតូរបស់ឈ្មោះ ទីប ទី ភេទ ប្រុស អាយុប្រហែល២២ឆ្នាំ ស្ថិតនៅភូមិស្វាយដំណាក់ ឃុំស្វាយរមៀត ស្រាប់តែមានក្រុមជនសង្ស័យចំនួន០៦ទៅ ០៧នាក់ មិនស្គាល់អត្តសញ្ញាណ បានរត់ ចេញពីចំហៀងខាងកើតរោងកន្លែងជួសជុលម៉ូតូរបស់ឈ្មោះ ទីប ទី សំដៅមកជនរងគ្រោះ ដោយមានជន សង្ស័យម្នាក់ពាក់អាវយឺតដៃខ្លី ពណ៌ស មានកាន់ដែកបំពង់ទីប១កំណាត់ប្រវែងប្រហែល ១.២៥ម៉ែត្រ រត់មកដល់ចម្ងាយប្រហែល ៦ទៅ៧ម៉ែត្រពីម៉ូតូជនរងគ្រោះ ហើយជនសង្ស័យបានយាដែកទីបគប់សំដៅទៅជនរងគ្រោះ ត្រូវចំថ្ងាស បណ្ដាលឲ្យជនរងគ្រោះដួលម៉ូតូអូសចម្ងាយពីកន្លែងកើតហេតុប្រហែល ១០ម៉ែត្រ បណ្ដាលឲ្យឈ្មោះ ពន បញ្ញា បានស្លាប់បាត់បង់ជីវិត និងជនរងគ្រោះឈ្មោះសល់ វិសាល រងរបួសជង្គង់ទាំងសងខាង ហើយជនសង្ស័យបាននាំគ្នារត់គេចខ្លួនបាត់អស់។
បន្ទាប់មកមានប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរមៀត។ ភ្លាមនោះកម្លាំងសមត្ថកិច្ច បានចុះអន្តរាគមន៍ដល់ទីកន្លែងកើតហេតុ និងបានហៅរថយន្តសង្គ្រោះបន្ទាន់ដឹកជនរងគ្រោះឈ្មោះ សល់ វិសាល បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ចំណែកឯជនរងគ្រោះឈ្មោះ ពន បញ្ញា បានស្លាប់បាត់បង់ជីវិតនៅទីកន្លែងកើតហេតុ។
បច្ចុប្បន្នកម្លាំងជំនាញស្រុកខ្សាច់កណ្តាល និងកម្លាំងនគរបាលការិយាល័យខេត្តធ្វើកោសល្យវិច័យសពជនរងគ្រោះរួចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនិងកសាងសំណុំឯកសារដើម្បីចាត់ចែងបន្តតាមនីតិវិធី៕
ដោយ៖ សូរិយា