ព័ត៌មានទាន់ហេតុការណ៍៖

រលាកស្បែករងរបួស០២នាក់ ក្នុងករណីផ្ទុះកំប៉ុងហ្គាសនៅយាន្តដ្ឋានមួយក្នុងខណ្ឌទួលគោក

ចែករំលែក៖

ភ្នំពេញ ៖ មានករណីផ្ទុះកំប៉ុងហ្គាសក្នុងយាន្តដ្ឋានគ្មានស្លាកយីហោ១កន្លែង បណ្ដាលឲ្យបុរស០២នាក់រលាកស្បែករងរបួស ដោយបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍ កាលវេលាម៉ោង១០និង០៥នាទីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចផ្លូវ៤៣០កែងផ្លូវមុនីរ៉េត ស្ថិតក្នុងភូមិ១៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ 

    តាមសម្ដីបុរសម្នាក់ឈ្មោះ ណូរ៉ា អាយុ៣៥ឆ្នាំ មុខរបរបើកយាន្តដ្ឋានបាញ់ថ្នាំនៅកន្លែងកើតហេតុខាងលើបានប្រាប់ឲ្យដឹងថា មុនកើតហេតុ មានជាងកំពុងធ្វើការបាញ់ថ្នាំឡានដូចសព្វដង តែថ្ងៃនេះជាងបានបាញ់ថ្នាំក្បែរចង្រ្កានបាយដែលចុងភៅកំពុងធ្វើម្ហូប ស្រាប់តែផ្ទុះកំប៉ុងហ្គាសតូចសាយភាយមកបណ្ដាលឲ្យរលាកបុរស២នាក់ ។ ភ្លាមនោះ ជាងឡានដូចគ្នាក៏បានយកម៉ូតូដឹកជនរងគ្រោះទៅមន្ទីរពេទ្យដេីម្បីសង្គ្រោះ   ព្រមទាំងសុំឲ្យសមត្ថកិច្ចមូលដ្ឋានជួយអន្តរាគមន៍ ហៅរថយន្តពន្លត់អគ្គិភ័យមកបាញ់ការពារកុំឲ្យឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋជិតខាង ។

    បន្ទាប់ពីទទួលបានព័ត៌មានខាងលេីរួច សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ រួមនិងរថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យបង្ការពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដែលប្រចាំការនៅអធិការដ្ឋានខណ្ឌចំនួន១គ្រឿង និងមានការយកអាសារពីប្រជាពលរដ្ឋក្បែរកន្លែងកេីតហេតុយកបំពង់ពន្លត់អគ្គិភ័យតាមផ្ទះរៀងខ្លួនមកជួយធ្វេីការបាញ់ពន្លត់អស់ចំនួន២០បំពង់តូចធំ ក៏រលត់ទៅវិញជាស្ថាពរ ដោយរថយន្តពន្លត់អគ្គិភ័យបានចុះមកដល់ដែរ តែមិនបានបាញ់នោះទេ ។ 

    ក្នុងករណីខាងលើនេះ មិនបានរាលដាលដល់ផ្ទះអ្នកជិតខាងនោះឡេីយ គ្រាន់តែធ្វេីឲ្យខូចខាតសម្ភារ:ក្នុងយាន្តដ្ឋានខាងលេីតិចតួចប៉ុណ្ណោះ តែបានបង្កឲ្យមនុស្ស០២នាក់រងរបួសរលាកខ្លួនប្រាណ ដែលជាជាងឡាននៅក្នុងយាន្តដ្ឋានខាងលេី ហេីយថៅកែយាន្តដ្ឋានក៏បានដឹកជនរងគ្រោះយកទៅមន្ទីរពេទ្យ ដេីម្បីព្យាបាលរបួសផងដែរ ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖