ខេត្តបន្ទាយមានជ័យ ៖ លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ស្ដីពីការពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ឆ្នាំ២០២៥-២០២៧ របស់រដ្ឋបាលខេត្ត ដោយមានការចូលរួមពី អភិបាលរងខេត្ត មន្ត្រីរាជការ និងអ្នកពាក់ព័ន្ធ ពិធីនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំធំ នៃសាលាខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤។
មានប្រសាសន៍ នាឱកាសនោះ លោក អ៊ុំ រាត្រី លើកឡើងថា អនុលោមតាមច្បាប់ស្ដីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ប្រកាសឱ្យប្រើច្បាប់ស្ដីពី វិសោធនកម្មច្បាប់ ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌ, និង ច្បាប់ពាក់ព័ន្ធនានា ស្ដីពីការដាក់ឲ្យប្រើប្រាស់សេចក្តី ណែនាំបំពេញបន្ថែមលើសេចក្តីណែនាំបច្ចកទេស ស្តីពី ការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលរាជធានី ខេត្ដក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់។ ដោយក្រុមប្រឹក្សាខេត្ត ត្រូវរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល និងត្រូវធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំសម្រាប់អនុវត្តនៅក្នុងអាណត្តិរបស់ខ្លួន។
លោក បន្តថា កាលពីកន្លងថ្មីៗ រដ្ឋបាលខេត្ត បានរៀបចំវេទិកាពិគ្រោះយោបល់ ក្នុងការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្តដើម្បីបង្ហាញអំពីតម្រូវនៃការអភិវឌ្ឍមូលដ្ឋាន ក្នុងក្របខ័ណ្ឌទូទាំងខេត្ត និងសម្របសម្រួលបន្ស៊ីនូវតម្រូវការអភិវឌ្ឍន៍ទាំងនោះជាមួយគម្រោង និងធនធានរបស់ដៃគូរអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងអ្នកពាក់ព័ន្ធនានា ក្នុងន័យស្វែងរកនូវការឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងខេត្តប្រកបដោយប្រសិទ្ធភាព។
លោក បន្ត ទៀតថា ដើម្បីឱ្យកម្មវិធីនិយោគបីឆ្នាំរំកិលខេត្តឆ្នាំ២០២៥-២០២៧ មានខ្លឹមសារគ្រប់ជ្រុងជ្រោយនោះ លោកស្នើរដល់អ្នកពាក់ព័ន្ធ យកចិត្តទុកដាក់ដើម្បីពិនិត្យ រិះរកនូវចំណុចខ្វះចន្លោះ ឬផ្តល់ព័ត៌មានទិន្នន័យ បំពេញបន្ថែម ឬ កែលម្អនូវចំណុចខ្វះខាត ធ្វើយ៉ាងណាឱ្យសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិលមានភាពកាន់តែល្អប្រសើរអាចទទួលយកបានមុននឹងដាក់ជូនក្រុមប្រឹក្សាខេត្តពិនិត្យ និងអនុម័ត នៅជំហានបន្ទាប់ខាងមុខនេះ៕
ដោយ ៖ សិលា